​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ដាក់ទណ្ឌមន្រ្តីចិន៧នាក់ចំពោះការធ្លាក់ចុះប្រជាធិបតេយ្យនៅហុងកុង
17, Jul 2021 , 1:32 pm        
រូបភាព
អាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្មមួយទៀតលើក្រុមមន្រ្តីចិនដែលធ្វើការលើគោលនយោបាយហុងកុងចំពោះការធ្វើឱ្យធ្លាក់ចុះប្រជាធិបតេយ្យនៅទីក្រុងនេះ។ ទណ្ឌកម្មដែលប្រកាសនៅថ្ងៃទី១៦ ខែកក្កដា ជាការទាញទីក្រុងប៉េកាំងឱ្យទទួលខុសត្រូវលើអ្វីដែលកើតឡើងនៅតំបន់រដ្ឋបាលពិសេសមួយនេះដូចជាការចាប់ចងសកម្មជនប្រជាធិបតេយ្យ និងការធ្លាក់ចុះនីតិរដ្ឋជាដើម។


មន្រ្តីចិនចំនួន៧នាក់ដែលធ្វើនៅការិយាល័យកិច្ចការហុងកុងចំណុះក្រុមប្រឹក្សារដ្ឋចិន ត្រូវបានក្រសួងរតនាគារអាមេរិកបញ្ចូលក្នុងបញ្ជីជនបរទេសពិសេស ដែលត្រូវអនុវត្តទណ្ឌកម្ម។ អ្នកទាំង៧ដែលសុទ្ធសឹងជានាយករងការិយាល័យមានឈ្មោះឈិន តុង, ហឺ ជីង, លូ ស៊ីនីង, ឈីវ ហុង, ថាន ធៀនីវ, យ៉ាង ជៀនភីង និងយីន ចុងហ័រ។

ក្នុងសេចក្ដីថ្លែងការណ៍ដោយឡែក រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន និយាយថា ប៉ុន្មានឆ្នាំមកនេះ ក្រុមមន្ត្រីចិន បានបំពានស្ថាប័នប្រជាធិបតេយ្យជាប្រព័ន្ធ ពន្យារពេលការបោះឆ្នោត បណ្ដេញសមាជិកសភាជាប់ឆ្នោតពីតំណែង និងចាប់ខ្លួនមនុស្សរាប់ពាន់ដែលមិនយល់ស្របគោលនយោបាយរដ្ឋាភិបាល។

«ប្រឈមមុខការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងដែលបានរឹតត្បិតបំណងប្រជាធិបតេយ្យរបស់ប្រជាជនហុងកុង យើងកំពុងចាត់វិធានការហើយ។ ថ្ងៃនេះយើងផ្ញើសារច្បាស់ថា អាមេរិកឈរជាមួយអ្នកហុងកុង។» លោក ប្លីងខិន បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការរបស់លោក។

ព្រមគ្នានឹងទណ្ឌកម្ម ក្រសួងរតនាគារអាមេរិក ក៏យោងដល់ការណែនាំរួមគ្នាមួយទៀតជាមួយក្រសួងការបរទេស ពាណិជ្ជកម្ម សន្តិសុខមាតុភូមិ ទាក់ទងក្ដីបារម្ភរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនលើក្រុមហ៊ុនអន្តរជាតិពាក់ព័ន្ធច្បាប់សន្តិសុខជាតិនៅហុងកុង។ ក្នុងការណែនាំនេះ ក្រុមហ៊ុននានា ត្រូវព្រមានថា អាចជួបហានិភ័យជាច្រើនដូចជាការលួចការណ៍សម្ងាត់ ការបង្ខំឱ្យផ្ទេរព័ត៌មាន ឬទិន្នន័យនានា និងអាចរងទណ្ឌកម្មទៀតផង។

តបនឹងទណ្ឌកម្ម និងការណែនាំខាងលើ ការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំហុងកុង នៅថ្ងៃទី១៧ ខែកក្កដា ក៏រិះគន់អាមេរិកខ្លាំង និងហៅការដាក់ទណ្ឌកម្មនេះជាសកម្មភាពបង្ខំគ្មានហេតុផលរបស់អាមេរិក។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ការិយាល័យដដែលនេះអះអាងថា ទង្វើរបស់អាមេរិកបំផ្លាញបរិយាកាសពាណិជ្ជកម្មនៅហុងកុង បំពានច្បាប់អន្តរជាតិ និងលូកលាន់កិច្ចការផ្ទៃក្នុងហុងកុង៕

Tag:
 អាមេរិក
  ហុងកុង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com