ជាតិ
សេដ្ឋកិច្ច
បណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍ៖ ទីផ្សារអចលនទ្រព្យ កំពុងបាត់បង់ភាពរស់រវើករបស់ខ្លួនទៀតហើយ
14, Jul 2021 , 6:59 pm        
រូបភាព
លោក គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា
លោក គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា
ផ្ទះលក់បន្ទាន់  តម្លៃទាបជាងទីផ្សារ ម្ចាស់ប្រញាប់លុយ ជួលហាង សេងហាង ឬភោជនីយដ្ឋាន ជាដើម។ សន្ទុះនៃការបញ្ចេញអចលនទ្រព្យកំពុងមានការផុសផុលយ៉ាងខ្លាំង ហើយមានការផ្សព្វផ្សាយ ពាពាយ នាយលក់ ពេញគេហទំព័រលក់ដូរនៅកម្ពុជា។ សម្រាប់លោក គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិតសភា កម្ពុជា នេះជាសញ្ញាណដែលបង្ហាញថា ទីផ្សារវិស័យអចលនទ្រព្យនៅកម្ពុជា ប្រឈមធ្លាក់ចូលវិបត្តិជាបណ្តើរៗ ស្របពេលដែលស្ថានភាពកូវីដ-១៩ នៅតែមិនស្រាកស្រាន្ត។
 
 
សូមស្តាប់កិច្ចសម្ភាសរវាងកញ្ញាអ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ ជាមួយលោក គី សេរីវឌ្ឍ ដែលជាអ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា៖ 



ភាពអូសបន្លាយនៃព្រឹត្តិការណ៍២០កុម្ភៈ កំពុងជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិ ខណៈ ម្ចាស់អចលនទ្រព្យ ឬបណ្តាក្រុមហ៊ុន សហគ្រាសនៅក្នុងវិស័យអចលនទ្រព្យមួយចំនួន ដែលបានខ្ចីលុយ ពីវិស័យធនាគារ ពុំមានលទ្ធភាពបង្វិលទុនទាំងប្រាក់កម្ចី និងការប្រាក់ទៅឱ្យស្ថាប័នហិរញ្ញវត្ថុវិញ ក្រៅតែពីការប្រកាសលក់អចលនទ្រព្យរបស់ខ្លួន។ បើតាមលោក គី សេរីវឌ្ឍ ម្ចាស់អចលនទ្រព្យដែលជាប់បំណុលធនាគារមានភាគច្រើន គឺជាអ្នកធ្វើអាជីវកម្មពាក់ព័ន្ធនឹងសេវាកម្មក្នុងវិស័យទេសចរណ៍ដែលកំពុងជាប់គាំងទាំងស្រុងតែម្តង។ 
 
«អ៊ីចឹងហើយ! យើងឃើញថា ទីផ្សារអចលនទ្រព្យ គឺជាកត្តាមួយរារាំងការវិនិយោគដល់វិស័យផ្សេងៗទៀត ដែលពេលមុនទីផ្សារអចលនទ្រព្យមានភាពរស់រវើក។  ប៉ុន្តែ បច្ចុប្បន្នទីផ្សារនេះបានបាត់បង់ភាពរស់រវើករបស់ខ្លួន ទើបបានជាធ្វើឱ្យមានការលក់អចលនទ្រព្យច្រើនបែបនេះ»។ 
 
អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជារូបនេះបានលើកឡើងដូច្នេះ ដោយបន្តរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា នៅពេលដែលវិស័យអចលនទ្រព្យ បាត់បង់ភាពរស់រវើករបស់ខ្លួនក្នុងទិញ-លក់នៅលើទីផ្សារនោះ វានឹងក្លាយទៅជាវិបត្តិអចលនទ្រព្យមួយទៀត ដែលឈានទៅប៉ះពាល់ដល់វិស័យធនាគារ។
 
លោក គី សេរីវឌ្ឍ បានបញ្ជាក់ថា នៅពេលដែលវិបត្តិអចលនទ្រព្យធ្វើឱ្យប៉ះពាល់ដល់វិស័យធនាគារនៅកម្ពុជានោះ នឹងធ្វើឱ្យកើតមានឡើងនូវអ្នកខាតបង់ក្នុងវិស័យអចលនទ្រព្យ។ លើសពីនេះ កម្ពុជាអាចប្រឈមនឹងការខាតបង់ នៃលំហូរហិរញ្ញវត្ថុពីក្រៅប្រទេសតាមរយៈធនាគារ និងមីក្រូហិរញ្ញវត្ថុ។ 
 
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ថា៖«ការប៉ះពាល់នេះ គឺធ្វើឱ្យកម្លាំងចាយវាយរបស់នៅក្នុងប្រទេស យើងចាប់ផ្តើមថមថយ ដោយសារមនុស្សជាច្រើនត្រូវរកចំណូលបានហើយ ក៏ត្រូវសងបំណុលឱ្យធនាគារវិញ។ នេះជាបញ្ហាដែលកើតមានឡើង»។


 
ទន្ទឹមនឹងបញ្ហាប្រឈមនានាដែលកំពុងកើតឡើងនៅកម្ពុជា ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩នោះ លោកគី សេរីវឌ្ឍ បានវាយតម្លៃថា៖«ទីផ្សារវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន បានឈានជិតទៅដល់មាត់ជ្រោះនៃការធ្លាក់ចុះមកវិញហើយ»។ 
 
លោកបន្តនិយាយដូច្នេះ៖«ប្រសិនបើវិស័យនេះ នៅតែមានការសាងសង់និងជំរុញការផលិតបន្តទៅទៀត គឺនឹងធ្វើឱ្យមានការជាប់គាំង និងមានវិបត្តិ។ ព្រោះយើងឃើញការអភិវឌ្ឍនៅតំបន់វាលស្រែ តំបន់ដាច់ស្រយាលឱ្យក្លាយជាទីក្រុង ឬក្លាយជាតំបន់អភិវឌ្ឍនោះ វាមិនមែនជាការងាយស្រួល ហើយក៏មិនអាចធ្វើឱ្យទីតាំងក្នុងតំបន់នោះលូតលាស់លឿន ដូចនូវអ្វីដែលក្រុមហ៊ុនអចលនទ្រព្យបានបង្ហាញទេ»៕ 
 

Tag:
 អចលនទ្រព្យ
  លោក គី សេរីវឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com