ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុអ្វីគួរញ៊ាំ “ផ្សិតម្ជុល”? មកពីមូលហេតុល្អៗទាំងនេះ
19, Jul 2021 , 6:59 am        
រូបភាព
ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ញ៊ាំផ្សិតម្ជុល ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថាតើផ្សិតម្ជុលអាចផ្ដល់ផលល្អៗអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលគួររួមបញ្ចូលផ្សិតម្ជុលក្នុងរបបអាហារប្រចាំថ្ងៃ ៖
 
១. ទប់ស្កាត់និងព្យាបាលអាការៈទល់លាមក
 
ផ្សិតម្ជុលមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលនេះហើយជាមូលហេតុដែលអ្នកគួរទទួលទានបន្លែនេះប្រសិនបើចង់ចៀសផុតពីអាការៈទល់លាមក។ អាហារសម្បូរជាតិសសៃខ្ពស់ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាត និងសូម្បីតែជំងឺមហារីកពោះវៀនធំ។
 
២. គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម
 
ជាតិសសៃខ្ពស់ក្នុងផ្សិតម្ជុលក៏ជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ព្រមទាំងមានសមត្ថភាពក្នុងការគ្រប់គ្រងការបញ្ជេញជាតិស្ករទៅក្នុងលំហូរឈាមផងដែរ។ ដូច្នេះការទទួលទានផ្សិតម្ជុល គឺល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬកំពុងប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺនេះ។
 
៣. ពង្រឹងប្រព័ន្ធភាពស៊ាំ
 
អត្ថប្រយោជន៍អ្វីទៀតទៅដែលអ្នកអាចទទួលបានពីការទទួលទានផ្សិតម្ជុល? នោះគឺផ្សិតម្ជុលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។ នេះក៏ព្រោះតែផ្សិតនេះមានលក្ខណៈសម្បត្តិប្រឆាំងមេរោគនិង ការរលាក ព្រមទាំងជាប្រភពដ៏ប្រសើរនៃអាស៊ីតអាមីណូដែលជួយពង្រឹងនិងរក្សាសុខភាពប្រព័ន្ធភាពស៊ាំរាងកាយ។
 
៤. ជួយឱ្យស្រកទម្ងន់
 
នេះក៏ព្រោះតែផ្សិតម្ជុលមានផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប។ ដូច្នេះការរួមបញ្ចូលបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃអាចជួយឱ្យអ្នកអាចស្រកទម្ងន់ដែលលើសចេញបានយ៉ាងងាយ។ វាក៏មានផ្ទុកអាស៊ីត conjugated linolenic acid (CLA) ដែលអាចដុតបំផ្លាញកោសិកាខ្លាញ់ផងដែរ។ ការទទួលទានផ្សិតម្ជុលក៏ជួយសម្រួលដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយនិងបង្កើនការស្រូវយកសារធាតុចិញ្ចឹមសំខាន់ៗផងដែរ។
 
៥. ជួយឱ្យសាច់ដុំកាន់តែរឹងមាំ
 
ផ្សិតម្ជុលជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលល្អណាស់សម្រាប់ពង្រឹងសុខភាពសាច់ដុំ។ ប្រូតេអ៊ីនក៏ល្អសម្រាប់ស្បែក សក់ និងក្រចកផងដែរ។
 
៦. ជំងឺខ្វះគ្រាប់ឈាមក្រហម
 
ផ្សិតម្ជុលមានផ្ទុកជាតិដែកដែលសំខាន់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហមជួយដឹកជញ្ជូនអុកស៊ីសែន។ បន្ថែមពីនេះជាតិដែកគ្រប់គ្រងក្នុងរាងកាយក៏ជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែកផងដែរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com