ជាតិ
សេដ្ឋកិច្ច
សាច់ក្របី ៣កុងតឺន័រ​​ នាំចូលពីឥណ្ឌាមានផ្ទុកកូវីដ-១៩ នឹងត្រូវដុតកម្ទេចចោល
27, Jul 2021 , 2:06 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកគយ និងរដ្ឋាករកម្ពុជា
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកគយ និងរដ្ឋាករកម្ពុជា
ភ្នំពេញ៖ កម្ពុជា រកឃើញសាច់ក្របីបង្កកចំនួន៣កុងតឺន័រ ដែលនាំចូលពីប្រទេសឥណ្ឌា មានផ្ទុកមេរោគកូវីដ-១៩។ សាច់ក្របីដែលមានផ្ទុកមេរោគកូវីដ-១៩នេះ នឹងយកទៅដុតចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧កក្កដា។ នេះបើយោងតាមលិខិតរបស់លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល។
 
 
សាច់ក្របីចំនួន៣តុងតឺន័រ ដែលក្រុមមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលតេស្តឃើញមានវិជ្ជមានកូវីដ-១៩នោះ គឺស្ថិតនៅក្នុងចំណោមសាច់ក្របីបង្កកចំនួន៥កុងតឺន័រ ដែលកម្ពុជានាំចូលពីប្រទេសឥណ្ឌា។  លោក ហុក គឹមចេង បានបញ្ជាក់ថា សាច់ក្របីបង្កកទាំង៣កុងតឺន័រនោះ បានរកវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៩កក្កដា ឆ្នាំ២០២១។ 
 
បើយោងតាមលិខិតរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២១កក្កដា ឆ្នាំ២០២១ សាច់ក្របីបង្កកទាំង៣កុងតឺន័រដែលមានផ្ទុកមេរោគកូវីដ-១៩នេះ  គឺបាននាំចូលដោយក្រុមហ៊ុនASHARY INVESTMENT & CONSTRUCTION និងក្រុមហ៊ុន BOVINI FOOD។
 
លោក គុណ ញឹម បានបញ្ជាក់ថា សាច់ក្របីបង្កកដែលរកឃើញមានមេរោគកូវីដ-១៩ នឹងត្រូវដុតកម្ទេចចោល នៅថ្ងៃទី២៧កក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនាព្រឹកថ្ងៃទី២៧កក្កដា ថា មកដល់ពេលនេះខាងអាជ្ញាធរខេត្តកំពង់ស្ពឺ គឺមិនទាន់ទទួលបាននូវសាច់ក្របីបង្កកដែលមានផ្ទុកមេរោគកូវីដ-១៩ ដើម្បីយកមកដុតចោល នៅឡើយ។

សូមជម្រាបថា ការរកឃើញសាច់ក្របីបង្កកមានផ្ទុកមេរោគកូវីដ-១៩នេះ គឺបន្ទាប់ពីកម្ពុជា សម្រចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងៗ ដែលមានប្រភពពីប្រទេសឥណ្ឌា កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១៕ 
 

Tag:
 សាច់ក្របី
© រក្សាសិទ្ធិដោយ thmeythmey.com