ជាតិ
រថយន្ត
Mercedes ប្រភេទW108 នៅក្នុងចំណោមឡានបុរាណ៩គ្រឿង ដែលគេដាក់លក់នៅសង្កាត់ភ្នំពេញថ្មី
12, Jul 2021 , 7:39 pm        
រូបភាព
ភ្នំពេញ៖ មន្ត្រីក្រសួងការពារជាតិមួយរូប បានដាក់លក់រថយន្ដបុរាណម៉ាកខុសៗគ្នា ចំនួន៩គ្រឿង ក្នុងនោះ ក៏រថយន្ត Mercedes-Benz ប្រភេទW108 ផលិតនៅចន្លោះឆ្នាំ១៩៦៨-១៩៧ មួយគ្រឿងដែរ។ ជាមួយគ្នានេះ ក៏មានរថយន្តអាមេរិកាំង ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣ ៤គ្រឿងផងដែរ ហើយដែលកម្រមានណាស់នៅកម្ពុជា ព្រោះពីមុនវាមានលក់តែនៅទ្វីបអាមេរិកប៉ុណ្ណោះ។ មន្ត្រីក្រសួងការពារជាតិដែលជាម្ចាសរថយន្តបុរាណទាំង៩គ្រឿងនេះ បានប្រាប់នាយ យ៉ាន នៃសារព័ត៌មានថ្មីៗថា បន្ទាប់ពីគាត់ឱ្យគេជួសជុលខ្លះលើរថយន្តទាំងនោះ ដូចជាដេរពូក និងបាញ់ថ្នាំ គាត់នឹងដាក់លក់វា តាមរយៈបុរសម្នាក់ទៀត ដែលចតឡានចាស់ៗទាំងអស់នោះនៅក្នុងបុរីមួយ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
 
ដើម្បីច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
ខាងក្រោមនេះ ជាប្រភេទរថយន្តបុរាណទាំង ៩គ្រឿង តាមលំដាប់លំដោយឆ្នាំផលិត៖ 
 
១. រថយន្ដម៉ាក DODGE ប្រភេទ Coronet ម៉ូឌែល Sedan ផលិតឆ្នាំ១៩៤៩។ DODGE Coronet ជំនាន់ទី១ ត្រូវបានផលិតពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥២។ ប្រភេទ Coronet គ្រប់ជំនាន់ (៧) ត្រូវបានផលិត ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៧៦។



២. រថយន្ដម៉ាក DODGE ប្រភេទ Meadowbrook ម៉ូឌែល Sedan ផលិតឆ្នាំ១៩៥០។ DODGE Meadowbrook ត្រូវបានផលិតនិងលក់លើទីផ្សារតែចំនួន ១៥៤, ៤៤៤ គ្រឿងប៉ុណ្ណោះ នៅចន្លោះឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៤។
 


៣. រថយន្ដម៉ាក DODGE ប្រភេទ Wayfarer ម៉ូឌែល Sedan ផលិតឆ្នាំ១៩៥១ ឬ១៩៥២។ គេកែច្នៃវាបានខ្លះ ដូចជាផ្នែកខាងក្នុង ពណ៌ទ្រង់ទ្រាយ ហ្វារបន្ថែម និងដែកកាងមុខក្រោយ។ នៅរវាងឆ្នាំ១៩៥១ និង១៩៥២ មានរថយន្ត DODGE Wayfarer ចំនួន ៧៨ ៤០៤ គ្រឿង ត្រូវបានផលិតឡើង។ ប្រភេទ Wayfarer ត្រូវបានផលិតពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥២។ សូមជម្រាបថា DODGE គឺជាម៉ាករថយន្ដ បង្កើតនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩១៤ ដោយបងប្អូនប្រុស DODGE John និង Horace។ គឺជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធ CHRYSLER តាំងពីឆ្នាំ១៩២៨។ 
 


៤. រថយន្ដម៉ាក DE SOTO ប្រភេទ Powermaster ម៉ូឌែល Six ផលិតឆ្នាំ១៩៥៣។ DE SOTO Powermaster ត្រូវបានផលិតពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៤។ DE SOTO គឺជាម៉ាករថយន្ដបង្កើតនៅសហរដ្ឋអាមេរិក ឆ្នាំ១៩២៨ ដោយលោក CHRYSLER Walter។ ម៉ាករថយន្តនេះ គឺជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធ CHRYSLER រហូតដល់រលាយឆ្នាំ១៩៦០។
 


៥. រថយន្ដប្រភេទ M151 ម៉ូឌែល A2 ពីទសវត្សរ៍១៩៦០ ផលិតដោយក្រុមហ៊ុន FORD KAISER ឬ AM GENERAL។ FORD បានបង្កើតប្រភេទ M151 សម្រាប់យោធានៅឆ្នាំ១៩៥៩។ ក្រុមហ៊ុនផ្សេងៗ បានផលិតឡានប្រភេទនេះ រហូតដល់ឆ្នាំ១៩៨៨ ចំនួន ១០០ ០០០ គ្រឿង។
 


៦. រថយន្ដម៉ាក PEUGEOT ប្រភេទ 404 ម៉ូឌែលគូទវែង ផលិតឆ្នាំ១៩៦៣។ មុនសង្គ្រាម PEUGEOT 404 វាពេញនិយមនៅប្រទេសខ្មែរ ហើយនៅសល់ខ្លះ រហូតដល់សព្វថ្ងៃនេះ។ ពេលដំបូងឆ្នាំ១៩៦០ ត្រូវបានដំឡើងប្រភេទ 404 នៅរោងចក្រ PEUGEOT ទីក្រុង Sochaux នៅប្រទេសបារាំង ប៉ុន្តែបន្ទាប់មក បង្កើតរោងចក្រផ្សេងៗត្រូវបានបង្កើតឡើងនៅគ្រប់ទ្វីប ជាពិសេសនៅប្រទេសម៉ាឡេស៊ី សម្រាប់ទីផ្សារទ្វីអាស៊ីរហូតដល់ឆ្នាំ១៩៨៩។ រយៈពេល២៩ឆ្នាំ មានរថយន្ត PEUGEOT 404 ចំនួន២ ៨៨៥ ៣៧៤ គ្រឿង ត្រូវបានផលិតឡើង។ ក្រុមហ៊ុន PEUGEOT បង្កើតនៅប្រទេសបារាំង នៅឆ្នាំ១៨១០ ហើយវាចាប់ផ្ដើមផលិតរថយន្ដនៅឆ្នាំ១៨៨៦។ PEUGEOT គឺជាក្រុមហ៊ុនដែលផលិតរថយន្ដចាស់ជាងគេក្នុងលោក។
 


៧. រថយន្ដម៉ាក MERCEDES-BENZ ប្រភេទ W108 ជំនាន់ទី២ ម៉ូឌែល 280S ផលិតនៅចន្លោះឆ្នាំ១៩៦៨-១៩៧២។ MERCEDES-BENZ W108 ត្រូវបានផលិតពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧២។ MERCEDES-BENZ ជាក្រុមហ៊ុនអាល្លឺម៉ង់ បង្កើតឆ្នាំ១៩២៦ ដោយលោក DAIMLER Paul លោក BENZ Carl និង លោក Emil JELLINEK ដែលកូនស្រីឈ្មោះ Mercédès។
 


៨. រថយន្ដម៉ាក ROLLS-ROYCE ប្រភេទ Silver ម៉ូឌែល Spirit ផលិតនៅចន្លោះ ឆ្នាំ១៩៨០-១៩៩២។ រថយន្តម៉ាក ROLLS-ROYCE Silver Spirit ទាំង៤ជំនាន់ ត្រូវបានផលិតនៅចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៨។ ដោយឡែក ROLLS-ROYCE Silver ត្រូវបានផលិតនៅចន្លោះពីឆ្នាំ១៩០៧ ដល់ឆ្នាំ២០០២។ ROLLS-ROYCE គឺជាក្រុមហ៊ុនអង់គ្លេសបង្កើត ឆ្នាំ១៩០៦។
 


៩. រថយន្ដម៉ាក CITROËN ប្រភេទ XM ផលិតនៅចន្លោះឆ្នាំ១៩០-១៩៩៤។ ត្រូវបានផលិត CITROËN XM ទាំង២ជំនាន់ ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០០ ប្រមាណ៣៣៣ ៤០៥ គ្រឿង។ ក្រុមហ៊ុននេះ មានរោងចក្រផលិតតែ២កន្លែងប៉ុណ្ណោះ ដោយមួយនៅប្រទេសបារាំង និងមួយទីតាំងទៀតនៅប្រទេសចិន។ CITROËN គឺជាក្រុមហ៊ុនបារាំងបង្កើតឆ្នាំ១៩១៩ ដោយលោក CITROËN André៕


 
អត្ថបទទាក់ទង
 

Tag:
 Mercedes-Benz
 យានយន្ត
 រថយន្តបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com