ជាតិ
សង្គមជាតិ
របរចិញ្ចឹមជ្រូកជិត២០ឆ្នាំ ជួយអ្នកស្រី រំដួល ផ្គត់ផ្គង់កូនរៀន៥នាក់
24, Jul 2021 , 9:59 pm        
រូបភាព
អ្នកស្រី សួង រំដួល កសិករចិញ្ចឹមជ្រូកនៅខេត្តសៀមរាប (ប្រភពរូបភាព កម្មវិធីអាស្ប៉ាយ)
អ្នកស្រី សួង រំដួល កសិករចិញ្ចឹមជ្រូកនៅខេត្តសៀមរាប (ប្រភពរូបភាព កម្មវិធីអាស្ប៉ាយ)
ដោយ:
 ភ្នំពេញ៖ អ្នកស្រី សួង រំដួល ជាកសិករចិញ្ចឹមជ្រូកម្នាក់ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ ជិត២០ឆ្នាំមកនេះ របរចិញ្ចឹមជ្រូក បានជួយផ្គត់ផ្គង់គ្រួសារ និងជួយឱ្យកូនៗ ទាំង៥នាក់ របស់អ្នកស្រី រៀនដល់ថ្នាក់វិទ្យាល័យ និងគ្រោងបន្តរៀនដល់សាកលវិទ្យាល័យ។ 

 
វិស័យចិញ្ចឹមជ្រូកកាន់តែប្រសើរ ធ្វើឱ្យកសិករ កាន់តែមានលទ្ធភាព ពង្រីកការចិញ្ចឹមរបស់ខ្លួន។ អ្នកស្រី សួង រំដួល ផ្ដើមចិញ្ចឹមជ្រូក ៣ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះ អ្នកស្រី រំដួល មានចិញ្ចឹមជ្រូកប្រមាណ ៣០ក្បាល។ ស្រ្តីវ័យ ៤០ឆ្នាំរូបនេះ បានលើកឡើងថា រយៈពេល ២០ឆ្នាំ មកនេះ របរចិញ្ចឹមជ្រូក បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ការសិក្សាកូនៗ របស់អ្នកស្រី បន្ទាប់ពីរបរធ្វើស្រែ។
 
 «សម្រាប់ខ្ញុំរបរចិញ្ចឹមជ្រូក ពិតជាសំខាន់ ព្រោះខ្ញុំមិនបាច់ទៅរកការងារធ្វើ ដែលនៅឆ្ងាយពីផ្ទះ។ ចិញ្ចឹមជ្រូកនៅផ្ទះ អាចមើលថែកូនៗ និងធ្វើការងារផ្ទះ និងអាចឆ្លៀតពេល ធ្វើស្រែបានផង។ កូនៗ ខ្ញុំទាំង ៥នាក់ បានរៀនដល់ថ្នាក់ទី១១ ថ្នាក់ទី១២ ដោយសារ ការចិញ្ចឹមជ្រូករបស់ខ្ញុំដែរ»។ នេះជាសម្ដីរបស់អ្នកស្រី សួង រំដួល ប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទ។
 
ជាស្រ្តីមេផ្ទះផង និងជាអ្នកចិញ្ចឹមជ្រូកផង ស្រ្តីរូបនេះ ហាក់មិនមានភាពហត់នឿយ និងពេញចិត្តជាមួយការរស់នៅប្រចាំថ្ងៃ របស់គ្រួសារអ្នកស្រី។ បើទោះបី ការចិញ្ចឹមជ្រូករបស់អ្នកស្រី រំដួល មានរយៈពេលច្រើនឆ្នាំក្ដី ប៉ុន្តែអ្នកស្រី បន្តចិញ្ចឹមជ្រូកលក្ខណៈតូចនៅឡើយ។
 
អ្នកខេត្តសៀមរាប រូបនេះ សប្បាយចិត្ត ចំពោះលទ្ធផល និងការវិវដ្ដយ៉ាងប្រសើរនៃទីផ្សារជ្រូក នាពេល បច្ចុប្បន្ន។ ប៉ុន្តែ អ្នកស្រី រំដួល ក៏បារម្ភពីការរីករាលដាលនៃជំងឺប៉េស្ដជ្រូកអាហ្វ្រិក និងការឡើងថ្លៃចំណីជ្រូកផងដែរ ដែលនឹងធ្វើឱ្យតម្លៃជ្រូក ធ្លាក់ថ្លៃ។ កាលពីឆ្នាំ២០២០ ជ្រូកចំនួន ៧៥ក្បាលរបស់អ្នកស្រី រំដួល បានងាប់គ្មានសល់ ដោយសារ ការរាតត្បាតនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក។
 
អ្នកស្រី រំដួល បានអះអាងដូច្នេះ៖ «សព្វថ្ងៃ ទីផ្សារជ្រូកមិនពិបាកនោះទេ។ ឱ្យតែយើង មានជ្រូក គេមកចាប់ភ្លាមៗដល់ផ្ទះ តែពិបាកបន្តិចព្រោះចំណីឡើងថ្លៃ។ ចំពោះតម្លៃវិញ កាលពីឆ្នាំ២០១៩ តម្លៃជ្រូករស់លក់បានតែ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ តែឆ្នាំនេះ ជ្រូករស់ លក់បានតម្លៃ ១២ ០០០រៀល ក្នុងមួយគីឡូក្រាម»។
 
ជាទូទៅ ការចិញ្ចឹមជ្រូកសាច់ មានរយៈពេល ៤ខែ ទៅ ៤ខែកន្លះ ទើបវាធំធាត់ល្អ និងអាចលក់បាន។ ការចិញ្ចឹមជ្រូកផ្ដោតសំខាន់លើកត្តាមួយចំនួន ដូចជា ការមើលថែ ការផ្ដល់ចំណី ការសម្អាតទ្រុង និងការប្រើប្រាស់ថ្នាំការពារជំងឺជ្រូកផ្សេងៗ ដូចជា ជំងឺជ្រូកត្រជៀកខៀវ និងជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាដើម៕
 
 
 

Tag:
 ជ្រូក
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com