កីឡាជាតិ
ជាតិ
CAMSOC នឹងដាក់ឱ្យប្រកួតស្នាដៃរចនាភ្លើងគប់ និងមេដាយស៊ីហ្គេម ឆ្នាំ២០២៣ នាខែក្រោយ
14, Jul 2021 , 3:42 pm        
រូបភាព
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) នឹងដាក់ឱ្យប្រកួតស្នាដៃរចនាភ្លើងគប់ និងមេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា នាខែសីហាខាងមុខ។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាននិយាយថា ការបើកប្រកួតប្រជែងស្នាដៃនេះ គឺជាការផ្តល់កិត្តិយសដល់មហាជន ដើម្បីជាចំណែកមួយ ក្នុងការជំរុញឲឱ្យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជា។
 
«ការបើកយុទ្ធនាការប្រឡងប្រជែងនេះ នឹងធ្វើឡើងនាខែក្រោយ ហើយបេក្ខជននានាមានពេលវេលាប្រមាណ៤ខែ ដើម្បីការរចនាស្នាដៃរបស់ខ្លួន។ បេក្ខជនជ័យលាភី ដែលបានបញ្ចេញស្នាដៃសម្រាប់ជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងទទួលបានកិត្តិយស និងប្រាក់រង្វាន់លើកទឹកចិត្តផងដែរ ដូចដែល CAMSOC ធ្លាប់បានដាក់ឲ្យប្រកួតប្រជែងកន្លងទៅ នៃការរចនាស្លាកសញ្ញា និងនិមិត្តសញ្ញា (LOGO-Mascot) កន្លងទៅដែរ»។ នេះបើតាមហ្វេសប៊ុកCAMSOC ដែលបានស្រង់សម្តីលោក វ៉ាត់ ចំរើន។
 
កន្លងមក CAMSOC បានផ្ដល់ទឹកប្រាក់២០លានរៀលក្នុង១នាក់ ទៅដល់លោក នាង វិសាល ដែលជាម្ចាស់ជ័យលាភីស្លាកសញ្ញា (LOGO) និងកញ្ញា លី គឹមអាន ម្ចាស់ជ័យលាភីនិមិត្តសញ្ញា (Mascot) នៅក្នុងកម្មវិធី«រាប់ថយក្រោយ១០០០ថ្ងៃ» នៃដំណើរឆ្ពោះទៅស៊ីហ្គេម កាលពីថ្ងៃទី៧ សីហា ២០២០ ។ ក្រៅពីនេះ បេក្ខជនជ័យលាភីទាំងពីររូប ក៏ទទួលបានសិទ្ធិជាអគ្គរដ្ឋទូតសុឆន្ទៈ “Good Will Games Ambassador” SEA Games 2020, ទទួលបានសិទ្ធិទស្សនាការប្រកួតគ្រប់ប្រភេទកីឡា និងពិធីបើក-បិទ SEA Games 2020 ព្រមទាំងបានចុះឈ្មោះក្នុងបញ្ជីមរតក SEA Games Legacy ផងដែរ។
 
«ប៉ុន្តែស្លាកសញ្ញា និងមិនិត្តសញ្ញានេះមានតម្លៃខ្ពស់ជាងការធ្វើភ្លើងគប់ និងមេដាយ»។ នេះបើតាមលោក វ៉ាត់ ចំរើន ដែលអំពាវនាវឱ្យមហាជន ដែលមានទេពកោសល្យត្រៀមខ្លួន ប្រកួតប្រជែងស្នាដៃរចនាភ្លើងគប់ និងមេដាយ នាពេលខាងមុខនេះ។
Relate 105692
 
ចំពោះរង្វាន់លើកទឹកចិត្តដល់ជ័យលាភីរចនាភ្លើងគុប និងរចនាមេដាយស៊ីហ្គេម នឹងប្រគល់ជូនពួកគេ នៅក្នុង «ពិធីរាប់ថយក្រោយ៥០០ថ្ងៃ» នៃដំណើរឆ្ពោះទៅពិធីបើកជាផ្លូវការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ កម្ពុជានឹងប្រារព្ធ «ពិធីរាប់ថយក្រោយ៥០០ថ្ងៃ» ដ៏ធិកអធមម្តងទៀត ប្រព្រឹត្តទៅចំថ្ងៃទី២០ ធ្នូ ២០២១។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ៕

Tag:
 កីឡាជាតិ
  SEA Game 2023
© រក្សាសិទ្ធិដោយ thmeythmey.com