ជាតិ
សង្គមជាតិ
លោក ពឹង គិមឆេន អតីតនាយកបឋមវត្តបូព៌ ក្លាយជាទីប្រឹក្សាក្រសួងអប់រំ
15, Jul 2021 , 6:59 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលបានសម្រេចតែងតាំងលោក ពឹង គិមឆេន អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ក្នុង ក្រុងសៀមរាប ខេត្តសៀមរាប ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ដែលមានឋានៈស្មើ ប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការតែងតាំងលោក ពឹង គិមឆេន ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា គឺដើម្បីឲ្យគាត់ ចូលរួមលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡា។ 
 
អ្នកនាំពាក្យរូបនេះ បានអះអាងថា លោក ពឹង គិមឆេន គឺជាបុគ្គលដែលមានបទពិសោធការងារ សម្បូរបែប និងមានស្នាដៃល្អក្នុងការដឹកនាំបែបច្នៃប្រឌិតខ្ពស់ ប្រកបដោយការតាំងចិត្ត មុតមាំ ក្នុងវិស័យអប់រំ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ពឹង គិមឆេន បានបញ្ជាក់ថា លោកនឹងប្រើប្រាស់ពេលវេលា ចុងក្រោយរបស់លោកបំពេញការងារផ្នែកវិស័យអប់រំនៅកម្ពុជាឲ្យមានភាពប្រសើរឡើង ខណៈដែលលោកបានចូលនិវត្តន៍ទៅហើយក្តី។ 


 
«ឲ្យតែគេគិតថាខ្ញុំជាមនុស្សមានតម្លៃ តាមរូបភាពណាក៏ដោយ។ បើគេគិតថាខ្ញុំមានតម្លៃ គេប្រើខ្ញុំពេលណា ក៏ខ្ញុំនៅតែទៅចូលរួម។ ខ្ញុំមិនរើសទេ។ ខ្ញុំនឹងលះបង់នូវជីវិតចុងក្រោយ។ បើមានឱកាសខ្ញុំនឹងទៅជួយសាលាវត្តបូព៌បន្ថែមទៀត ហើយខ្ញុំនឹងពង្រឹងការសិក្សា កុំឲ្យនៅតែសាលាវត្តបូព៌ នឹងពង្រីកដល់គ្រប់ខេត្ត គ្រប់ក្រុង»។ នេះជាការរៀបរាប់របស់លោក ពឹង គិមឆេន។
 
លោក ពឹង គិមឆេន មានអាជីពជាគ្រូបង្រៀនអស់រយៈកាល ៤១ឆ្នាំមកហើយ។ ក្នុងឆ្នាំ២០២១ នេះ គឺលោក គិមឆេន មានរយៈពេល២៧ ឆ្នាំហើយដែលកាន់តួនាទីជានាយកសាលាបឋមសិក្សាវត្តបូព៌ ដែលលោកគ្រប់គ្រងតាំងពីឆ្នាំ ១៩៩៣ មក។ ឆ្នាំនេះ ក៏ជាពេលវេលាកំណត់ នៃអាយុចូលនិវត្តន៍របស់លោកផងដែរ៕ 
 
 

Tag:
 លោក ពឹង គិមឆេង
 សិស្ស
 អប់រំ
 គ្រូ
© រក្សាសិទ្ធិដោយ thmeythmey.com