កីឡាអន្តរជាតិ
អន្តរជាតិ
ប្រាក់រង្វាន់មេដាយមាសអូឡាំពិក៖ សិង្ហបុរី១លានដុល្លារ, ម៉ាឡេស៊ី ៦០ម៉ឺនដុល្លារ, ថៃ ៣១ម៉ឺនដុល្លារ ហ្វីលីពីន២៣ម៉ឺនដុល្លារ
27, Jul 2021 , 5:29 pm        
រូបភាព
មកទល់ពេលនេះប្រទេសអាស៊ានពីរ ថៃ និងហ្វីលីពីន រកបានមេដាយមាសរៀងៗខ្លួនពីព្រឹត្តិការណ៍កីឡអូឡាំពិកតូក្យូឆ្នាំ២០២០។ កីឡាការិនីតេក្វាន់ដូថៃ Wongpattanakit Panipak បានឈ្នះមេដាយមាសក្នុងទម្ងន់ក្រោម៤៩គីឡូក្រាម ខណៈកីឡាការិនី Hidilyn Diaz ទទួលបានមេដាយមាសជូនហ្វីលីពីនលើកដំបូងក្នុងវិញ្ញាសាលើកទម្ងន់៥៥គីឡូក្រាម។ អត្តពលិកទាំងពីរ សុទ្ធតែទទួលប្រាក់រង្វាន់ខ្ទង់សែនដុល្លារអាមេរិក តាមការសន្យារបស់រដ្ឋាភិបាលពួកគេ។

 
ចំណោមប្រទេសទាំងអស់លើពិភពលោកដែលបានបញ្ជូនអត្តពលិកទៅចូលរួមកីឡារដូវក្តៅនៅជប៉ុន ភាគច្រើនមានតែប្រទេសអាស៊ានទេដែលហ៊ានផ្តល់ប្រាក់រង្វាន់ច្រើនដល់កីឡាករកីឡាការិនីដែលអាចឈ្នះមេដាយ។
 
សិង្ហបុរី ជាប្រទេសដែលផ្តល់ប្រាក់រង្វាន់ដល់អ្នកឈ្នះមេដាយអូឡាំពិកទាំង៣ប្រភេទច្រើនជាងគេលើលោក។
 
ប្រទេសកោះមួយនេះ សន្យាផ្តល់ប្រាក់រង្វាន់១លានដុល្លារអាមេរិកសម្រាប់អត្តពលិកខ្លួនរូបណាដែលអាចដណ្តើមមេដាយមាសពីអូឡាំពិកឆ្នាំ២០២០។ ចំនួននេះកើនឡើងលើសកាលពីអូឡាំពិកនៅរីយ៉ូឆ្នាំ២០១៦ ដែលសិង្ហបុរីផ្តល់ជូនរង្វាន់ចំនួនជាង៧៥ម៉ឺនដុល្លារ។ ដោយឡែកសម្រាប់មេដាយប្រាក់បាន ៣៧ម៉ឺនដុល្លារ និងសំរឹទ្ធិ ១៨៩០០០ដុល្លារ។
 
ម៉ាឡេស៊ីនៅចំណាត់ថ្នាក់ទី២ បន្ទាប់ពីសិង្ហបុរីដែលជាប្រទេសភូមិផងរបងតែមួយ។ ម៉ាឡេស៊ី ផ្តល់ប្រាក់រង្វាន់ ៦សែនដុល្លារដល់អត្តពលិកឈ្នះមេដាយមាស ឯប្រាក់៣សែនដុល្លារ និងសំរឹទ្ធិ១៣ម៉ឺនដុល្លារ។
 
ថៃ និងហ្វីលីពីនស្ថិតនៅលេងរៀងទី៥ និងទី៦ ក្នុងនាមប្រទេសដែលផ្តល់ប្រាក់រង្វាន់ច្រើនដល់អត្តពលិក។ 
 
សម្រាប់អ្នកឈ្នះមេដាយមាស ថៃផ្តល់ប្រាក់រង្វាន់ចំនួន ៣១៤០០០ដុល្លារ រីឯប្រាក់ និងសឹរឹទ្ធិមិនត្រូវបានបង្ហាញនោះទេ។ កីឡាការិនីតេក្វាន់ដូថៃ Wongpattanakit Panipak ទទួលបានប្រាក់រង្វាន់នេះរួចហើយ ខណៈសមាជិកក្រុមរបស់នាងទទួលបានប្រាក់លើកទឹកចិត្តដល់ទៅជិត ៦៣ម៉ឺនដុល្លារឯណោះ។
 
ហ្វីលីពីនផ្តល់ប្រាក់រង្វាន់ ២៣៧០០០ដុល្លារដល់អ្នកឈ្នះមេដាយមាសអូឡាំពិក។ កីឡាការិនី Hidilyn Diaz ឈ្នះមេដាយមាសជូនហ្វីលីពីនលើកដំបូងក្នុងវិញ្ញាសាលើកទម្ងន់៥៥គីឡូក្រាម និងក៏ជាអត្តពលិកដំបូងដែលទទួលបានប្រាក់រង្វាន់ដ៏ច្រើននេះដែរ។ បន្ថែមពីលើប្រាក់រង្វាន់ពីរដ្ឋាភិបាល កីឡាការិនីរូបនេះ ក៏បានរង្វាន់លើកទឹកចិត្តពីវិស័យឯកជនដែរ។
 
អាស៊ែបៃហ្សង់ នៅលេខរៀងទី៣ និងកាហ្សាក់ស្ថាននៅទី៤។ អាស៊ែបៃហ្សង់ផ្តល់ប្រាក់រង្វាន់មេដាយមាសចំនួន៥១ម៉ឺនដុល្លារ ប្រាក់២៥៥០០០ដុល្លារ និងសំរឹទ្ធិ ១៣០០០០ដុល្លារ។ កាហ្សាក់ស្ថាន ជូនប្រាក់រង្វាន់មេដាយមាសចំនួន២៥ម៉ឺនដុល្លារ ប្រាក់១៥ម៉ឺនដុល្លារ និងសំរឹទ្ធិ ៧៥០០០ដុល្លារ។
 
ចិន និងអាមេរិក ផ្តល់ប្រាក់រង្វាន់ដល់អត្តពលិកខ្លួនដែលឈ្នះមេដាយមាសអូឡាំពិកត្រឹមជាង៣ម៉ឺនដុល្លាររៀងខ្លួន ខណៈម្ចាស់ផ្ទះជប៉ុនមិនបានបង្ហាញតួលេខឡើយ៕
 
 

Tag:
 ប្រាក់រង្វាន់អូឡាំពិក
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com