COVID-19
ជាតិ
សម្តេច ហ៊ុន សែន នឹងនាំចៅៗអាយុ១២ឆ្នាំឡើង ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ
23, Jul 2021 , 10:18 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា សម្តេច នឹងនាំចៅៗដែលមានអាយុលើសពី១២ឡើង ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ ការប្រកាសរបស់សម្តេច ធ្វើឡើងក្នុងឱកាសដែលសម្តេច ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទអាស្រ្តស៊ីណេកា ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅព្រលានយន្តហោះភ្នំពេញ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។


ក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងដូច្នេះថា៖«ខ្ញុំ នឹងនាំចៅៗរបស់ខ្ញុំ ដែលមានអាយុលើសពី១២ឆ្នាំ ទៅកាន់ទីនោះ [មន្ទីរពេទ្យកាល់ម៉ែត] អាចនឹងមានរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ ដែលមានកូន មានចៅអាយុ១២ឆ្នាំឡើង ទៅចូលរួមចាក់ [វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩]»។

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារពីអាយុ១២ឆ្នាំទៅ១៧ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ នៅថ្ងៃទី១ ខែសីហា សម្តេច ហ៊ុន សែន នឹងនាំចៅៗដែលមានអាយុលើសពី១២ឆ្នាំទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាលម៉ែត្រ ហើយសម្តេច នឹងធ្វើសន្និសីទកាសែតនៅទីនោះ។ សម្តេច មានប្រសាសន៍ថា យុទ្ធនាការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យកុមារអាយុពីឆ្នាំ១២ទៅ១៧ឆ្នាំ គឺចាប់ផ្តើមពីរាជធានីភ្នំពេញទៅ។

សម្តេចនាយករដ្ឋមន្រ្តី អំពាវនាវថា៖«ខ្ញុំ សូមផ្តាំទៅមាតាបិតា អាណាព្យាបាល យកកូនទៅចាក់វ៉ាក់សាំង ដើម្បីការពារជំងឺរាតត្បាតនេះ ហើយនោះ វា មិនមានអ្វីចម្លែកនោះទេ បើប្រៀបធៀបនឹងទារកនិងកុមារ ដែលបានទទួលវ៉ាក់សាំងជាបន្តបន្ទាប់ ដើម្បីការពារជំងឺច្រើនមុខ ដែលគេ ចាប់ផ្តើមទទួលវ៉ាក់សាំងតាំងពីកើត។ ដូច្នេះ សូមកុំមានការបារម្ភ។ ... វា គ្មានហានិភ័យណាមួយ កើតឡើងសម្រាប់ការចាក់វ៉ាក់សាំងនោះទេ»។

សម្តេច បង្ហើបព័ត៌មានថា ចៅរបស់សម្តេចម្នាក់ ដែលទើបនឹងដល់អាយុ១៧ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយ ដោយសារតែចៅរូបនោះ ត្រូវចេញទៅសិក្សានៅបរទេស។ 

រដ្ឋាភិបាលកម្ពុជា ដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យកុមារនិងមនុស្សវ័យជំទង់អាយុពី១២ឆ្នាំទៅ១៧ឆ្នាំ ប្រមាណ២លាននាក់។ ចំពោះប្រជាពលរដ្ឋខ្មែរអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានជាង៦,៥លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ 

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទអាស្រ្តាស៊ីណេកា១លានដូសដល់កម្ពុជា។ តែសម្រាប់ជើងទី១ រដ្ឋាភិបាលជប៉ុន បញ្ជូនជាង៣,៣សែនដូសសិន មកកាន់កម្ពុជា ដោយវ៉ាក់សាំងដែលនៅសល់ នឹងត្រូវបញ្ជូនមកកម្ពុជានៅជើងក្រោយទៀត៕ 

Tag:
 COVID-19
  វ៉ាក់សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com