អន្តរជាតិ
សិង្ហបុរីនិងអាមេរិកប្រកាសរួមគ្នាថា វត្តមានអាមេរិក ជារឿងសំខាន់សម្រាប់សន្តិភាពតំបន់
27, Jul 2021 , 9:29 pm        
រូបភាព
 លោក ឡយ អូស្ទីន ទស្សនកិច្ចនៅសិង្ហបុរី។ រូបភាព៖ Facebook- NG ENG HEN
លោក ឡយ អូស្ទីន ទស្សនកិច្ចនៅសិង្ហបុរី។ រូបភាព៖ Facebook- NG ENG HEN
រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី និងអាមេរិក នៅថ្ងៃទី២៧ ខែកក្កដា បានបញ្ជាក់រួមគ្នាថា វត្តមានអាមេរិកនៅក្នុងតំបន់ គឺពិតជាសំខាន់ណាស់សម្រាប់សន្តិភាព វិបុលភាព និងស្ថិរភាពរបស់ខ្លួន។ 
 
ក្នុងទស្សនកិច្ចលើកដំបូងមកកាន់តំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីឡើងកាន់តំណែងមក  លោក ឡយ អូស្ទីន ទៅដល់សិង្ហបុរីសម្រាប់ទស្សនកិច្ច៣ថ្ងៃ មុននឹងបន្តដំណើរទៅវៀតណាម និងហ្វីលីពីន។ នៅថ្ងៃទី២៧ ខែកក្កដា ប្រមុខការពារជាតិអាមេរិក បានជួបជាមួយសមភាគីសិង្ហបុរី លោក Ng Eng Hen និងនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុងផងដែរ។
 
តាមរយៈសេចក្តីថ្លែងការណ៍រួម រដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរ បានសាទរពីទំនាក់ទំនងការពារជាតិទ្វេភាគីដែលមានភាពល្អប្រសើរ និងយូរឆ្នាំ។ ភាគីទាំងពីរ បានបង្ហាញការពេញចិត្តរបស់ខ្លួនលើកិច្ចសហប្រតិបត្តិការយោធា ដែលនៅតែបន្តរឹងមាំ បើទោះជំងឺកូវីដ-១៩ បានអុកឡុកលើពិភពលោកក៏ដោយ។ 
 
ស្របគ្នានោះ លោក អូស្ទីន បានអរគុណទៅកាន់ភាគីសិង្ហបុរី ដែលគាំទ្រផ្នែកបេសកកម្មយោធាអាមេរិកទាក់ទិននឹងការចូលចតយន្តហោះចម្បាំង និងនាវាចម្បាំង។ «ការគាំទ្រនេះ បង្ហាញពីជំនឿរួមគ្នាថា វត្តមានរបស់អាមេរិកក្នុងតំបន់ពិតជាសំខាន់សម្រាប់សន្តិភាព វិបុលភាព និងស្ថិរភាពក្នុងតំបន់»។ លោក អូស្ទីន និង លោក Ng បានបង្ហាញការយល់ឃើញរួមគ្នាបែបនេះ ដោយបន្ថែមថា ភាគីទាំងពីរ ប្តេជ្ញាបន្តពិភាក្សាលើគម្រោងយោធាអាមេរិកបន្ថែមទៀត។ 
 
លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗមួយចំនួន ក្រោមទំនាក់ទំនងទ្វេភាគីផងដែរ ក្នុងនោះរួមមាន ការបង្កើតមជ្ឈមណ្ឌលព័ត៌មានប្រឆាំងភេរវកម្ម។ ក្រៅពីបញ្ហាខាងលើ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សាពីសន្តិសុខនៅក្នុងតំបន់ និងការពារសណ្តាប់ធ្នាប់អន្តរជាតិ ក៏ដូចជាភាពជាដៃគូរវាងអាមេរិក និងសិង្ហបុរី៕ 
 

Tag:
 អាមេរិក
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com