COVID-19
កីឡាជាតិ
ជាតិ
អត្តពលិកកម្ពុជា៣រូប នឹងត្រូវប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក នៅចុងខែកក្កដា
25, Jul 2021 , 3:40 pm        
រូបភាព
ភ្នំពេញ៖ អត្តពលិកកម្ពុជា៣រូប នឹងត្រូវប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅចុងខែកក្កដានេះ។ កីឡាករ-កីឡាការិនី កំពុងហ្វឹកហាត់នៅជប៉ុន ដើម្បីត្រៀមខ្លួនប្រកួតហើយ។
 
លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម បានបញ្ជាក់ថា កីឡាហែលទឹកកម្ពុជា២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា នឹងត្រូវប្រកួត នៅ ម៉ោង៥ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣០ កក្កដា នាមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre។។ សម្រាប់កីឡាករ ហែម ប៊ុច ត្រូវប្រកួតសេរីទី៤ (Heat-4) និងខ្សែបន្ទាត់ទី៦(Lane-6)។ រីឯកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាត់ទី៥ (Lane-5)។
 
ការប្រកួតហែលទឹកនេះ គណៈកម្មការនឹងជ្រើសរើសកីឡាករ-កីឡាការិនី ដែលមានសិទ្ធិផលខ្ពស់ ឬប្រើថិរវេលាតិចជាងគេតាមសេរី និង Heat នីមួយៗ ចំនួន ១៨នាក់ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុននឹងឈានដល់កៅអីវគ្គផ្ដាច់ព្រ័ត្រ និងប្រជែងមេដាយ។
 
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានស្រង់សម្ដីលោក ញ៉ាន សុខវិសាល សរសេរលើហ្វេសប៊ុកដូច្នេះថា៖«ប៉ុន្ដែកីឡាករ-កីឡាការិនី មិនសូវរំពឹងក្នុងការឈានទៅដណ្ដើមមេដាយនោះទេ ព្រោះនេះជាការប្រកួតកម្រិតខ្ពស់ តែអ្វីដែលជាក្ដីរំពឹងរបស់អត្តពលិកកម្ពុជា គឺការធ្វើបានល្អក្នុងសេរី និងបំបែកសិទ្ធិផលចាស់របស់ខ្លួន»។
 
ដោយឡែក កីឡាករ ប៉ែន សុគង់ អត្តពលកម្មកម្ពុជា ក៏កំពុងប្រឹងប្រែងហ្វឹកហាត់ដូចគ្នា ដើម្បីត្រៀមការប្រកួត នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។ នេះបើតាមលោក វិសាល។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម បានដឹកនាំកីឡាករ-កីឡាការិនី៣រូប ចូលរួមប្រកួតព្រឹត្តិការណ៍ Tokyo Olympic Games 2020 នៅប្រទេសជប៉ុន ។ កម្ពុជាបានទទួលសិទ្ធិអនុគ្រោះបញ្ជូនអត្តពលិក ២ប្រភេទកីឡា ចូលរួមប្រកួត គឺកីឡាករ-កីឡាការិនីហែលទឹក ២រូប និងកីឡាករអត្តពលកម្មម្នាក់ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com