អន្តរជាតិ
អ្នកទោសនៅស៊ុយអែតចាប់ឆ្មាំគុកធ្វើចំណាប់ខ្មាំងដើម្បីគំរាមទារភីហ្សា២០បន្ទះ
25, Jul 2021 , 7:30 pm        
រូបភាព
ដោយ: ធីតា
 
ករណីចាប់ចំណាប់ខ្មាំងមួយបានកើតឡើងនៅក្នុងពន្ធនាគារ Hallby ប្រទេសស៊ុយអែត កាលពីថ្ងៃទី២១ ខែកក្កដា កន្លងមក។ អ្នកទោសពីរនាក់បានចាប់ជំរិតឆ្មាំគុកពីរនាក់អស់រយៈពេល៩ម៉ោង បន្ទាប់ពីជនល្មើសទទួលបានភីហ្សា២០បន្ទះទៅតាមការគំរាមទារ។


«ឆ្មាំគុកទាំងពីរនាក់ត្រូវបានដោះលែងដោយគ្មានរបួសស្នាមអ្វីនោះឡើយ ហើយបានជួបជុំគ្រួសារវិញផងដែរ»។ នេះជាបញ្ជាក់របស់អ្នកស្រី Stina Lyles អ្នកនាំពាក្យ រដ្ឋបាលពន្ធនាគារស៊ុយអែត ដែលត្រូវបានដកស្រង់ដោយ AFP។

ករណីបានកើតឡើងនាវេលាថ្ងៃត្រង់ កាលពីថ្ងៃទី២១ ខែកក្កដានៅពន្ធនាគារ Hallby ដែលមន្ទីរឃុំឃាំងដ៏មានសុវត្ថិភាពខ្ពស់ក្បែរក្រុង Eskilstuna  ដោយអ្នកទោសពីររូប បានចូលចាប់មន្ត្រីពន្ធនាគារពីររូបធ្វើចំណាប់ខ្មាំង។

លោក Torkel Omnell ដែលជាមន្ត្រីម្នាក់ទៀតទទួលបន្ទុកផ្នែកពន្ធនាគារ បានអះអាងថា ក្រុមសមត្ថកិច្ច បានបើកការចរចាជាមួយអ្នកចាប់ជំរិត ដោយប្រើពេលប្រមាណ៩ម៉ោង។ អ្នកចាប់ជំរិតទាំងនោះ គឺជាអ្នកទោសពីបទករណីឃាតកម្ម។

លក្ខខណ្ឌចំនួនពីរជាថ្នូរនឹងការដោះលែងមន្ត្រីពន្ធនាគារ ដែលក្នុងនោះ ជនល្មើសទាមទារឲ្យរៀបចំឧទ្ធម្ភាគចក្រមួយដើម្បីពួកគេគេចខ្លួន និងទាមទារភីស្សា២០បន្ទះសម្រាប់ពួកគេ រួមទាំងចែកចាយដល់អ្នកទោសផ្សេងទៀត។

យោងតាមបណ្តាញព័ត៌មាននានារបស់ស៊ុយអែត ហាងភីស្សានៅក្នុងតំបន់ឈ្មោះ Hallby Pizzeria ភ្ញាក់ផ្អើលនៅពេលឃើញការបញ្ជាទិញចេញពីពន្ធនាគារ។ អ្នកដឹកជញ្ជូនភីស្សា បានអះអាងប្រាប់ទូរទស្សន៍ SVT Beshar Toma ថា ភីស្សាត្រូវបានដឹកទៅដល់គោលដៅ ប៉ុន្តែអ្នកទទួលមិននិយាយអ្វីឡើយ ហើយក៏មិនបានបង់ប្រាក់នោះដែរ។

ក្រោយទទួលបានភីស្សា អ្នកទោសទាំងពីរបានដោះលែងមន្ត្រីពន្ធនាគារ បើទោះបីជាសមត្ថកិច្ចមិនបានរៀបចំឧទ្ធម្ភាគចក្រទៅតាមការទាមទាររបស់ពួកគេក៏ដោយ។ ក្រោយមក សមត្ថកិច្ចបានចូលទៅចាប់អ្នកទោសទាំងនោះ ដើម្បីទៅសួរនាំបន្ថែមទាក់ទងនឹងករណីល្មើសចាប់ជំរិត៕



© រក្សាសិទ្ធិដោយ thmeythmey.com