រថយន្ត
អន្តរជាតិ
ក្រុមហ៊ុនរថយន្តវៀតណាម VinFast ពង្រីកបណ្តាញចែកចាយនៅឡាវ
12, Jul 2021 , 8:19 pm        
រូបភាព
ពិធីចុះ MOU រវាងក្រុមហ៊ុន VinFast និង Phongsubthavy Group  ក្រោមអធិបតីភាពមេដឹកនាំប្រទេសទាំងពីរ។ រូបថត VNA
ពិធីចុះ MOU រវាងក្រុមហ៊ុន VinFast និង Phongsubthavy Group ក្រោមអធិបតីភាពមេដឹកនាំប្រទេសទាំងពីរ។ រូបថត VNA
ដោយ: ធីតា
ក្រុមហ៊ុនឡាវ Phongsubthavy Group នឹងក្លាយជាដៃគូចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុនយានយន្តវៀតណាម VinFast បន្ទាប់ពីក្រុមហ៊ុនទាំងពីរបានចុះអនុស្សាណៈយោគយល់គ្នាមួយ កាលពីចុងខែមិថុនា កន្លងមក។
 
យោងតាមទីភ្នាក់ងារព័ត៌មាន VNA លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុំម្មុយនីស្តវៀតណាម និងលោកប្រធានាធិបតីឡាវ Thongloun Sisoulith សុទ្ធតែបានធ្វើជាសាក្សីនាពិធីចុះ MOU រវាងថ្នាក់ដឹកនាំក្រុមហ៊ុន Phongsubthavy និង VinFast។
 
លោក Phongsavath Senaphuan ប្រធានក្រុមហ៊ុន Phongsubthavy បានអះអាងពីគោលបំណងក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងការចែកចាយរថយន្ត VinFast នៅប្រទេសឡាវ ក្នុងនាមជាដៃគូអាទិភាពមួយ បន្ទាប់មើលឃើញសក្តានុពលរបស់ម៉ូដែលរថយន្តមួយនេះ នៅលើទីផ្សារអន្តរជាតិ។
 
អគ្គនាយកក្រុមហ៊ុន VinFast លោក Hoang Chi Trung ក៏បានរំពឹងទុកខ្ពស់ផងដែរចំពោះគម្រោងនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាពិសេស ការណែនាំពលរដ្ឋឡាវឲ្យទទួលបានបទពិសោធន៍ថ្មីជាមួយរថយន្តវៀតណាម។
 
បើតាមការផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីពេលថ្មីៗនេះ Vingroup បានដាក់គោលដៅប្រចាំឆ្នាំរបស់ខ្លួនដោយលក់រថយន្តអគ្គិសនីទៅសហរដ្ឋអាមេរិកពី១៦ម៉ឺនទៅ១៨ម៉ឺនគ្រឿង ពោលគឺស្មើ១ភាគរយក្នុងចំណោមរថយន្តអគ្គិសនីទាំងអស់នៅ លើទីផ្សារអាមេរិក ផងដែរ។ 
 
កាលពីខែមិថុនា ឆ្នាំ២០១៩ Vingroup បានដំណើរការរោងចក្ររបស់ខ្លួននៅក្រុងហៃហ្វុង ជាមួយនឹងទឹកប្រាក់វិនិយោគ៣,៥ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនមានសមត្ថភាពផលិតរថយន្ត VinFast ប្រមាណ២៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ហើយកាលពីឆ្នាំ២០០០ រថយន្តប្រមាណ៣ម៉ឺនគ្រឿង បានលក់ចេញក្នុងប្រទេសវៀតណាម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com