ជាតិ
ការងារវេចខ្ចប់ និងដឹកសពអ្នកជំងឺកូវីដ-១៩ មានហានិភ័យតែបុគ្គលិកប្រតិបត្តិមិនរួញរានោះទេ
18, Jul 2021 , 3:22 pm        
រូបភាព
ការដឹកជញ្ជូនសាកសពអ្នកជំងឺកូវីដ-១៩ ទៅបូជា។ រូបភាព៖ មន្ទីរសុខាភិបាលខេត្ត
ការដឹកជញ្ជូនសាកសពអ្នកជំងឺកូវីដ-១៩ ទៅបូជា។ រូបភាព៖ មន្ទីរសុខាភិបាលខេត្ត
សៀមរាប៖ ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ នេះ បុគ្គលិកសុខាភិបាល ឬអ្នកខ្លះហៅថាកងទ័ពអាវស កំពុងបំពេញភារកិច្ចដ៏សំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋខ្មែរ។ ក្រៅពីក្រុមគ្រូពេទ្យ ក្នុងនោះបុគ្គលិកផ្នែកអនាម័យ ការវេចខ្ចប់សាកសពអ្នកជំងឺកូវីដ-១៩ ក៏កំពុងបំពេញការងារដែលមានហានិភ័យខ្ពស់ផងដែរ។ ពួកគេមានទំនួលខុសត្រូវខ្ពស់សម្រាប់ការងារនេះ ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងជំងឺរាតត្បាតខ្លាំងក្លាមួយនេះ។
 
ដ្បិតថា មានហានិភ័យគ្រប់ពេលវេលាយ៉ាងណាក្ដី តែការមានទំនួលខុសត្រូវលើការងារ ស្មារតីចំពោះសង្គមជាតិដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ បានបង្កើនកម្លាំងចិត្តដល់បុគ្កលិកផ្នែកអនាម័យ និងការវេចខ្ចប់សាកសព ឱ្យបន្តធ្វើការងារនេះមិនរួញរាឡើយ។ ពុំមានមនុស្សច្រើនទេ ដែលហ៊ានធ្វើការងារនេះ តែអ្នកកំពុងចូលរួម សុទ្ធតែយល់ថា វាជាភារកិច្ចដ៏អស្ចារ្យរបស់ខ្លួន ដែលគួរធ្វើក្នុងកាលៈទេសៈនេះ។
 
លោក កាត់ គៀន ជាបុគ្គលិកផ្នែកអនាម័យ និងវេចខ្ចប់សាកសពអ្នកជំងឺដែលស្លាប់សារមេរោគកូរ៉ូណា នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ មានវ័យ៥៨ឆ្នាំ លោក គៀន ធ្វើការនៅផ្នែកអនាម័យតាំងពីឆ្នាំ ១៩៩៤ មក និងបានចូលរួមយ៉ាងសកម្មលើការងារអនាម័យ និងវេចខ្ចប់ ពេលមានជំងឺកូវីដ១៩ វាលលុកមកដល់ខេត្តសៀមរាប ដំបូងនៅដើមឆ្នាំ២០២០។ 


បុគ្គលិកផ្នែកអនាម័យកំពុងប្រមូលសំរាមចេញពីអាគារជំងឺធ្ងន់សម្រាប់អ្នកជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ 

លោក គៀន ទទួលស្គាល់ថា ការងារនេះពិតជាប្រឈមខ្លាំងសម្រាប់ខ្លួនឯង និងគ្រួសារ តែលោកមិនរួញរាក្នុងការបំពេញភារកិច្ចដ៏លំបាកនេះឡើយ។ លោកបន្ថែមថា៖« ធ្វើម៉េច បានជាយើងរៀនចេះដឹងហើយ ត្រូវតែតស៊ូដើម្បីជួយប្រជាជនដែលគ្នាមិនដឹងអី គ្នាដែលស្លាប់នោះ»។ ការងារវេចខ្ចប់សាកសពអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាត មិនជាលំបាកពេកទេសម្រាប់លោក គៀន ព្រោះលោកធ្លាប់បានឆ្លងកាត់ និងការបណ្ដុះបណ្ដាលលើកិច្ចការជួរមុខនេះ អំឡុងផ្ទុះជំងឺផ្ដាសាយបក្សីមកម្ល៉េះ។ 
 
ចំណែកបុគ្គលិកម្នាក់ទៀត គឺលោក ស សារី ក៏យល់ពីហានិភ័យសម្រាប់ការងារផ្នែកនេះដែរ។ យ៉ាងណា អ្នកភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប រូបនេះ អះអាងថា៖« នេះជាភារកិច្ចរបស់យើង ទោះមានការព្រួយបារម្ភយ៉ាងណា ក៏ត្រូវធ្វើដែរ ដើម្បីជួយសង្គមយើង»។ នៅផ្នែកអនាម័យ លោក សារី មានការងារជាច្រើនដែលត្រូវបំពេញ តាមទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលបានរៀបចំទាំង៣ទីតាំងមកដល់សព្វថ្ងៃ ដូចជា សម្អាត បាញ់ថ្នាំសម្រាប់មេរោគ និងការវេចខ្ចប់សាកសពជាដើម។ 


លោក កាត់ គៀន បុគ្គលិកអនាម័យ និងវេចខ្ចប់សាកសពអ្នកជំងឺកូវីដ-១៩ 

ចំណែកការងារវេចខ្ចប់សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ លោក សារី ប្រាប់ថា មានការបណ្ដុះបណ្ដាលត្រឹមត្រូវ ពីក្រុមគ្រូពេទ្យជំនាញ ហើយការប្រតិបត្តិការម្ដងៗ ត្រូវមានគ្នា៣នាក់។ លោកបន្តថា មុនចូលទៅវេចខ្ចប់សាកសព គឺត្រូវត្រៀមសម្ភារចាំបាច់ ដូចជា ត្រូវពាក់អាវការពារត្រឹមត្រូវ មានថង់សម្រាប់ខ្ចប់ជាដើម។ 
 
ចំណុចនេះ លោក កាត់ គៀន រៀបរាប់ពីដំណើរការរៀបចំយ៉ាងដូច្នេះថាា៖« មុខខ្ចប់ត្រូវពាក់អាវ យកថង់ កៅស៊ូស្រោប មានខ្សែ ត្រូវចំណាយពេលពី១០ទៅ២០នាទី។ បន្ទាប់មកលើកសពដាក់ឡាន ដល់ឡដុត រហូតមកដល់ពេទ្យវិញបានអាចដោះអាវ»។ លោក គៀន បន្ថែមថា ក្នុងមួយប្រតិបត្តិការសម្រាប់សាកសពមួយ ពួកលោកត្រូវចំណាយពេលនៅជាមួយខោអាវដែលហប់ជិត ហូរញើសពេញខ្លួន ដែលតម្រូវឱ្យលោកនិងក្រុមការងាររួសរាន់ដើម្បីបំពេញការងារនេះ។ យ៉ាងណា ទម្រាំចប់ការងារនេះ គឺរហូតដល់២ម៉ោង ដែលពេលខ្លះធ្វើឱ្យលោកពិបាកជាខ្លាំង ពិសេសពេលមានបញ្ហាដោះទាល់ម្ដងៗ ដោយមិនអាចដោះខោអាវភ្លាមៗបានទេ រហូតទាល់តែមកដល់មន្ទីរពេទ្យវិញ។ 
 
លោក គៀន បន្ថែមថា៖‍« បញ្ហាដោះទាល់ភ្លាមៗ ពេលខ្លះជួបហើយ ពាក់រួចដោះអត់កើតទេ ឈឺពេកដោះអត់កើត ទ្រាំរហូតដល់កន្លែងវិញ ពេលនោះនោមលែងចង់ចេញតែម្ដង»។


 លោក ស សារី បុគ្គលិកផ្នែកអនាម័យ និងវេចខ្ចប់សាកសពអ្នកជំងឺកូវីដ-១៩ 

ក្រៅពីបញ្ហាប្រឈមសម្រាប់ខ្លួនឯង បុគ្គលិកនៅផ្នែកនេះ ក៏តែងទទួលការព្រួយបារម្ភពីក្រុមគ្រួសារខ្លួនផងដែរ។ លោក ស សារី៖‍« ពន្យល់ប្រាប់គាត់ថា ការងារវាប្រឈមៗហើយ តែយើងតស៊ូទៅ ព្រោះវាជាការងារយើងហើយ សំខាន់យើងការពារ»។ រីឯលោក កាត់ គៀន៖« មុនពេលទៅផ្ទះ ត្រូវងូតទឹកឱ្យស្អាត ដូរខោអាវ បាញ់អាល់កុល ហើយទៅដល់ផ្ទះ ត្រូវដោះអាវដែលពាក់ពីពេទ្យទៅទៀត មុជទឺកម្ដងទៀត ក្នុងចិត្តបារម្ភ ទម្រាំឱ្យចៅមកជិត ព្រោះយើងមើលមិនឃើញ ខ្ញុំត្រូវការការពារចឹង មិនមែនទៅភ្លាម អោបចៅភ្លាមទេ...កុំឱ្យមានបញ្ហា»។
 
ជាបុគ្គលចុងក្រោយនៅជាមួយសាកសពដែលគ្មានសាច់ញាតិអាចនៅក្បែរបាន ពេលខ្លះវាពិតជាធ្វើឱ្យបុគ្គលិកទាំងនោះមានការរំជួលចិត្តផងដែរ។ តែបុគ្គលទាំងនោះតែរឹងមាំ និងតាំងចិត្តបំពេញកិច្ចការនេះតទៅមុខទៀត ក្នុងបុព្វហេតុជួយទប់ស្កាត់ជំងឺរាតត្បាតនេះ។ លោក ស សារី៖« ពេលមានករណីស្លាប់ដំបូង វាពិបាកដែរពេលឃើញសាកសព តែយើងនៅតែរឹងមាំ»។ លោក កាត់ គៀន៖« ខ្ញុំគិតថា ការងារនេះវាជួយសង្គមយើង ជួយទប់ស្កាត់ជំងឺកុំឱ្យឆ្លងទៅទៀត កំពុងបំពេញការងារដ៏សំខាន់ដែរ»។
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ខេត្តសៀមរាបមានករណីអ្នកជំងឺកូវីដ-១៩ ស្លាប់២៦នាក់ហើយ។ អាជ្ញាធរបានរៀបចំកន្លែងបូជាសពចំនួន២ តាមវត្តដែលនៅរៀងរាល់ឆ្ងាយពីទីប្រជុំជន ដោយបារម្ភពីហានិភ័យផ្សេងៗ៕
 
 


ការដឹកជញ្ជូនសាកសពអ្នកជំងឺកូវីដ-១៩ ទៅបូជា។ រូបភាព៖ មន្ទីរសុខាភិបាលខេត្ត 
 
 
 

Tag:
 COVID-19
  អ្នកដឹកសាកសពជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com