រថយន្ត
អន្តរជាតិ
ការនាំចេញរថយន្ត និងគ្រឿងបន្លាស់ជាផ្នែកនៃការពង្រឹងសេដ្ឋកិច្ចថៃក្នុងបរិបទកូវីដ-១៩
19, Jul 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
ការនាំចេញរថយន្ត និងគ្រឿងបន្លាស់ បានរួមចំណែកទប់ទល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចថៃ នាអំឡុងវិបត្តិកូវីដ-១៩ ខណៈប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្លាប់តែពឹងផ្អែកលើវិស័យទេសចរណ៍ជាអាទិភាព។
 
កាលពីខែឧសភា ថៃមានកំណើន១៧០ភាគរយលើការនាំចេញរថយន្ត ផ្នែក និងគ្រឿងបន្លាស់ផ្សេងៗ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទិន្នន័យនេះ បង្ហាញពីកំណើនដ៏លឿនជាកំណត់ត្រាសម្រាប់រយៈពេលជាង៨ឆ្នាំចុងក្រោយ។
 
លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា ការនាំចេញជាក្បាលម៉ាស៊ីនដ៏ចម្បងក្នុងការពង្រឹងសេដ្ឋកិច្ច ខណៈវិស័យទេសចរណ៍នៅតែមិនទាន់ងើបមុខរួច។
 
ថៃដែលត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលនៃគ្រឿងបន្លាស់រថយន្តលំដាប់ទី៤នៅអាស៊ី មានក្រុមផលិតរថយន្តលំដាប់ពិភពលោកដែលជាដៃគូរ ក្នុងនោះមានដូចជា តូយ៉ូតា និងហុងដា ជាដើម។
 
បើតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) រំពឹងថា ការនាំចេញរថយន្តដែលផលិតបានពេញលេញ អាចកើនពី៨០ម៉ឺនទៅ៨៥ម៉ឺននៅឆ្នាំនេះ ខណៈគោលដៅដំបូងមានត្រឹមតែ៧៥ម៉ឺនគ្រឿងប៉ុណ្ណោះ។
អ្នកនាំពាក្យ FTI វាយតម្លៃថា ការនាំចេញរថយន្តសរុប នឹងនាំចំណូលបាន៣១.៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១នេះ ខណៈកាលពីឆ្នាំ២០១៩ មុនពេលដែលកូវីដ-១៩ វាយលុក សម្រេចបានជិត២៤ពាន់លានដុល្លារអាមេរិក។
 
អតិថិជនដ៏ធំបំផុតសម្រាប់ការនាំចេញយានយន្តថៃនោះ គឺអូស្ត្រាលី ដែលមានកំណើនគុណជាបីកាលពីខែឧសភា ខណៈវៀតណាម និងជប៉ុន ក៏កាន់តែមានតម្រូវការច្រើនឡើងផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com