អន្តរជាតិ
សិស្សតំបន់ដាច់ស្រយាលនៅស្រីលង្ការៀនអនឡាញ តាមមែកឈើ ព្រោះគ្មានសេវាអ៊ីនធឺណិត
20, Jul 2021 , 9:29 pm        
រូបភាព
ប្រភពរូប៖ AP
ប្រភពរូប៖ AP
ដោយ: ធីតា
ឡើងចុះភ្នំ ឆ្លងកាត់ផ្ទាំងថ្ម និងព្រៃឈើក្រាស់ៗ ហើយបន្តឡើងលើដើមឈើដើម្បីចាប់យកសេវាអ៊ីនធឺណិតសម្រាប់ការសិក្សាអនឡាញ។ ទាំងនេះជាសកម្មភាពប្រចាំថ្ងៃរបស់គ្រូ និងសិស្សដែលស្ថិតនៅតំបន់ដាច់ស្រយាលក្នុងប្រទេសស្រីលង្កា នាអំឡុងនៃការរាលដាលកូវីដ-១៩។
 
អ្នកគ្រូ Nimali Anuruddhika ដែលមានជំនាញផ្នែក IT តែងតែរៀបចំមេរៀនសម្រាប់សិស្សរបស់ខ្លួនដើម្បីឲ្យពួកគេអាចទាញយកដោយមិនចាំបាច់ទៅសាលារៀន។ គ្រូផ្សេងទៀតក៏ធ្វើយ៉ាងដូច្នោះដែរ ដោយសារសិស្សជាច្រើនត្រូវធ្វើដំណើរក្នុងផ្លូវដ៏វែងឆ្ងាយដើម្បីស្វែងរកកន្លែងដែលមានសេវាអ៊ីនធ័រណិតដើម្បីទាញយកមេរៀន។
 
យោងតាមការផ្សាយរបស់ Al Jazeera សិស្សដែលនៅភូមិ Bohitiwaya ត្រូវធ្វើដំណើរឡើងចុះភ្នំជាងបីគីឡូម៉ែត្រដើម្បីទទួលបានមេរៀនអនឡាញ និងស្តាប់ការណែនាំបន្ថែមពីគ្រូ ដោយពេលខ្លះពួកគេបានប្រទះឃើញខ្លាឃ្មុំ និងដំរី នៅតាមផ្លូវផងដែរ។


 ប្រភពរូប៖ AP

សិស្សមួយចំនួនដែលរស់នៅ Lunugala ចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីសាលា ក៏មិនអាចទៅយកមេរៀនផ្ទាល់បាននោះដែរ ពួកគេត្រូវស្វែងរកទីខ្ពស់ ជាពិសេសនៅតំបន់ព្រៃឈើបម្រុង ដើម្បីអាចឲ្យស្មាតហ្វូន និងកុំព្យូទ័រយួរដៃរបស់ពួកគេអាចចាប់យកសេវាបាន។
 
ឪពុកម្តាយរបស់សិស្សទាំងនោះភាគច្រើន ជាកសិករ ដោយពួកគាត់មិនមានលទ្ធភាពអ្វីច្រើននោះឡើយ។ អ្នកខ្លះ បានជូនកូនឡើងភ្នំជាប្រចាំ ចំណែកឯសិស្សដែលមិនមានឧបករណ៍អេឡិចត្រូនិក ត្រូវរង់ចាំការចែករំលែកពីសិស្សផ្សេងទៀត។
 
ស្រីលង្កា បានបិទដំណើរការសាលារៀន តាំងពីខែមីនា ឆ្នាំ២០២០ ដោយសារតែការរាលដាលកូវីដ-១៩ ដោយស្ថាប័នអប់រំអះអាងពីការខំប្រឹងប្រែងដើម្បីឲ្យសិស្សទាំងអស់នៅតែអាចបន្តការសិក្សា។ ទោះបីជាយ៉ាងណាក៏ដោយ លោក Joseph Stalin ដែលជាប្រធានសមាគមគ្រូបង្រៀនមួយរូប វាយតម្លៃថា សិស្សប្រមាណតែ៤០ភាគរយប៉ុណ្ណោះ អាចចូលរួមសិក្សាអនឡាញ ខណៈសិស្សផ្សេងទៀត ខ្វះខាតមធ្យោបាយគ្រប់បែបយ៉ាង៕ 


 ប្រភពរូប៖ AP
 

© រក្សាសិទ្ធិដោយ thmeythmey.com