អន្តរជាតិ
មន្រ្តីការទូតចិនថា សណ្តាប់អន្តរជាតិដែលអាមេរិកលើកឡើង ជាច្បាប់ព្រៃ
26, Jul 2021 , 4:39 pm        
រូបភាព
លោក Xie Feng អនុរដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេស
លោក Xie Feng អនុរដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេស
អនុរដ្ឋមន្រ្តីការបរទេសចិន សៀ ហ្វឹង នៅថ្ងៃទី២៦ ខែកក្កដា បានជួប ជាមួយសមភាគីអាមេរិក វិនឌី ស៊ើមែន ក្នុងទីក្រុងធានជីនក្បែររដ្ឋធានីប៉េកាំង។ នាជំនួបនេះ លោក ហ្វឹង ប្រើប្រាស់ពាក្យពេជន៍ធ្ងន់ៗដាក់អាមេរិកដោយមិនសំចៃមាត់ឡើយ។ មន្រ្តីទូតចិន បានប្រាប់ភាគីអាមេរិកថា សណ្តាប់ធ្នាប់អន្តរជាតិរបស់អាមេរិក និងប្រទេសអឺរ៉ុបមួយក្រុមតូច ធ្វើឡើងក្នុងគោលបំណងបង្កើតច្បាប់ព្រៃ និងដើម្បីសម្លុតប្រទេសតូចៗប៉ុណ្ណោះ។
 
ក្នុងដំណើរទស្សនកិច្ចមកចិនជាលើកដំបូងចាប់តាំងពីឡើងកាន់តំណែង លោកស្រី វិនឌិ ស៊ើមែន អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានជួបជាមួយសមភាគីចិន សៀ ហ្វឹង ដែលជាអនុរដ្ឋមន្រ្តីការបរទេសចិនទទួលបន្ទុកកិច្ចការអាមេរិក។ លោក ហ្វឹង រិះគន់អាមេរិកខ្លាំងពាក់ព័ន្ធសណ្ដាប់ធា្នប់អន្តរជាតិដែលអាមេរិកអនុវត្ត។ 
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua អនុរដ្ឋមន្រ្តីការទេសចិនរូបនេះ បានសង្កត់ធ្ងន់ថា ជាការពិត សណ្តាប់ធ្នាក់អន្តរជាតិដែលផ្អែកលើមូលដ្ឋានច្បាប់របស់អាមេរិក ជាច្បាប់ព្រៃ ដែលប៉ុនប៉ងរឹតត្បិតការអភិវឌ្ឍរបស់ប្រទេសដទៃតែប៉ុណ្ណោះ។ លោក សៀ បន្តថា វាជាការប៉ុនប៉ងរបស់អាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយក្រុមតូច ដែលរៀបចំរបៀបរបបថ្មី បម្រើប្រយោជន៍ផ្ទាល់ខ្លួន ហើយយកធ្វើជាច្បាប់អន្តរជាតិ និងដាក់ឱ្យប្រទេសដទៃធ្វើតាម។
 
ក្នុងជំនួបដដែល មន្រ្តីការទូតជាន់ខ្ពស់របស់ចិន ថែមទាំងចោទអាមេរិកថា បានបោះចោល និងបំផ្លាញច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិដែលមានការទទួលស្គាល់ជាសកល ហើយដែលអាមេរិកបានចូលរួមបង្កើត រួចបង្កើតវិធីសាស្រ្តថ្មីទៅវិញ។ 
 
«គោលបំណងរបស់អាមេរិក គឺជាការផ្លាស់ប្តូរបទបញ្ញាត្តិដើម្បីធ្វើឱ្យខ្លួនឯងស្រួល ប៉ុន្តែបង្កការលំបាកសម្រាប់អ្នកដទៃ ហើយដាក់ចេញច្បាប់ព្រៃ»។ លោក សៀ និយាយបែបនេះទៅកាន់លោកស្រី ស៊ើមែន ។ 
 
ជាមួយគ្នាដែរ មន្រ្តីចិនដដែលនេះ បានទទូចឱ្យភាគីអាមេរិកផ្លាស់ប្ដូរផ្នត់គំនិត និងគោលនយោបាយដ៏គ្រោះថ្នាក់នៅចំពោះមុខចិន ចេញ។ លោក សៀ យល់ថា ទំនាក់ទំនងមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងតែជាប់ទ្រឹង និងប្រឈមនឹងបញ្ហាជាច្រើន។ បើទោះមានការប្រើសម្តីធ្ងន់ដាក់គ្នាក្នុងកិច្ចប្រជុំក្តី ភាគីទាំងពីរ នៅតែជជែកពីបញ្ហាដែលត្រូវសហការជាមួយគ្នា។ 
 
ថ្លែងប្រាប់លោកស្រី ស៊ើមែន ភាគីចិន បានបញ្ជាក់ថា ចិនបានត្រៀមខ្លួនរួចហើយ ក្នុងការសហការជាមួយអាមេរិក។ ទំនាក់ទំនងល្អរវាងប្រទេសមហាអំណាចទាំងពីរ មិនត្រឹមតែផ្តល់ផលល្អសម្រាប់ភាគីទាំងសងខាងឡើយ ប៉ុន្តែវាក៏ផ្តល់ការរំពឹងទុករួមសម្រាប់សហគមន៍អន្តរជាតិផងដែរ៕
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com