ជាតិ
សេដ្ឋកិច្ច
កម្ពុជាបានចំណូលពីពន្ធគយជាង ១ពាន់លានដុល្លារ ក្នុងឆមាសទី១
15, Jul 2021 , 8:59 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ រូបថត៖អគ្គនាយកនៃអគ្គនាយកដ្ឋានគយ
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ រូបថត៖អគ្គនាយកនៃអគ្គនាយកដ្ឋានគយ
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលថវិកាពីពន្ធគយបានជិត៤,៧០០ពាន់លានរៀល (ជាង១,១ពាន់លានដុល្លារ) សម្រាប់ចូលក្នុងថវិកាជាតិ នៅឆមាសទី១កន្លងមក។ ទំហំថវិកានេះ បានថយចុះ៨,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបការងារ គយនិងរដ្ឋាករ ដែលចេញផ្សាយ នាថ្ងៃទី១៥កក្កដា។
 
កិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ឆ្នាំ២០២១ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ បានបង្ហាញថា ចំណូលពន្ធគយសរុបបាន១,១៥៩លានដុល្លារនេះ គឺសម្រេចបាន៤៩ភាគរយ នៃផែនការប្រចាំឆ្នាំ២០២១ ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 
 
ចំណូលសរុបដែលកម្ពុជាបានពីពន្ធគយខាងលើនេះ បើគិតតាមប្រភេទពន្ធនិងអាករ គឺមានអាករលើតម្លៃបន្ថែមជិត៤៣៥លានដុល្លារ ស្មើនឹង៣៧,៨ភាគរយនៃចំណូលសរុប។ អាករពិសេសមានជាង៤២០លានដុល្លារ។  ពន្ធគយបានជាង២០០លានដុល្លារ, អាករបន្ថែមលើផលិតផលប្រេងមានជាង៥២លានដុល្លារ និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ២៣លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ថា ចំណូលពន្ធទាំងនេះ បានពីការចំណូលយានយន្ត គ្រឿងចក្រ ទំនិញចម្រុះផលិតផលតេលសិលា និងសម្ភារសំណង់ជាដើម។ 
 
ដើម្បីធានាឱ្យបាននូវលទ្ធផលល្អប្រសើរក្នុងបរិបទ ដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបប្រទះ នឹងការរាតត្បាតដោយជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានគយ បានដាក់ទិសដៅបន្តអនុវត្តការពង្រឹងអភិបាលកិច្ចល្អក្នុងស្ថាប័ន ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ, លើកកម្ពស់អនុលោមភាពវិស័យឯកជន, ពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម ដោយបន្តធ្វើសាមញ្ញកម្មនីតិវិធីគយ និងបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន។ លើសពីនេះ គឺបន្តពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់ពន្ធ, ពង្រឹងប្រសិទ្ធភាពការងារចរន្តដែលត្រូវអនុវត្តប្រចាំថ្ងៃ, ពង្រឹងការអនុវត្តយុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរួមទាំងបន្តចូលរួមអនុវត្តវិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាល។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានដដែលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕ 
 

Tag:
 ពន្ធគយ
 លោក គុណ ញឹម
© រក្សាសិទ្ធិដោយ thmeythmey.com