កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ហួសចិត្តដែលឃើញកីឡាករប្រដាល់វាយខុសក្បួន តែអាជ្ញាកណ្តាលមិនព្រមប្រកាសលទ្ធផល
11, Jul 2021 , 8:46 pm        
រូបភាព
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះរូបថតពេលវាយកូនគោល ដើម្បីបង្ហាញថា សម្តេចក៏ជាអ្នកកីឡាម្នាក់ដែរ។ ស្របពេលគ្នា សម្តេច​បាន​រិះគន់ក្នុងនាមពលរដ្ឋខ្មែរ ចំពោះ​ការសម្រេច​របស់អាជ្ញាកណ្តាលកីឡាប្រដាល់ ដែល​មិនប្រកាសលទ្ធផល ហើយថែមទាំងលើកពេលប្រកួត បន្ទាប់ពីមាន​កីឡាករម្នាក់វាយខុសក្បួន។

«ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ?​»។ សម្តេច ហ៊ុន សែន បានចោទសួរយ៉ាងដូច្នេះ។

សម្តេចបានបន្ថែមថា មិនដែលធ្លាប់មានក្បួន ដែល​កីឡាករវាយខុសក្បួន​ខ្នាតហើយ សម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿង ឬកាតក្រហមដោយដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ។

ក្នុងនាមជាអ្នកស្រឡាញ់កីឡាម្នាក់ សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំមិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។អ្វីដែលខ្ញុំសុំគឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន»។

សម្តេច ហ៊ុន សែន មិន​បាន​បញ្ជាក់ចំៗនោះឡើយ ប៉ុន្តែគេអាចយល់បានថា សម្តេចនិយាយសំដៅលើ​ការប្រកួត​រវាង ឃីម បូរ៉ា និង ម៉ឺន មេឃា នាជំនួបដណ្តើមខ្សែក្រវាត់មួយនៅលើសង្វៀន CNC។ កាលណោះ មេឃា បានលើក បូរ៉ា បោកដូចកីឡាកាស រហូតដល់​រងរបួស។ អាជ្ញាកណ្តាលបាន​សម្រេច​លើកការប្រកួត ដោយមិនបញ្ជាក់ពីលក្ខន្តិកៈ។

ប៉ុន្តែក្រោយ​រលកនៃការរិះគន់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ CNC និងម្ចាស់ឧបត្ថម្ភ បានសម្រេចផ្តល់ជ័យជម្នះឲ្យ ឃីម បូរ៉ា ដោយមិនមាន​ការប្រកួតលើកទីពីរនោះឡើយ៕
 

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com