COVID-19
ជាតិ
កូវីដ-១៩៖ ឧត្តរមានជ័យមាន១៦៥នាក់​ ខណៈសៀមរាបមានអ្នក​ស្លាប់ដល់ទៅ៤នាក់
21, Jul 2021 , 10:23 am        
រូបភាព
ជំងឺកូវីដ-១៩ នៅបន្តរាតត្បាតឥតស្រាកស្រាន្តនៅកម្ពុជា។ នៅថ្ងៃទី២០ កក្កដា ខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកឆ្លងថ្មីចំនួន ១៦៥នាក់ទៀត ខណៈសៀមរាប មានករណីថ្មី៩៨នាក់ និងអ្នកស្លាប់ដល់ទៅ៤នាក់។ ខេត្តព្រៃវែង មាន១៩៧នាក់ និងអ្នកស្លាប់២នាក់ដែរ ​ខេត្តកំពត និងកំពង់ធំ ក៏មានករណីស្លាប់ម្នាក់រៀងខ្លួនដែរ ខណៈអ្នកឆ្លងថ្មីសរុបក្នុងខេត្តទាំង២ ជិត១០០នាក់ ។ ខេត្តកោះកុង ក៏ឥតមានថមថយដែរ ដោយរកឃើញ៧៤ករណីទៀត ហើយអ្នកសះស្បើយមាន១៨២នាក់។
 
ឧត្តរមានជ័យ៖ មាន១៦៥នាក់ទៀត និងជាសះស្បើយ៩ករណី
 
មនុស្សចំនួន ១៦៥នាក់ទៀត បានឆ្លងកូវីដ-១៩ ខណៈអ្នកជាសះស្បើយមានចំនួន៩នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី គឺភាគច្រើនជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ និងមួយចំនួនជាពលករដែលកំពុងធ្វើចត្តាឡីស័ក។ អ្នកវិជ្ជមានថ្មីជិត២០នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដែលជាពលរដ្ឋរស់នៅស្រុកសំរោង ស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង។ បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៣,១៥៣ករណី ក្នុងនោះ ២,៩៣៥នាក់ ជាករណីនាំចូល។ អ្នកដែលបាន​ជាសះស្បើយមានចំនួន ៥៥៣នាក់, ស្លាប់៦នាក់ និងអ្នកជំងឺចំនួន២,៥៩៤នាក់ កំពុងសម្រាកព្យាបាល។
 
ព្រៃវែង៖ ករណីថ្មី១០៧នាក់ ជាះស្បើយ៤៥នាក់ និងស្លាប់២នាក់
 
រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៧នាក់បន្ថែមទៀត ខណៈអ្នកសះស្បើយមានចំនួន ៤៥នាក់។ ករណីស្លាប់មាន២នាក់ទៀត។ ក្នុងចំណោមអ្នកទើបឆ្លងនោះមានពលរដ្ឋដែលរស់នៅក្រុងព្រៃវែង ស្រុកព្រះសេ្ដច, កំចាយមារ, ​ពារាំង, ​ពាមជរ, ​​ ស៊ីធរកណ្ដាល, ​​កញ្ច្រៀច, ​មេសាង, ​ពាមរក៍, ​បាភ្នំ, ​ស្វាយអន្ទរ និងស្រុកកំពង់ត្របែក។ អ្នកវិជ្ជមាន១នាក់ទៀតជាអ្នកខេត្តសៀមរាប។
 
ចំណែកករណីស្លាប់ គឺជាស្ត្រីទាំង២នាក់ ដោយម្នាក់មានវ័យ ៦៧ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ ម្នាក់ទៀតវ័យ ៧៩ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ 
 
បច្ចុប្បន្ន ខេត្តព្រៃវែង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៣៣៩២នាក់ ក្នុងនោះ១៩៣២នាក់ ស្លាប់៥៣នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១៤០៧នាក់។
 
សៀមរាប៖ ឆ្លងថ្មី៩៨នាក់ ជា១២០នាក់ និង៤នាក់ស្លាប់
 
អ្នកជំងឺចំនួន ១២០នាក់ បានជាសះស្បើយ ខណៈអ្នកវិជ្ជមានកូវីដ-១៩ថ្មីមាន៩៨នាក់ និង៤នាក់ទៀតស្លាប់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំងនោះ ជិត៣០នាក់ជាទារក និងកុមារ និង៧នាក់ជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ អ្នកឆ្លងភាគច្រើនជាពលរដ្ឋនៅក្រុងសៀមរាប ហើយក្រៅពីនេះមានអ្នកស្រុកជីក្រែង, សូទ្រនិគម, ប្រាសាទបាគង, ពួក និងស្រុកវ៉ារិន។ អ្នកវិជ្ជមានមួយចំនួនទៀតជាពលរដ្ឋនៅខេត្តបាត់ដំបង ,ត្បូងឃ្មុំ, បន្ទាយមានជ័យ និងខេត្តស្វាយរៀង។
 
ចំពោះករណីស្លាប់ គឺមានជនជាតិអាមេរិកាំងម្នាក់ និងខ្មែរ៣នាក់។ ជនបរទេសដែលស្លាប់នោះ មានអាយុ៥៩ឆ្នាំ មានអាសយដ្ឋាននៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ អ្នកស្លាប់ម្នាក់ទៀត ជាស្ត្រីវ័យ ៣៥ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ម្នាក់ទៀត ជាបុរសវ័យ ៦៤ឆ្នាំ រស់នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម និងករណីស្លាប់ទី៤ជាបុរសវ័យ ៦១ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។
 
បច្ចុប្បន្ន ខេត្តសៀមរាប អ្នកកើតកូវីដ-១៩ ចំនួន ៣៣១៧នាក់ ក្នុងនោះ១៤៩៦នាក់បានជាសះស្បើយ, ៣១នាក់ស្លាប់ និងអ្នកជំងឺចំនួន១៧៩០នាក់កំពុងសម្រាកព្យាបាល។ 
 
កោះកុង៖ ឆ្លងថ្មី៧៤នាក់ និង១៨២នាក់ជាសះស្បើយ
 
អ្នកជំងឺចំនួន ១៨២នាក់ បានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមានចំនួន៧៤នាក់។ ក្នុងចំណោមករណីថ្មីនេះ គឺជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ , ស្រុកមណ្ឌលសីមា, ស្រែអំបិល, គិរីសាគរ និងបទុមសាគរ។ គិតត្រឹមថ្ងៃទី២០ ​កក្កដា ខេត្តកោះកុងមានអ្នកស្លាប់ដោយសារ ​កូវីដ-១៩ ចំនួន២០នាក់។
 
កំពត៖ មាន៧១នាក់បន្ថែម ជា២០៧នាក់ និងស្លាប់១នាក់
 
អ្នកជំងឺចំនួន ២០៧នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមានចំនួន ៧១នាក់។ អ្នកស្លាប់មាន១នាក់បន្ថែមដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ភាគច្រើនជាពលរដ្ឋរស់នៅស្រុកទឹកឈូ ហើយក្រៅពីនេះ គឺជាអ្នកស្រុកកំពង់ត្រាច ,ឈូក និងស្រុកបន្ទាយមាស។ អ្នកវិជ្ជមាន៥នាក់ជាអ្នកខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩ ​នៅខេត្តកំពត មានចំនួន ២៧១៥ នាក់ ក្នុងនោះ២០៨៩នាក់ បានជាសះស្បើយ,៣៤នាក់បានស្លាប់ និងអ្នកដែលកំពុងសម្រាកព្យាបាលមានចំនួន ៥៩២នាក់។ 
 
កំពង់ធំ៖ ឆ្លងថ្មី២៦នាក់ ជាសះស្បើយ៣៨នាក់ និងស្លាប់១នាក់​
 
អ្នកជំងឺចំនួន៣៨នាក់ បានជាសះស្បើយ ខណៈរកឃើញអ្នកឆ្លងថ្មីចំនួន២៦នាក់បន្ថែម និងស្លាប់មាន១នាក់ទៀត។ អ្នកដែលទើបឆ្លងនោះ មានពលរដ្ឋរស់នៅក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ បារាយណ៍ តាំងគោក និងស្រុកសន្ទុក។ គិតត្រឹមថ្ងៃទី២០កក្កដា ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៤៨៩នាក់ ក្នុងនោះ១០០០នាក់បានជាសះស្បើយ,៣១នាក់ស្លាប់ និង៤៥៨នាក់ទៀតកំពុងសម្រាកព្យាបាល។
 
 

Tag:
 ឧត្តរមានជ័យ
  ព្រៃវែង
 កោះកុង
 កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com