ជាតិ
សង្គមជាតិ
កម្ពុជា មានមេអំបៅខ្មោចជាង៨០០ប្រភេទ
25, Jul 2021 , 7:59 am        
រូបភាព
រូបភាពពី AKP
រូបភាពពី AKP
 
ភ្នំពេញ៖ កម្ពុជា មានមេអំបៅខ្មោចចំនួន៨៤៩ប្រភេទ។ មេអំបៅខ្មោច មានលក្ខណៈដូចគ្នាទៅនឹងមេអំបៅធម្មតា ដែលមានក្រឡាស្លាបរាងដូចស្រកា ហើយស្ថិតនៅក្នុងលំដាប់ថ្នាក់សត្វល្អិតដូចគ្នា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។


ឯកសារអំពីមេអំបៅខ្មោចរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) បញ្ជាក់ថា មេអំបៅខ្មោច និងមេអំបៅធម្មតា មានលក្ខណៈដូចគ្នាច្រើន ហើយមេអំបៅទាំង២ប្រភេទនេះ មានតួនាទីសំខាន់ដូចគ្នានៅក្នុងស្ថានប្រព័ន្ធ។ មេអំបៅខ្មោចនេះ មានចំនួនច្រើនជាងមេអំបៅធម្មតា ចន្លោះពី៨៩ទៅ៩៤ភាគរយ។ មេអំបៅខ្មោច ត្រូវបានគេទទួលស្គាល់ថា ជាភ្នាក់ងារដំណើរលម្អងដ៏មានសារៈសំខាន់។ សុខុមសត្វនេះ ក៏ជាប្រភពប្រូតេអ៊ីនដែលមានប្រយោជន៍ចំពោះសត្វជាច្រើនដូចជា ថលជលិក (សន្ដានកង្កែប) សន្ដានប្រចៀវ និងបក្សីផងដែរ។

ក្នុងមួយឆ្នាំបក្សីមួយក្បាលស៊ីដង្កូវមេអំបៅខ្មោចរហូតដល់៥០លានក្បាល។ ទន្ទឹមនឹងនេះ មេអំបៅខ្មោច ក៏ ប្រឈមការគំរាមកំហែងមួយចំនួនតាមរយៈការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជម្រក។

ជាមួយគ្នានេះ ការប្រើប្រាស់អំពូលអគ្គិសនីសិប្បនិម្មិតពេលយប់ បានធ្វើឱ្យលម្អងមេអំបៅខ្មោចរោយរាយ និងកាត់បន្ថយពេលស្វែងរកចំណី និងដំណើរលម្អងរបស់ពួកវាផងដែរ។ បញ្ហាទាំងអស់នេះ បានជះឥទ្ធិពលអាក្រក់ដល់ពពួកសត្វមេអំបៅខ្មោចនាពេលអនាគត ព្រោះដំណើរស្វាហាប់ដ៏សំខាន់របស់វាមានការខ្ជះខ្ជាយ។ ប្រភពចំណីកាន់តែខ្វះខាតដោយសារការបាត់បង់ទីជម្រកផងដែរ។

បច្ចុប្បន្ន មេអំបៅខ្មោចត្រូវបានគេរកឃើញនៅតាមទីជម្រកផ្សេងៗគ្នាជាច្រើន។ ពួកវាបានក្លាយជាប្រភេទសត្វល្អិតដ៏មានសារៈសំខាន់ចំពោះសូចនាករស្រាវជ្រាវ ដោយសារតែភាពប្រែប្រួលរបស់វាទៅនឹងការផ្លាស់ប្តូរបរិស្ថាន៕






© រក្សាសិទ្ធិដោយ thmeythmey.com