ជាតិ
យុវជនសកម្ម សេវាល្អ
សង្គមជាតិ
ដ្បិតពិការជើង តែយុវជន សន គឹមសិទ្ធិ ប្ដេជ្ញារៀនឱ្យចប់វិទ្យាល័យ និងបន្តរៀនIT
20, Jul 2021 , 1:59 pm        
រូបភាព
ដោយ៖ នឿន ចន្ទ័ណា(យុវជនឃុំជុំគ្រៀល)

កំពត៖ យុវជន សន គឹមសិទ្ធិ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ស្ថិតក្នុងខេត្តកំពត។ ដ្បិតមានពិការភាពជើង តែគឹមសិទ្ធិ ប្តេជ្ញាខិតខំរៀនសូត្រ និងប្រឡងបាក់ឌុបឱ្យជាប់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា (IT) ដែលជាក្ដីបំណងសម្រាប់អនាគត។


យុវជន សន គឹមសិទ្ធិ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។ រស់នៅជាមួយគ្រួសារ ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត មុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ គឹមសិទ្ធិ ធ្វើដំណើរទៅសាលាដោយម៉ូតូកែច្នៃមានកង់បួន ដ្បិតពិការជើងទាំងសងខាង។ បច្ចុប្បន្ន គឹមសិទ្ធិ ត្រូវសិក្សាពីចម្ងាយជាមួយលោកគ្រូ-អ្នកគ្រូ តាមរយៈកម្មវិធីចំនួន២គឺ Zoom និង Google Meet។ ការសិក្សាតាមប្រព័ន្ធអនឡាញនេះ ផ្ដល់ភាពងាយស្រួលដល់ គឹមសិទ្ធិ ប៉ុន្តែក៏ភាពលំបាកមួយចំនួនផងដែរ។ 
 
«បើខ្ញុំជាជនពិការអ៊ីចឹង ពេលរៀនតាមអនឡាញ វាស្រួលដែរព្រោះមិនបាច់ជិះម៉ូតូទៅរៀននៅសាលា។ អង្គុយរៀននៅផ្ទះបាន។ តែក៏ពិបាក ពេលខ្លះពិបាកសួរគ្រូ ព្រោះបញ្ហាអ៊ីនធើណិត ពិបាកស្ដាប់គ្រូពន្យល់ អត់ដូចរៀនក្នុងថ្នាក់ទេ។ ហើយក៏ពិបាកសួរដែរ»។ នេះបើតាមការលើកឡើងរបស់យុវជន សន គឹមសិទ្ធិ ដោយបន្ថែមថា គ្រូបង្រៀនតាមកាលវិភាគដដែលទាំងអស់១០មុខវិជ្ជាមាន គណិតវិទ្យា,ភាសាខ្មែរ,រូបវិទ្យា,គីមីវិទ្យា,ជីវៈវិទ្យា,ប្រវត្តិវិទ្យា,ភូមិវិទ្យា,ពលរដ្ឋវិទ្យា,ផែនដីវិទ្យា និងអង់គ្លេស។ តាមការបញ្ជាក់របស់ គឹមសិទ្ធិ មួយថ្ងៃរៀន៥ម៉ោង លើមុខវិជ្ជាចំនួន៣ គឺពេលព្រឹកចាប់ពីម៉ោង៧ដល់ម៉ោង១០ និងពេលរសៀលចាប់ពីម៉ោង២ដល់ម៉ោង៤ល្ងាច។
 


 
ដ្បិតមានកាយសម្បទាមិនពេញលេញដូចមនុស្សទូទៅ តែយុវជន សន គឹមសិទ្ធិ ស្រវាស្រទេញរៀនសូត្រ និងប្តេជ្ញាចិត្តប្រឡងបាក់ឌុកឆ្នាំនេះឱ្យជាប់ ដើម្បីបន្តរៀនជំនាញ IT នៅមហាវិទ្យាល័យ។ «ពេលប្រឡងជាប់ ខ្ញុំចង់រៀនត IT។ ដោយសារខ្ញុំឃើញបងខ្ញុំគាត់រៀន គាត់ចេះចុចកុំព្យូទ័រ ចេះធ្វើកុំព្យូទ័រ ហើយខ្ញុំចង់អ៊ីចឹងដែរ។ ណាមួយពុកម៉ែ បងប្អូនក៏គាត់ថា វាត្រូវជាមួយខ្ញុំ អត់ប្រើកម្លាំង អ៊ីចឹងខ្ញុំអាចធ្វើបាន»។ នេះបើតាមការរៀបរាប់របស់យុវជន សន គឹមសិទ្ធិ។
 
យុវជន សន គឹមសិទ្ធិ ពិការភាពជើងទាំងសងខាងតាំងពីអាយុ៥ឆ្នាំ ដោយសារមានបញ្ហាឆ្អឹងជើងមិនរឹងមាំ (ពុកឆ្អឹងកជើង)។ ទោះជាយ៉ាងណា គឹមសិទ្ធិ មិនដែលទទួលបានការរើសអើង ឬការបន្ទោសបង្អាប់ពីមនុស្សជុំវិញខ្លួនឡើយ។ ផ្ទុយទៅវិញ គឹមសិទ្ធិ តែងទទួលបានអប់រំ ជំរុញ និងលើកទឹកចិត្ត ពីលោកគ្រូ-អ្នកគ្រូ និងឱពុកម្ដាយរបស់គេផងដែរ ហើយរូបគេក៏ស្នើ ទៅសាធារណជនបង្កើនការយកចិត្តទុកដាក់លើជនមានពិការភាព កុំមើលងាយ ផ្តល់សិទ្ធិស្មើៗគ្នា និងឱ្យតម្លៃដល់មានពិការភាព។
 


 
លោក ញឹម សារ៉ាត នាយកនៃវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង បានលើកឡើងថា វិទ្យាល័យកំពតក្រុង មានសិស្សពិការចំនួន១២នាក់កំពុងសិក្សា ស្មើនឹង១ភាគរយប៉ុណ្ណោះនៃចំនួនសិស្សសរុប។ លោក បន្តថា ក្រៅពីផ្ដល់ការសិក្សាអប់រំ សាលាកំពតក្រុង ក៏ផ្ដល់អាទិភាពដល់សិស្សពិការ ដោយធ្វើជម្រាលផ្លូវ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពួកគេ ផ្ដល់ការសិក្សានៅបន្ទប់ជាន់ក្រោម និងអង្គុយតុមុខជាដើម។ ទន្ទឹមនឹងនេះ លោកគ្រូ-អ្នកគ្រូ បានផ្ដល់ការណែនាំ ការលើកទឹកចិត្ត និងជំរុញឱ្យពួកគេមានភាពក្លាហានផងដែរ។ 


 
បើតាមលោកនាយកសាលាដដែល កន្លងមកមានអង្គការ Epicarts បានជួយសម្រួល និងធានារ៉ាប់រងលើមធ្យោបាយធ្វើដំណើរសម្រាប់មានពិការភាព នៃវិទ្យាល័យកំពតក្រុងផងដែរ។ លោក ញឹម សារ៉ាត បានលើកឡើងថា៖«ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះសិស្សមានពិការភាព ព្រោះកាលពីឆ្នាំទៅសិស្សពិការភាពភ្នែក បានប្រលងជាប់រួចបន្តទៅរៀនមហាវិទ្យាល័យ។ រហូតមកដល់បច្ចុប្បន្ន មិនទាន់មានសិស្សណាម្នាក់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រឡើយ»។ លោក បន្តថា ដ្បិតពួកគេមានពិការភាព តែពួកគេតស៊ូណាស់។ ជនដែលមានពិការភាព បានរៀនចប់វិទ្យាល័យ ហើយបន្តទៅមហាវិទ្យាល័យពិតជាល្អប្រសើរណាស់។ កន្លងមកលោកគ្រូ-អ្នកគ្រូ បានលើកទឹកចិត្ត និងផ្ដល់ជាថវិកា និងសម្ភារសិក្សាមួយចំនួនដល់ពួកគេជាដើម។
 


 
ទោះបីជាមានកូវីដ-១៩ តែការប្រឡងស្មូត សូត្រកំណាព្យ ថ្នាក់ខេត្តនៅតែរៀបចំឡើង ហើយបានផ្ដល់ឱកាសដល់សិស្សពិការចូលរួមផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ញឹម សារ៉ាត ដោយបន្តថា ឆ្នាំនេះ សិស្សមានពិការភាពភ្នែកម្នាក់នៅសាលាកំពតក្រុង បានជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងការប្រឡងសូត្រកំណាព្យទូទាំងខេត្ត។ ប៉ុន្តែការប្រកួតនានាទូទាំងប្រទេស ត្រូវបានផ្អាក។
 
នាយកសាលាវ័យ៥៨ឆ្នាំរូបនេះ ប្តេជ្ញាចិត្តអប់រំ និងបណ្ដុះបណ្ដាលសិស្សពិការ ឱ្យបានរៀនចប់និងមានអនាគតល្អ។ លោក បញ្ជាក់ថា បើមានអង្គការណាមួយចង់ទំនុកបម្រុងលើការសិក្សារបស់សិស្សមានពិការភាព លោក នឹងផ្ដល់របាយការណ៍ ពីសិស្សមានពិការភាពទៅអង្គការនោះ។ លោកនាយកសាលា ញឹម សារ៉ាត បន្ថែមថា៖«ពួកគេខិតខំរៀនសូត្រ និងបើកទូលាយឱ្យកូនៗទាំងអស់មានបញ្ហាប្រឈមណាមួយអាចផ្ដល់ដំណឹងទៅគណៈគ្រប់គ្រង ដើម្បីឱ្យពួកគេជាអ្នកដោះស្រាយជូន»។ លោក ញឹម សារ៉ាត បានអះអាងថា ជនមានពិការភាព អាចមានឱកាសរៀនសូត្របានខ្ពង់ខ្ពស់ ដូច្នេះលោកនឹងអាចផ្ដល់អាហារូបករណ៍ ឬសុំអាហារូបករណ៍ ពីមហាវិទ្យាឱ្យទៅសិស្សមានពិការភាព បានបន្តការសិក្សារៀនសូត្រផងដែរ៕
 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 
 
 
 
 

Tag:
 យុវជនឃុំជុំគ្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com