COVID-19
ជាតិ
តុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនមនុស្ស៤នាក់ មិនគោរពវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
24, Jul 2021 , 10:23 pm        
រូបភាព
មនុស្ស៤នាក់ ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ពីបទល្មើសវិធានការរដ្ឋបាលទប់ស្កាត់ជំងឺកូវីដ-១៩។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
មនុស្ស៤នាក់ ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ពីបទល្មើសវិធានការរដ្ឋបាលទប់ស្កាត់ជំងឺកូវីដ-១៩។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ សាលាដំបូងខេត្តសៀមរាប នាថ្ងៃទី២៤ កក្កដា បានសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ ពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បណ្ដាលឱ្យជំងឺនេះឆ្លងរាលដាលនៅក្នុងសហគមន៍។
 
នៅទីបំផុត ថៅកែភោជនីយដ្ឋានយីហោពិភពធម្មជាតិ នៅស្រុកជីក្រែង និងមេការម្នាក់ទៀត ត្រូវបានសលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួននៅពន្ធនាគារខេត្ត នៅល្ងាចថ្ងៃទី២៤ កក្កដា។ គេនៅចាំបានថា ទីតាំងនេះហើយដែលបង្កឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ ជាសហគមន៍ក្នុងខេត្តខ្លាំងក្លានៅដើមខែ មិថុនា ដែលបណ្ដាលឱ្យមានមនុស្សរាប់សិបនាក់ឆ្លងជាបន្តបន្ទាប់ និងរីករាលដាលទៅតំបន់ដទៃ ពិសេសក្នុងក្រុងសៀមរាបយ៉ាងឆាប់រហ័ស។ ករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងហាងនេះ បណ្ដាលមកពីការជួបជុំមិនចាំបាច់របស់មន្រ្តីរាជការមួយក្រុមក្នុងមូលដ្ឋាន ក្នុងនោះក៏មានអធិការស្រុកជីក្រែងផងដែរ។
 
ក្រៅពីនេះ ថៅកែ និងភរិយា ហាងយីហោហាង សប្បាយ សប្បាយ  មួយទៀត ស្ថិតនៅស្រុកជីក្រែងដូចគ្នា ក៏ត្រូវបានតុលាការផ្តន្ទាទោសករណីដូចគ្នានេះដែរ។ ពួកគេសុទ្ធតែត្រូវចោទពីបទ មិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។
 
តាមរដ្ឋបាលខេត្ត ក្រោយពីករណីស៊ើបអង្កេតរឿងរ៉ាវខាងលើនេះរួចមក នៅថ្ងៃទី២២ កក្កដា ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនសំណុំរឿង២ករណីខាងលើ ពីបទចោទបើកកន្លែងផឹកស៊ី ដោយបំពានលើបំរាមវិធានការរដ្ឋបាល។ 
 
ជនត្រូវចោទទាំង៤ខាងលើ រួមមាន ទី១-ឈ្មោះ សាន ឆេងគី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង មុខរបរថៅកែហាងពិភពធម្មជាតិ។ ទី២-ឈ្មោះ ប្រាក់ សារ៉ន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង មុខរបរ មេកាហាងពិភពធម្មជាតិ។ ទី៣-ឈ្មោះ លាង គា ភេទប្រុស អាយុ៤០ឆ្នាំ (ប្តី) រស់នៅភូមិកំពង់ម្កាក់ ឃុំកំពង់ក្តី ស្រុកជីក្រែង មុខរបរម្ចាស់ហាងសប្បាយ សប្បាយ។ និងទី៤-ឈ្មោះ តាំង ម្លិះ ភេទស្រី អាយុ៣៧ឆ្នាំ (ប្រពន្ធ) រស់នៅភូមិកំពង់ម្កាក់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរម្ចាស់ហាងសប្បាយ សប្បាយ។
 
រដ្ឋបាលខេត្ត អំពាវនាវឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក៏ដូចជារួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីកាត់ផ្ដាច់ជំងឺនេះចេញពីសហគមន៍ និងស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com