ប្រតិភូ និងអត្តពលិកកម្ពុជា បានទៅដល់ក្រុងតូក្យូ កាលពីយប់ថ្ងៃទី២០ ខែកក្កដា ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិកាណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ (Tokyo Olympic Games 2020) ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ ពីភូមិកីឡា លោក វ់ាត់ ចំរើន ដែលជានាយបេសកកម្ម បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ ពីដំណើរទៅចូលរួមដែលឆ្លងកាត់ការត្រួតពិនិត្យដ៏តឹងរ៉ឹងក្នុងបរិបទកូវីដ-១៩។
«ពេលទៅដល់អាកាសយានដ្ឋាន Haneda យើងបន្តឆ្លងកាត់នីតិវិធីផ្សេងៗអស់រយៈពេល៣ម៉ោង មុននឹងអាចចាកចេញទៅកាន់កន្លែងស្នាក់នៅ [ភូមិកីឡា]»។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ តាមបណ្តាញសង្គមតេឡេក្រាម ដោយកត់សម្គាល់ពីការប្រឹងប្រែងរបស់ម្ចាស់ផ្ទះក្នុងការទប់ស្កាត់កូវីដ-១៩។
បើតាមលោក វ៉ាត់ ចំរើន ប្រតិភូ និងអត្តពលិកអូឡាំពិក ទទួលបាននូវការលើកទឹកចិត្ត និងស្វាគមន៍យ៉ាងដិតដល់ និងជាអាទិភាពដោយគិតចាប់តាំងពីការធ្វើដំណើរក្នុងយន្តហោះ ហើយអ្នកចូលរួមទាំងអស់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាច្រើនដំណាក់កាល។
«ដំបូង យើងត្រូវបានតម្រូវឲ្យដោនឡូត App ដើម្បីឆ្លើយសំណួរផ្សេងៗទាក់ទងនឹងសុខភាព១៤ថ្ងៃមុន បន្ទាប់មកបង្ហាញលទ្ធផលតេស្តកូវីដ-១៩ នារយៈពេល៧២ម៉ោងមុនឡើងយន្តហោះពីកម្ពុជា។ ដំណាក់កាលបន្ទាប់ យើងទទួលបំពង់ម្នាក់មួយ ដើម្បីស្តោះទឹកមាត់ ឬផ្តល់កំហាក សម្រាប់ការតេស្តរកកូវីដ-១៩ ដោយមិនចាំបាច់រុកច្រមុះ ឬមាត់នោះឡើយ។ នាពេលទន្ទឹងរង់ចាំ លទ្ធផលតេស្ត យើងត្រូវឆ្លើយសំណួរផ្សេងៗ ទាក់ទងនឹងគម្រោងដើរកម្សាន្តផ្សេងៗនាអំឡុងពេលស្នាក់នៅក្រុងតូក្យូ។ តាមពិតយើងដឹងច្បាស់ហើយថា នេះជាលក្ខខណ្ឌដែលធ្វើឲ្យយើងមិនអាចចេញទៅណាបាននោះឡើយ»។
ក្រោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ទើបប្រតិភូ និងអត្តពលិកកម្ពុជា អាចចេញបន្តដំណើរទៅកាន់កន្លែងពិនិត្យលិខិតឆ្លងដែន ហើយបន្តដំណើរទៅកាន់ភូមិកីឡា (The Olympic Village)។
លោក វ៉ាត់ ចំរើន នាយកបេសកកម្មអូឡាំពិកកម្ពុជា ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានមុនពេលចេញដំណើរទៅតូក្យូ។ រូបថត CAMSOC
សម្រាប់ទិដ្ឋភាពនៅក្នុងទីក្រុងតូក្យូ នាយបេសកម្ម បានសង្កេតឃើញថា មានសភាពស្ងប់ស្ងាត់ ប្រៀបដូចជាស្ថិតក្នុងការបិទខ្ទប់ (Lockdown) ដោយមិនមានប្រជាជនដើរហើរខាងក្រៅច្រើននោះឡើយ។ រាល់ដំណើរ ឬចលនាទាំងអស់របស់អ្នកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកស្ថិតក្រោមការត្រួតពិនិត្យតាមដានពីប្រព័ន្ធបច្ចេកវិទ្យាយ៉ាងតឹងរ៉ឹងពីមណ្ឌលព័ត៌មានកីឡា (Games Information Center)។
«អត្តពលិកទទួលបានស្មាតហ្វូនម្នាក់មួយ ដោយភ្ជាប់ជាមួយការតាមដានបច្ចេកវិទ្យា។ គេក៏អាចតាមដានដំណើររបស់អ្នកចូលរួមម្នាក់តាមរយៈលេខសម្គាល់អត្តសញ្ញាណ (ID) ដែលយើងពាក់នឹងកផងដែរ ព្រោះរាល់ការចេញចូលពីកន្លែងមួយទៅកន្លែងមួយ រួមទាំងចូលក្នុងរថយន្ត សុទ្ធតែឆ្លងកាត់ការស្កែនទាំងអស់»។
អត្តពលិកអូឡាំពិកគ្រប់រូបទទួលបានទូរសព្ទ ម្នាក់មួយគ្រឿង។ រូបថត Sokvisal Nhan
លោក វ់ាត់ ចំរើន បានវាយតម្លៃថា នេះជាការសាងទំនុកចិត្តខ្ពស់ដល់អ្នកចូលរួម ដើម្បីឲ្យពួកគេមានសុវត្ថិភាពពីជំងឺកូវីដ-១៩ ជាពិសេសការរៀបចំខ្លួនតាមរបត់ថ្មីក្នុងការប្រកួតកីឡាអូឡាំពិក និងព្រឹត្តិការណ៍ផ្សេងៗ។
ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅលើកទី៣២នេះ កម្ពុជាមានប្រតិភូ និងអត្តពលិកសរុប៨នាក់ដែលដឹកនាំដោយលោក វ់ាត់ ចំរើន ជានាយបេសកកម្ម។ អ្នករួមដំណើរផ្សេងទៀត រួមមាន លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម, លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី។
លោក ហែម ថុនពន្លឺ គ្រូបង្វឹកកីឡាហែលទឹក ដឹកនាំកីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតលើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រដូចគ្នា រីឯលោក លោក បូរ ពុតរាត្រី គ្រូបង្វឹកកីឡាអត្តពលកម្ម មានកីឡាករ ប៉ែន សុគង់ ដែលត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រ៕