COVID-19
ជាតិ
កូវីដតាមខេត្ត៖ កំពង់ចាម រកឃើញថ្មី៥២នាក់ សៀមរាប៩២នាក់ ត្បូងឃ្មុំ៣២នាក់
17, Jul 2021 , 7:20 pm        
រូបភាព
អាជ្ញាធរ ចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តត្បូងឃ្មុំ
អាជ្ញាធរ ចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ខេត្តកំពង់ចាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន៥២នាក់ ខណៈអ្នកស្លាប់ មាន២នាក់។ ខេត្តត្បូងឃ្មុំ មានករណីថ្មី ចំនួន៣២នាក់ និងជាសះស្បើយចំនួន ៣៥នាក់។ ខេត្តសៀមរាប មានករណីឆ្លងថ្មីដល់ទៅ៩២នាក់ និងមានអ្នកជាសះស្បើយចំនួន ៥៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តទាំង៣ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។


កំពង់ចាម៖ ករណីឆ្លងថ្មី៥២នាក់ និងស្លាប់២នាក់


អ្នកស្លាប់មានអាយុ៣៤ឆ្នាំម្នាក់ និង៤៧ឆ្នាំម្នាក់។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៥២នាក់ មានពលរដ្ឋនៅក្រុងកំពង់ចាមចំនួន ៣នាក់, ស្រុកចំការលើ២នាក់, ស្រុកកំពង់សៀម ៣នាក់, ស្រុកព្រៃឈរ ១០នាក់, ស្រុកកងមាស ៩នាក់,  ស្រុកស្ទឹងត្រង់ ២នាក់, ស្រុកបាធាយ ៣នាក់ , ស្រុកកោះសូទិន ៣នាក់, ស្រុកស្រីសន្ធរ ២នាក់ និងស្រុកជើងព្រៃ ១១នាក់។ អ្នកវិជ្ជមាន៤នាក់ ជាអ្នកខេត្តកំពង់ធំ និងកណ្តាល។

ត្បូងឃ្មុំ៖ ករណីឆ្លងថ្មី៣២នាក់ និងជាសះស្បើយ៣៥នាក់

អ្នកវិជ្ជមានទាំង៣២នោះ មានពលរដ្ឋដែលរស់នៅក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកតំបែរ និង ស្រុកពញាក្រែក។ ម្នាក់ទៀត ជាអ្នកខេត្តក្រចេះ។ អ្នកជាសះស្បើយថែម មានចំនួន៣៥នាក់។

សៀមរាប៖ ៩២ករណីថ្មី និងជាសះស្បើយចំនួន ៥៦នាក់

ក្នុងចំណោមអ្នកដែលទើបរកឃើញថ្មីទាំង៩២នាក់ ជាពលរដ្ឋនៅក្រុងសៀមរាប, ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង។ អ្នកជាសះស្បើយមានចំនួន៥៦នាក់បន្ថែមទៀត។

បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ សរុប២៩៨៣នាក់ ក្នុងនោះជាសះស្បើយ១១៦៥នាក់ ស្លាប់២៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន១៧៣៥នាក់៕

Tag:
 COVID-19
  សៀមរាប
  ត្បូងឃ្មុំ
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com