កីឡាអន្តរជាតិ
អន្តរជាតិ
Tom Daley ៖ ខ្ញុំមានមោទកភាពជាភេទទីបី ដែលឈ្នះមេដាយមាសអូឡាំពិក
28, Jul 2021 , 8:29 am        
រូបភាព
ដោយ៖ជា យូគៀង 

កីឡាករលោតក្បាច់ជាគូ(Diving) ក្នុងវិញ្ញាសាមុជទឹកកម្ពស់១០ម៉ែត្រ Tom Daley និង Matty Lee របស់អង់គ្លេស បានឆក់យកមេដាយមាសអូឡាំពិក ពីកីឡាករម្ចាស់ជើងឯកពិភពលោក Cao Yuen និង Chen Asien របស់ប្រទេសចិនដោយពិន្ទុ ១.២៣ នាទីក្រុងតូក្យូ។ 


បន្ទាប់ពីបានឈ្នះមេដាយមាសក្នុងវិញ្ញាសាលោតក្បាច់ជាគូមុជទឹករួចមក កីឡាកររបស់អង់គ្លេស Tom Daley រូបនេះ បានបកស្រាយក្នុងសន្និសីទសារព័ត៌មាន ពីមោទកភាពដែលរូបគេ និងដៃគូ បានឈ្នះក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ និងបាននិយាយថា ខ្លួនជាភេទទី៣ផងដែរ។
 
«ខ្ញុំពិតជាមានអារម្មណ៍ដ៏អស្ចារ្យខ្លាំងណាស់ ហើយខ្ញុំហ៊ាននិយាយថា ខ្ញុំជាភេទទី៣ ហើយបានក៏ជាម្ចាស់មេដាយមាសអូឡាំពិកផងដែរ។ Tom Daley បាននិយាយបែបនេះ មុនបន្តទៀតថា៖«នៅពេលដែលខ្ញុំនៅតូច ខ្ញុំបានគិតថា ខ្ញុំមិនអាចនឹងទទួលបានអ្វីសម្រាប់រូបខ្ញុំ ជាពិសេសសម្រាប់ប្រទេសខ្ញុំឡើយ ព្រោះតែខ្ញុំជាភេទទី៣។ ក្រោយឈ្នះមេដាយមាសពិភពលោក ខ្ញុំមានអារម្មណ៍ថាអ្នកគ្រប់គ្នា ក៏អាចធ្វើបានដូចខ្ញុំដែរ។ បើនិយាយពីអត្តពលិកដទៃទៀត ពួកគេមានលក្ខណៈបើកចំហជាងខ្ញុំទៅទៀត។»
 
Tom Daley ក៏បានដាសតឿនដល់យុវជនក្មេងៗដែលជាភេទទី៣ដូចរូបគេ ឲ្យមានការខិតខំធ្វើអ្វីមួយសម្រាប់ខ្លួនឯង និងសម្រាប់ប្រទេសជាតិទាំងមូល ហើយពួកគេក៏មានឱកាសទទួលបាននៅអ្វីដ៏អស្ចារ្យដូចរូបគេដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com