ជាតិ
ខេត្តព្រះសីហនុ និងកោះកុង អាចរងជំនន់ទឹកភ្លៀង ដោយសារឥទ្ធិពលកូនព្យុះ «សេមប៉ាកា»
19, Jul 2021 , 4:46 pm        
រូបភាព
ដោយ៖ ប៉ូ សុភា
 
ភ្នំពេញ៖ ការព្យាករក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ កក្កដា បានឱ្យដឹងថា កម្ពុជា នឹងរងឥទ្ធិពលកូនព្យុះទី៧ សេមប៉ាកា ពីភាគខាងត្បូងប្រទេសចិន បូករួមទាំងខ្យល់មូសុងនិរតីខ្លាំង  ដោយភ្ជាប់ជាមួយប្រព័ន្ធសម្ពាធ ITCZ។ ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់មួយចំនួន មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ចាប់ពីថ្ងៃទី១៩-២២ ខែកក្កដា។

បើតាមក្រសួងធនធានទឹក ព្យុះទី៦ឈ្មោះ IN-FA  ដែលកើតនៅលើសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃទី១៨ នឹងវិវត្តន៍ទៅជាព្យុះទីហ្វុង នឹងបកតម្រង់ទៅកាន់ភាគខាងកើតប្រទេសចិន។ ចំណែកឯ វិសម្ពាធមួយទៀតដែលស្ថិតក្នុងក្នុងសមុទ្រចិនជិតហុងកុង នឹងបង្កើតជាកូនព្យុះទី៧ ឈ្មោះសេមប៉ាកា« CEMPAKA»។ ជាមួយគ្នានេះ ជ្រលងនៃកូនព្យុះទី៧ រួមនឹងខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពោធទាប ITCZ នឹងមានឥទ្ធិពលលើកម្ពុជារយៈពេល៣ថ្ងៃ។
 
ក្រសួងធនធានទឹក បញ្ជាក់ថា ស្ថានភាពបែបនេះ អាចធ្វើឱ្យបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីបង្កួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង។ លើសពីនេះ តំបន់ជាប់មាត់ទន្លេមេគង្គ ជួរភ្នំដងរែក និងជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន  លាយឡំជាមួយខ្យល់កន្រ្តាក់ ក្នុងកម្រិតខ្លាំង។
 
ចំពោះតំបន់នៅជាប់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងធ្លាក់កម្រិតបង្គួរទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ចំណែកនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់កន្ត្រាកបោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
 
ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន ដើម្បីរក្សាសុវត្តិភាព។ ជាពិសេសអ្នកប្រកបរបរនេសាទតាម ទន្លេ និងសមុទ្រជា មេត្តាត្រៀមលក្ខណៈ បញ្ចៀសនូវគ្រោះថ្នាក់ដែលអាចនឹងកើតឡើងជាយថាហេតុ៕
 
  
 

Tag:
 អាកាសធាតុ
  ព្យុះសេមប៉ាកា
© រក្សាសិទ្ធិដោយ thmeythmey.com