ជាតិ
សង្គមជាតិ
ខេត្តសៀមរាបរៀបចំទីតាំង៤ក្នុងក្រុង និងស្រុកមួយចំនួន ទទួលពលករពីខេត្តឧត្តរមានជ័យ
17, Jul 2021 , 11:00 pm        
រូបភាព
វិទ្យាល័យ ១០មករា ជាទីតាំងមួយដែលត្រៀមសម្រាប់ទទួលពលករមកពីថៃតាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។
វិទ្យាល័យ ១០មករា ជាទីតាំងមួយដែលត្រៀមសម្រាប់ទទួលពលករមកពីថៃតាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។
សៀមរាប៖ រាជរដ្ឋាភិបាល បានសម្រេចយកខេត្តសៀមរាប ជាខ្សែត្រៀមទី២ ដើម្បីទទួលពលករវិលត្រឡប់ពីប្រទេសថៃតាមព្រំដែនខេត្តឧត្តរមានជ័យ ខណៈបច្ចុប្បន្នខេត្តនេះខ្វះកន្លែងដាក់ប្រជាពលរដ្ឋទាំងនោះ។


នាយករដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល បានឱ្យដឹងថា មកដល់ពេលនេះអាជ្ញាធរបានរៀបចំទីតាំងចំនួន៤ក្នុងក្រុងសៀមរាប សម្រាប់ដាក់ពលករទើបវិលត្រឡប់មកពីប្រទេសថៃ ទោះបីមិនមែនជាពលរដ្ឋក្នុងខេត្តសៀមរាបក៏ដោយ។ លោកបញ្ជាក់ថា ទីតាំងទាំងនោះរួមមាន វិទ្យាល័យវត្តស្វាយ វិទ្យាល័យអង្គរ វិទ្យាល័យ ១០មករា និងវិទ្យាល័យសម្ដេចឪ។ លោកបន្ថែមថា ក្រៅពីក្នុងក្រុង អាជ្ញាធរក៏បានរៀបចំកន្លែងដាក់ពលករតាមស្រុកចំនួន៥ទៀត មានស្រុកប្រាសាទបាគង (វិទ្យាល័យស្វាយធំ) ស្រុកអង្គរជុំ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកក្រឡាញ់។

លោក សុខ ថុល បន្ថែមទៀតថា ត្រឹមថ្ងៃទី១៥ កក្កដា ខេត្តសៀមរាបទទួលពលករមកពីថៃតាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យជាង២ពាន់រួចហើយ ដែលបានដាក់ធ្វើចត្តាឡីស័ក និងព្យាបាលតាមស្រុកជុំវិញ។

អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១៦កក្កដា ខេត្តនេះមានអ្នកជំងឺកូវីដ១៩ សរុប ២,៣១៩នាក់ ក្នុងនោះគ្រាន់តែពលករមានចំនួនជាង ២,១០០នាក់។ លោកបន្ថែមថា ក្នុងចំណោមនោះភាគច្រើនជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា ហើយក៏មានមួយចំនួនជាពលរដ្ឋខេត្តឧត្តរមានជ័យដែរ។

អ្នកនាំពាក្យរូបនេះបន្តថា សន្ទស្សន៍នៃការសម្រុកចូលស្រុកវិញរបស់ពលករខ្មែរតាមច្រកព្រំដែនអូរស្មាច់ នៅតែមានចំនួនច្រើន ដែលក្នុងមួយថ្ងៃមានចន្លោះពី៣០០ទៅ៤០០នាក់ ហើយក្នុងចំណោមនោះជាមធ្យមរកឃើញវិជ្ជមានជំងឺកូវីដ១៩ ៧០នាក់។ តាមអ្នកនាំពាក្យដដែល មកដល់ពេលនេះខេត្តឧត្តរមានជ័យមានកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ សុរបជាង ២០ទីតាំង ហើយគ្រោងនឹងពង្រីកបន្ថែមទៀត។

តាមការបញ្ជាក់ពីលោក ឌី រ៉ាដូ បច្ចុប្បន្នរាជរដ្ឋាភិបាលបានចេញគោលការណ៍ថ្មី បន្ទាប់ពីរកឃើញវិរុសបំលែងខ្លួនថ្មី ប្រភេទ ឌែលតា ដែលភាគច្រើនរកឃើញលើពលករមកពីប្រទេសថៃ ដូច្នេះតម្រូវឱ្យធ្វើចត្តាឡីស័ក និងព្យាបាលនៅខេត្តជាប់ព្រំដែន ហើយបន្ថែមរយៈពេលចត្តាឡីស័ករហូត ២១ថ្ងៃ៕

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com