ជាតិ
សង្គមជាតិ
លក់បន្លែនិងត្រីមុខផ្ទះ តែអ្នកស្រី ហៀរ សារីន តាំងចិត្តឲ្យកូនៗរៀនទាបបំផុតត្រឹមបរិញ្ញាបត្រ
17, Jul 2021 , 7:59 pm        
រូបភាព
អ្នកស្រី ហៀរ សារីន កំពុងធ្វើត្រី ជូនអតិថិជន
អ្នកស្រី ហៀរ សារីន កំពុងធ្វើត្រី ជូនអតិថិជន
ដោយ៖ អ៊ុន វឌ្ឍនា

ឧត្តរមានជ័យ៖  អស់រយៈពេល១៦ឆ្នាំមកហើយ ដែលអ្នកស្រី ហៀរ សារីន ខិតខំរកប្រាក់តាមរយៈមុខរបរលក់បន្លែ និងត្រីបន្តិចបន្តួចនៅមុខផ្ទះ ដើម្បីចិញ្ចឹមកូនប្រុសស្រី៤នាក់ និងទំនុកបម្រុងពួកគេ ឲ្យបានរៀនសូត្រ។ ក្នុងចំណោមកូនទាំង៤នាក់របស់អ្នកស្រី មាន២នាក់ រៀនដល់មហាវិទ្យាល័យហើយ។
 
ម្តាយគ្រប់រូបតែងតែចង់ឃើញកូនរបស់ខ្លួនមានអនាគតល្អ និងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីឱ្យកូនៗ មានសុខភាពល្អ ទទួលបានការសិក្សារៀនសូត្រ មានចំណេះដឹង-ជំនាញច្បាស់លាស់ និងមានការងារធ្វើល្អ នៅក្នុងជីវិតរបស់ពួកគេ។ អ្នកស្រី ហៀរ សារីន រស់នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏មិនខុសពីម្តាយដទៃដែរ ដោយអ្នកស្រី ប្រឹងពុះពារគ្រប់ឧបសគ្គ ដើម្បីឲ្យកូនបានសិក្សារៀនសូត្រ។

ក្នុងចំណោមកូនទាំង៤នាក់របស់អ្នកស្រី ហៀរ សារីន កូនប្រុសពៅ កំពុងរៀននៅថ្នាក់ទី៥ កូនស្រីទី៣ រៀនថ្នាក់ទី១១ កូនប្រុសទី២ ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យនៅភ្នំពេញ និងកូនស្រីច្បង ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យនៅខេត្តសៀមរាប។

ព្រោះតែមិនមានដីធ្វើស្រែចម្ការ និងមិនមានទ្រព្យសម្បត្តិអ្វីសម្រាប់ចែកឲ្យកូនៗ អ្នកស្រី សារីន មានតែខិតខំឲ្យកូនៗ បានរៀនសូត្រ ដើម្បីមានចំណេះវិជ្ជា ទុកជាទ្រព្យប្រចាំជីវិតរបស់ពួកគេ។ ការរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងការរៀនសូត្ររបស់កូនៗ អ្នកស្រី ពឹងផ្អែកតែទៅលើការលក់បន្លែនិងត្រីមុខផ្ទះប៉ុណ្ណោះ។ 
  


ស្រ្តីជាម្តាយមានវ័យ៥០ឆ្នាំរូបនេះ មានបំណងប្រាថ្នាឲ្យកូនទាំង៤នាក់ «រៀនចប់សាកលវិទ្យាល័យទាំងអស់គ្នា»។ អ្នកស្រី បង្ហាញការទទួលខុសត្រូវក្នុងនាមជាម្តាយថា៖«ដោយសារ ម៉ែរៀនមិនបានខ្ពស់ បានជាម៉ែត្រូវមកអង្គុយលក់ត្រី និងបន្លែរហូតមក។ ម៉ែមិនចង់ឲ្យកូនលំបាកដូចម៉ែទេ ដូច្នេះ កូនទាំងអស់ត្រូវមានចំណេះ និងជំនាញច្បាស់លាស់រៀងៗខ្លួន»។  
 
ប្រជាពលរដ្ឋនៅភូមិស្វាយចេក ឃុំថ្លាត មានភាគច្រើនជាអ្នកស្រែចម្ការនិងស៊ីឈ្មួលឲ្យគេនៅចម្ការស្វាយចន្ទី ចម្ការដំឡូវមី ជាដើម។ ឪពុកម្តាយមួយចំនួន នៅក្នុងតំបន់នេះ មិនសូវមានលទ្ធភាពឱ្យកូនរៀនសូត្របានចប់ថ្នាក់ទី១២ និងបន្តការសិក្សានៅមហាវិទ្យាល័យនៅឯភ្នំពេញ និងនៅខេត្តដទៃទេ។ អ្នកស្រី សារីន បានរៀបរាប់តាមការសង្កេតឃើញផ្ទាល់ខ្លួនថា៖«សព្វថ្ងៃនៅតំបន់ហ្នឹង ក្មេងវ័យជំទង់ភាគច្រើន រៀនបានត្រឹមតែថ្នាក់ទី១០ទេ។ ក្នុងនោះ មានមួយចំនួនធំឈប់រៀន ហើយទៅធ្វើកសិកម្ម ស្រែចម្ការ និងការងារក្រៅស្រុក ជាបុគ្គលិកកាស៊ីណូ»។
 

កញ្ញា ហុង  សុធារី កូនស្រីច្បងរបស់់អ្នកស្រី ហៀរ សារីន ដែលកំពុងរៀននៅសាកលវិទ្យាល័យក្នុងឆ្នាំទី៣។

ដោយសារមិនចង់ឱ្យកូនៗ ធ្វើជាកម្មកររោងចក្រ កម្មករសំណង់ កម្មករបេះស្វាយចន្ទី ដាំដំឡូង ជាពិសេសគឺមិនចង់ឱ្យកូនៗ ទៅធ្វើការនៅកាស៊ីណូ អ្នកស្រី សារីន ខិតខំលក់បន្លែ ត្រីស្រស់ ត្រីងៀត និងប្រហុកជាដើម ដើម្បីឲ្យពួកគេ បានរៀនសូត្រខ្ពង់ខ្ពស់ និងសង្ឃឹមថា ពួកគេ មានអនាគតល្អ។ អ្នកស្រី និយាយថា៖«ដើម្បីចិញ្ចឹមកូនៗបាន គឺការលក់របស់យើង ត្រូវចេះលៃលក ចេះកែច្នៃ ហើយការចាយវាយក៏ត្រូវចេះសន្សំសំចៃ ផងដែរ»។ អ្នកស្រី បន្តថា៖«បើបន្លែនៅសល់ពីការលក់ គឺខ្ញុំយកមកចម្អិនសម្រាប់មុខម្អូបប្រចាំថ្ងៃបាន។  រីឯត្រីវិញ ខ្ញុំអាចយកមកកែច្នៃ ធ្វើជាត្រីងៀត ឬប្រហុកដែលអាចយកលក់បាន និងរក្សាទុកបានយូរ។ ចំពោះលុយចំណេញប្រចាំថ្ងៃ គឺខ្ញុំទុកសម្រាប់ផ្គត់ផ្គង់ការសិក្សាររបស់កូនៗ ហើយសល់មួយចំនួនខ្ញុំសន្សំទុក»។ 
 
អ្នកស្រី សារីន អាចសន្សំប្រាក់បានជាមធ្យមពី២០ទៅ៤០ម៉ឺនរៀលក្នុង១ខែ ពីការលក់បន្លែ និងត្រីនៅមុខផ្ទះ។ អ្នកស្រី ប្រាប់ថា៖«ដើម្បីទិញទូរសព្ទនិងម៉ូតូឱ្យកូនបាន គឺត្រូវពឹងលើប្រាក់សន្សំទាំងនេះបន្តិចម្ដងៗ។ បើក្នុងរយៈពេល៣ខែសល់បាន១លានរៀល នោះរយៈពេល២ឆ្នាំ គឺអាចទិញម៉ូតូ១គ្រឿងសម្រាប់កូនបាន»។ 


លោក ហុង  ស៊ុនហៃ ជាកូនទីពីររបស់អ្នកស្រី ហៀរ សារីន កំពុងនៅសាកលវិទ្យាភូមិន្ទកសិកម្ម ក្នុងឆ្នាំទី១។ 

កញ្ញា ហុង សុធារី ជាកូនស្រីច្បងរបស់អ្នកស្រី សារីន ដែលកំពុងរៀនជំនាញគណនេយ្យឆ្នាំទី៣ នៅសាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាប លើកឡើងថា ការសិក្សារបស់កញ្ញា តែងតែជួបការខ្វះខាតខ្លះ។ ប៉ុន្តែ កញ្ញា ប្រាប់ថា ខ្លួន មិនមែនជាអ្នកសម្ភារនិយមឡើយ ដោយប្រឹងតែសង្វាតរៀនសូត្រប៉ុណ្ណោះ។ 
 
និស្សិតវ័យ២១ឆ្នាំរូបនេះ និយាយថា៖«ខ្ញុំមិនចូលចិត្តសម្ភានិយម និងមិនសុំលុយម៉ែច្រើនដើម្បីទិញរបស់ផ្សេងៗដែរ។ ខ្ញុំសុខចិត្តអត់ ព្រោះមិនចង់ឲ្យម្ដាយចំណាយច្រើន។ និយាយរួម ខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមានស្រាប់ និងខំរៀនសូត្រ»។ កញ្ញា បន្ថែមថា៖«បើខ្ញុំមានចំណេះដឹង ទោះបីទៅដល់ទីណាក៏មិនស្លាប់ដែរ។ ម៉ែ តស៊ូដើម្បីយើងកន្លងមក គាត់មិនដែលត្អូញត្អែរមួយម៉ាត់ឡើយ ដូចនេះ ខ្ញុំតែងព្យាយាមរៀនឲ្យចប់ មានការងារល្អមួយ ហើយតបស្នងសងគុណម៉ែវិញ និងមិនឲ្យម៉ែលំបាកតទៅទៀតឡើយ»។ 
 
ក្រៅពីសិក្សា បច្ចុប្បន្ន សុធាវី ក៏កំពុងធ្វើការងារនៅក្នុងធនាគារមួយ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ផងដែរ។ ដ្បិតថា រៀនបណ្តើរ ធ្វើការងារបណ្តើរ មានភាពនឿយហត់ក៏ពិតមែន ប៉ុន្តែសុធារី ពេញចិត្ត។ និស្សិតជំនាញគណនេយ្យរូបនេះ អះអាងថា៖«ការធ្វើការងារនេះ គឺខ្ញុំអាចទទួលបានបទពិសោធន៍ថ្មីៗ និងជួយសម្រាលបន្ទុកម៉ែបានខ្លះ ព្រោះគាត់ នៅមានកូន៣នាក់ទៀត ដែលត្រូវការរ៉ាប់រង។  សម្រាប់ប្រាក់ដែលរកបាន ខ្ញុំ អាចផ្គត់ផ្គង់សម្រាប់ការចាយវាយផ្ទាល់ខ្លួន និងយកជូនម៉ែខ្លះ គួបផ្សំនឹងម៉ែរកបានខ្លះនោះ គឺអាចបន្ធូរបន្ថយជីរភាពគ្រួសារបានមួយកម្រិត»។ 
 
ចំណែក យុវជន ហុង ស៊ុនហៃ ដែលជាកូនទី២របស់អ្នកស្រី សារីន បានប្រឡងជាប់អាហារូបករណ៍ រៀនជំនាញកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងរាជធានីភ្នំពេញ។ យុវជនវ័យ១៩ឆ្នាំរូបនេះ និយាយថា៖«ម៉ែតែងតែលើកទឹកចិត្តឲ្យខ្ញុំ ខិតខំរៀនសូត្រ។ គាត់តែងតែលើកទឹកចិត្តឲ្យខ្ញុំដើរតាមក្ដីស្រមៃ ហើយពេលនេះខ្ញុំបានសម្រេចក្តីស្រមៃទីមួយហើយ។ ឥឡូវនេះខ្ញុំកំពុងព្យាយាមរៀនសូត្រឲ្យពូកែ មានចំណេះវិជ្ជាគ្រប់គ្រាន់ ដើម្បីសម្រេចក្ដីស្រមៃទីពីរ គឺមានការងារដ៏ល្អមួយដែលអាចជួយខ្លួនឯង និងគ្រួសារឲ្យមានជីរភាពកាន់តែប្រសើរ»។


អ្នកស្រី កែវ  ស្រីមុត ជាអ្នកជិតខាងអ្នកស្រី ហៀរ សារីន។

ការតស៊ូនិងការលះបង់របស់អ្នកស្រី សារីន ក្នុងការខិតខំរកប្រាក់សម្រាប់ផ្គត់ផ្គង់កូនៗឱ្យទទួលបានការសិក្សាពេញលេញនោះ ក៏បានទទួលបានការកោតសរសើរពីសំណាក់អ្នកជិតខាង ដែលរស់នៅក្នុងជាមួយផងដែរ។ ពលរដ្ឋជិតខាងម្នាក់ គឺអ្នកស្រី  កែវ ស្រីមុត តែងតែលួចសរសើរអ្នកស្រី សារីន ក្នុងការមើលថែកូនៗ។ អ្នកស្រី កែវ ស្រីមុត មានប្រសាសន៍ថា៖«កូនៗរបស់គាត់ [អ្នកស្រី សារីន] គឺមានសីលធម៌ល្អ រួមទាំងតស៊ូរៀនបានដល់ថ្នាក់ឧត្តមសិក្សាទៀត ដែលជាក់ស្ដែងក្នុងតំបន់នេះមិនសូវមាននរណាធ្វើដូចគាត់ឡើយ»។
 
ស្វាមីដើមរបស់អ្នកស្រី សារីន បានទទួលមរណភាពប្រមាណ១០ឆ្នាំមកហើយ ដោយសារជំងឺ។ នៅឆ្នាំ២០២០ អ្នកស្រី បានជួបស្វាមីក្រោយ ដែលបច្ចុប្បន្នជាយោធា៕
 
 
 
 
 
 

Tag:
 កសិកម្ម
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com