ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដល់រដូវដែលអ្នកនយោបាយ ត្រៀមចុះច្រូតកាត់ហើយ
27, Jul 2021 , 1:30 pm        
រូបភាព
ហិបឆ្នោត ត្រូវបានបើកដើម្បីរាប់សន្លឹកឆ្នោត នៅការិយាល័យបោះឆ្នោតមួយ ក្នុងរាជធានីភ្នំពេញ កាលពីបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ រូបពី AFP
ហិបឆ្នោត ត្រូវបានបើកដើម្បីរាប់សន្លឹកឆ្នោត នៅការិយាល័យបោះឆ្នោតមួយ ក្នុងរាជធានីភ្នំពេញ កាលពីបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ រូបពី AFP
អ្នកនយោបាយខ្លះ ៤ឆ្នាំទៅ៥ឆ្នាំ ទើបពលរដ្ឋមានភ័ព្វបានឃើញមុខម្តង។ ការលេចមុខរបស់ពួកគេ ជាទូទៅគឺនៅរដូវកាលបោះឆ្នោត។


ពេលវេលានៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅឆ្នាំ២០២២ កាន់តែរំកិលមកកៀកហើយ។ រំលង១ឆ្នាំនៃការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២នេះ ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ នៅឆ្នាំ២០២៣ ក៏នឹងឈានមកដល់ទៀត។ ការបោះឆ្នោតជិតមកដល់ ប្រជាពលរដ្ឋ បានជួបមុខអ្នកនយោបាយកាន់តែច្រើន។ រាល់ថ្ងៃ ប្រជាពលរដ្ឋ មានបញ្ហាច្រើនគរគោក មិនដែលសូវបានឃើញអ្នកនយោបាយចេញមកជួយដោះស្រាយឡើយ ស្រាប់តែជិតដល់ពេលបោះឆ្នោត អ្នកនយោបាយ ក៏ចេញមកពេញទឹកពេញដី។ សម្រាប់អ្នកនយោបាយខ្លះ រដូវកាលបោះឆ្នោត ប្រៀបបានដូចជារដូវកាលច្រូតកាត់ ឬរដូវកាលប្រមូលផលដូច្នេះដែរ។ 

ក្នុងដំណាក់កាលនេះ មានអ្នកនយោបាយជាច្រើន បានផុសឡើង។ អ្នកនយោបាយខ្លះ ដែលមិនទាន់មានគណបក្ស ប្រឹងខ្នះខ្នែងបង្កើតគណបក្ស ដូចដែលគេ បានឃើញស្រាប់ហើយ គណបក្សថ្មី កំពុងតែលេចឡើងម្តងមួយៗ។ អ្នកនយោបាយខ្លះ មានគណបក្សយូរដែរហើយ តែជាទម្លាប់របស់ពួកគេ គឺពួកគេ រង់ចាំធ្វើសកម្មភាពនិងចេញមុខតែពេលបោះឆ្នោតប៉ុណ្ណោះ។ ពេលបោះឆ្នោតរួច ពួកគេ និងគណបក្សរបស់ពួកគេ ក៏បាត់សកម្មភាពទៅវិញ។ អ្នកនយោបាយខ្លះ ជាអ្នកនយោបាយជើងចាស់ និងអ្នកនយោបាយខ្លះ ជាអ្នកនយោបាយ បានជាប់ឆ្នោត តែទើបនឹងចាប់ផ្តើមធ្វើសកម្មភាពខ្លាំង ពេលជិតបោះឆ្នោត។

អ្នកនយោបាយជើងចាស់ អ្នកនយោបាយថ្មី អ្នកនយោបាយចេញមុខម្តងម្កាល សុទ្ធតែកំពុងរៀបចំកម្លាំងរៀងៗខ្លួន ត្រៀមចុះយកចិត្តប្រជាពលរដ្ឋ ដែលជាម្ចាស់ផល។ មិនមែនទាំងអស់ឡើយ ដោយអ្នកនយោបាយខ្លះ បានធ្វើសកម្មភាពជាអចិន្ត្រៃយ៍ និងបានចុះជួបប្រជាពលរដ្ឋជារឿយៗ ដោយមិនរង់ចាំទាល់តែដល់ពេលបោះឆ្នោតនោះទេ។

ដោយសារកម្ពុជា កំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ វេទិកាសាធារណៈរវាងអ្នកនយោបាយ និងប្រជាពលរដ្ឋ មិនទាន់អាចមានច្រើនដេរដាសឡើយ។ មានអ្នកនយោបាយមួយចំនួនតូចប៉ុណ្ណោះ ដែលនៅឆ្លៀតចុះជួបប្រជាពលរដ្ឋជាបណ្តើរៗ។

ស្ទើរតែអាចចាត់ទុកជាទម្លាប់របស់អ្នកនយោបាយទៅហើយ ឲ្យតែជិតដល់ការបោះឆ្នោត ពួកគេ តែងប្រកូកប្រកាសពីគោលនយោបាយ និងបង្ហាញពីលក្ខណសម្បត្តិល្អៗរបស់ខ្លួន តាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដោយរួមទាំងសម្រុកចុះទៅមូលដ្ឋានផ្ទាល់ផងដែរ។ គោលបំណងធំរបស់អ្នកនយោបាយភាគច្រើន គឺសន្លឹកឆ្នោត។

«គណបក្សយើង ជាអ្នកស្នេហាជាតិ។ គណបក្សយើង ការពារទឹកដី រក្សាឯករាជ្យ និង អធិបតេយ្យភាព។ គណបក្សយើង នឹងធ្វើឲ្យប្រទេសជាតិសម្បូរសប្បាយ។ គណបក្សយើង លើកកម្ពស់ផលិតផលកសិកម្ម រកទីផ្សារឲ្យប្រជាកសិករ។ គណបក្សយើង នឹងបង្កើតការងារក្នុងស្រុកឲ្យបានច្រើន កាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេស។ គណបក្សយើង នឹងពង្រឹងប្រព័ន្ធសុខាភិបាល។ គណបក្សយើង នឹងលុបបំបាត់អំពើពុករលួយ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ធ្វើឲ្យមនុស្សទាំងអស់នៅក្រោមច្បាប់។ គណបក្សយើង មិនចេះលាបពណ៌ មិនរើសអើង ទោះប្រជាពលរដ្ឋគាំទ្រគណបក្សណា ក៏យើង បម្រើស្មើៗគ្នាដែរ ។ល។»

ទាំងអស់នេះ សុទ្ធសឹងតែជាវោហាររបស់អ្នកនយោបាយ ដែលស្តាប់ទៅពីរោះណាស់ ហើយក៏អាចធ្វើឲ្យប្រជាពលរដ្ឋលង់ដែរ។ មិនត្រឹមតែវោហារទេ អ្នកនយោបាយ នៅប្រើវិធីសាស្ត្រច្រើនទៀត ដូចជា ការស្លៀកពាក់ ការរៀបឫក និង ការធ្វើកាយវិការ។

ពេលខ្លះ អ្នកនយោបាយ ស្លៀកពាក់បែបប្រជាពលរដ្ឋនៅតាមជនបទ ឬបែបកសិករ ដោយមានក្រមាបង់ក និងពាក់ស្បែកជើងស៊កធម្មតា ឬស្បែកជើងផ្ទាត់ ក៏សឹងនឹងមាន ហើយការនិយាយស្តី ក៏មានលក្ខណសាមញ្ញ។ បន្ថែមពីនេះ ពួកគេ ចេះធ្វើឲ្យប្រជាពលរដ្ឋ មើលទៅឃើញពួកគេ ជាអ្នកស្នេហាជាតិ ជាអ្នកស្មោះស្ម័គ្រនឹងប្រជាពលរដ្ឋ និង ជាអ្នកមានឧត្តមគតិ។

ជារួម ពួកគេ សម្របខ្លួនទៅតាមស្ថានការណ៍។ បើពួកគេ មើលទៅឃើញថា ប្រជាពលរដ្ឋ ចង់បានអ្វី ពួកគេ នឹងនិយាយពីអ្វីនោះ។ បើពួកគេ មើលទៅឃើញស្ថានភាព ដែលប្រជាពលរដ្ឋរស់នៅ មានបែបផែនយ៉ាងណា ពួកគេ នឹងរៀបចំខ្លួន និងស្លៀកពាក់ទៅតាមបែបផែននោះ។

ស្តាប់វោហារ ឮការសន្យា ឃើញឫកពាត្រឹមត្រូវរបស់អ្នកនយោបាយ ប្រជាពលរដ្ឋ ក៏មានសេចក្តីពេញចិត្តនិងមានភាពកក់ក្តៅយ៉ាងខ្លាំង ជាមួយនឹងក្តីរំពឹងថា អ្នកនយោបាយនោះ ឬគណបក្សនោះ ពិតជាអាចធ្វើឲ្យប្រទេស មានការរីកចម្រើន ហើយជួយឲ្យប្រជាពលរដ្ឋ បានរស់នៅដោយភាពសម្បូរសប្បាយ។ ប៉ុន្តែ ភាពកក់ក្តៅ ដែលអ្នកនយោបាយផ្តល់ឲ្យនោះ គ្រាន់តែជាភាពកក់ក្តៅដូចការអាំងផេះប៉ុណ្ណោះ។

ក្រោយការបោះឆ្នោតរួច អ្នកនយោបាយទាំងនោះ ក៏បាត់ស្រមោលឈឹងទៅវិញ ហើយអ្វីៗ គឺនៅដូចដើម។ អ្នកក្រ នៅតែក្រ។ ផលិតផលកសិកម្ម ដែលគ្មានទីផ្សារ នៅតែគ្មានទីផ្សារ។ អ្នកចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស នៅតែត្រូវចំណាកស្រុក។ ដល់អាណត្តិក្រោយ នីតិកាលក្រោយ ទើបប្រជាពលរដ្ឋ មានឱកាសបានជួបអ្នកនយោបាយម្តងទៀត។

ជាការពិតហើយ សង្គមប្រជាធិបតេយ្យ តម្រូវឲ្យមានអ្នកនយោបាយច្រើនគណបក្ស។ ប៉ុន្តែ អ្នកនយោបាយ មិនត្រូវគ្រាន់តែសន្យាចោលនោះទេ គឺត្រូវធ្វើឲ្យបានផងដែរ។ ម្យ៉ាងទៀត អ្នកនយោបាយ ជាពិសេសអ្នកនយោបាយជាប់ឆ្នោត មិនត្រូវចុះជួបប្រជាពលរដ្ឋតែពេលបោះឆ្នោតឡើយ គឺត្រូវចុះជួបពួកគាត់ជាអចិន្រ្តៃយ៍ និងព្យាយាមស្វែងរកដំណោះស្រាយជូនពួកគាត់ ដូចជា បញ្ហាកសិកម្ម ជាអាទិ៍។ អ្នកនយោបាយ ត្រូវជៀសឲ្យបានពីការធ្វើនយោបាយប្រជាភិថុតិ។

ចំណែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតវិញ ត្រូវស្តាប់និងតាមដានរឿងនយោបាយទាំងតាមវេទិកាផ្ទាល់ទាំងតាមប្រព័ន្ធផ្សព្វផ្សាយ។ ការតាមដាន នឹងធ្វើឲ្យប្រជាពលរដ្ឋ ទទួលបានព័ត៌មាននិងការយល់ដឹងកាន់តែច្រើនពីរឿងនយោបាយ ហើយនឹងធ្វើឲ្យពួកគាត់ សម្រេចចិត្តបានត្រឹមត្រូវក្នុងការបោះឆ្នោតឲ្យគណបក្សណាមួយ។

យ៉ាងណា ប្រជាពលរដ្ឋ មិនត្រូវឆាប់លង់ឬឆាប់ជឿអ្នកនយោបាយ ដោយគ្រាន់តែស្តាប់វោហារពីរោះពិសា និងឃើញឫកពាដូចជាត្រឹមត្រូវរបស់ពួកគេឡើយ។ ប្រជាពលរដ្ឋ ត្រូវពិចារណានិងសង្កេតមើលឲ្យច្បាស់លាស់ថា អ្នកនយោបាយណា គណបក្សណា ដែលមានគោលនយោបាយល្អ និងអាចជួយប្រទេសជាតិបានពិតប្រាកដ។ បើគ្រាន់តែស្តាប់មួយភ្លែត និងមើលតែសំបកខាងក្រៅ ប្រជាពលរដ្ឋ ងាយនឹងធ្លាក់ក្នុងនយោបាយប្រជាភិថុតិរបស់អ្នកនយោបាយណាស់។ 

អ្នកនយោបាយ ដែលធ្វើសកម្មភាពនិងចុះជួបប្រជាពលរដ្ឋតែពេលបោះឆ្នោត គឺជាអ្នកនយោបាយ ដែលស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន និងចង់បានតែកៅអីប៉ុណ្ណោះ៕

Tag:
 បោះឆ្នោត
  អ្នកនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com