ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធទិន្នន័យ តាមដានម៉ាក្រូសេដ្ឋកិច្ច
26, Jul 2021 , 10:42 am        
រូបភាព
លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសធនាគារជាតិនៃកម្ពុជា ក្នុងពិធីដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធ MSDS តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២៣កក្កដា
លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសធនាគារជាតិនៃកម្ពុជា ក្នុងពិធីដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធ MSDS តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២៣កក្កដា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) បានដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធទិន្នន័យ តាមដានម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Surveillance Database System - MSDS)។ ធនាគារជាតិ បានបញ្ជាក់ថា ប្រព័ន្ធទិន្នន័យនេះ នឹងក្លាយជាឧបករណ៍ដ៏សំខាន់ សម្រាប់សម្រួលដល់ការវិភាគ និងការតាមដានដំណើរការ នៃវិស័យម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុ។
 
ពិធីដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធ MSDS បានធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២៣កក្កដា រវាងលោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសធនាគារជាតិនៃកម្ពុជា ជាមួយលោក Anthony Gill ប្រធានបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់NBC។  
 
NBC បានអះអាងដូច្នេះ៖« ការដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធទិន្នន័យ តាមដានម៉ាក្រូសេដ្ឋកិច្ចនេះ គឺជាជំហានថ្មីមួយទៀត នៃដំណើរការផ្សព្វផ្សាយទិន្នន័យប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពទាន់ពេលវេលា ស្របតាមបេសកកម្មរបស់ធនាគារជាតិនៃកម្ពុជា»។


 
សេចក្តីប្រកាសព័ត៌មានដដែលរបស់NBC បានរៀបរាប់ថា MSDS គឺជាប្រព័ន្ធមូលដ្ឋានទិន្នន័យអនឡាញ ដែលប្រើប្រាស់សម្រាប់ការវិភាគ និងការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគាំទ្រដល់ការរៀបចំគោលនយោបាយនានា សំដៅធានាឱ្យបាននូវស្ថិរភាពថ្លៃ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ 
 
លើសពីនេះ MSDS នឹងផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ ក្នុងការតាមដាន និងវាយតម្លៃការវិវឌ្ឍនៃដំណើរការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសូចនាករគន្លឹះទាំង៧០, តារាងសូចនាករសំខាន់, ក្រាហ្វិក និងទិន្នន័យតាមវិស័យប្រមាណ៣០០មុខបន្ថែមទៀត ដែលត្រូវបានរៀបចំក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលជប៉ុន។
 
បើតាមNBC សូចនាករគន្លឹះ និងទិន្នន័យផ្សេងទៀត គឺត្រូវបានរៀបចំជាប្រចាំខែ ត្រីមាស និងឆ្នាំ ព្រមទាំងចែកចេញជា៦ វិស័យម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ។ ក្នុងនោះ មាន ការប្រែប្រួលសេដ្ឋកិច្ចសកល, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យក្រៅប្រទេស, វិស័យសារពើពន្ធ, វិស័យហិរញ្ញវត្ថុ និងសូចនាករសម្រាប់ប្រៀបធៀបជាមួយប្រទេស ដែលមានស្ថានភាពសេដ្ឋកិច្ច ប្រហាក់ប្រហែលនឹងកម្ពុជា៕
 

Tag:
 ម៉ាក្រូសេដ្ឋកិច្ច
  NBC
  MSDS
© រក្សាសិទ្ធិដោយ thmeythmey.com