ជាតិ
សង្គមជាតិ
៦ខែឆ្នាំ២០២១ អាជ្ញាធរបង្រ្កាបបទល្មើសជួញដូរផ្លូវភេទកើនជាង១០០ករណី
27, Jul 2021 , 7:59 pm        
រូបភាព
រូបភាពពីសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​
រូបភាពពីសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​
ដោយ:
ភ្នំពេញ៖ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរបានបង្រ្កាបបទល្មើសជួញដូរមនុស្សកើនឡើងជាង១០០ករណី បើប្រៀបធៀបនឹង៦ខែឆ្នាំមុន គឺមានតែ៦៣ករណី។ នេះបើតាមទំព័រហ្វេសប៊ុក សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 
 
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្រ្កាបការជួញដូរមនុស្សរយៈពេល៦ខែ ឆ្នាំ២០២១មកនេះ អាជ្ញាធរបានបង្ក្រាប និងទប់ស្កាត់ករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ចំនួន១៩៨ករណី ដោយឃាត់ខ្លួនជនល្មើសចំនួន២៩១នាក់ និងបានរំដោះជនរងគ្រោះចំនួន៧២១នាក់។ តួលេខ៦ខែឆ្នាំនេះ គឺកើនឡើងជាងពាក់កណ្តាល បើប្រៀបធៀបតួលេខ៦ខែឆ្នាំមុន គឺមានត្រឹមតែ៦៣ករណី ឃាត់ខ្លួន២៩១នាក់ និងសង្រ្គោះជនរងគ្រោះចំនួន ៧២១នាក់។ 
 
បើតាមសម្តេច ស ខេង ការឈានដល់មានសកម្មភាពជួញដូរមនុស្សនេះ គឺកើតឡើងតាមរយៈអាពាហ៍ពិពាហ៍មិនស្របច្បាប់ទៅក្រៅប្រទេស ការធ្វើចំណាកស្រុកខុសច្បាប់ និងការប្រើឧបាយកលទុច្ចរិតអូសទាញ ឃោសនា ក្រោមរូបភាពផ្សេងទៀតរបស់ជនល្មើស។ 
 
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ៦ខែនេះស្នងការដ្ឋាននគរបាលរាជធានីខេត្តបានល្បាតឃ្លាំមើល សកម្មភាពអាជីវកម្មផ្លូវភេទចំនួន១០២៧លើក នៅតាមគោលដៅ ចំនួន៣១៨ និងរកឃើញមនុស្សសរុបចំនួន១២៤៩នាក់ ក្នុងនោះស្រី១០៣៦នាក់។ ជាមួយគ្នានេះ អាជ្ញាធរខេត្តនីមួយៗក៏បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជួញដូរមនុស្សទៅ តាមគោលដៅដូចជាកន្លែងផ្តល់សេវាកម្សាន្តនានា។
 
ជាមួយគ្នានោះ អាជ្ញាធរក៏បានបង្រ្កាប និងទប់ស្កាត់ពលរដ្ឋខ្មែរ ដែលចំណាកស្រុកទៅធ្វើការខុសច្បាប់ នៅក្រៅប្រទេស បានចំនួន៨២លើក មនុស្សចំនួន៥៩៣នាក់ ក្នុងនោះមានស្ត្រី១៩៧នាក់។ ក្នុងចំណោមករណីនេះ គឺខេត្តបាត់ដំបងចំនួន៣០លើក ខេត្តកោះកុងចំនួន២៧លើក បន្ទាយមានជ័យចំនួន៨លើក តាកែវចំនួន៩លើក និងស្វាយរៀងចំនួន៥លើក។ 
 
បើតាមលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកចំណាកស្រុកទាំងនោះ គឺត្រូវបានអាជ្ញាធរណែនាំ និងឲ្យធ្វើកិច្ចសន្យា។ សម្តេច ស ខេង បានប្រាប់ឲ្យដឹងថា៖«ក្រោយពីបានទទួល និងឃាត់ខ្លួនពលរដ្ឋទាំងនោះ ក៏បានធ្វើកិច្ចសន្យាអប់រំ ណែនាំកុំឲ្យចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសទៀត»។ 
 
 ខណៈប្រតិបត្តិការបង្រ្កាបករណីជួញដូរមនុស្ស៦ខែនេះ ក៏មានពលករខ្មែរចំណាកស្រុកបានវិលត្រឡប់មកកម្ពុជាវិញសរុបចំនួន១៥០.៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី៥៤.៥៥៦នាក់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 
 
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យពលរដ្ឋចូលរួមរាយការណ៍ អំពីអំពើជួញដូរមនុស្សទៅអាជ្ញាធរ ក្នុងករណីពលរដ្ឋជួបបញ្ហានេះ ជាពិសេសចូលរួមណែនាំដល់ពលរដ្ឋដទៃទៀតអំពីបញ្ហានេះ៕
 
 
 

Tag:
 បទល្មើសជួញដូរផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com