អន្តរជាតិ
អាមេរិក ឱ្យប្រជាជនពាក់ម៉ាស់ឡើងវិញក្នុងតំបន់មានហានិភ័យកូវីដ-១៩ ខ្ពស់
28, Jul 2021 , 9:43 am        
រូបភាព
ប្រជាជនអាមេរិក មានវត្តមាននៅក្នុងហាងលក់ស្បែកជើងមួយ ក្នុងក្រុងLos Angeles។ រូបភាព៖ AP
ប្រជាជនអាមេរិក មានវត្តមាននៅក្នុងហាងលក់ស្បែកជើងមួយ ក្នុងក្រុងLos Angeles។ រូបភាព៖ AP
មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃទី២៧ ខែកក្កដា បានចេញសេចក្ដីណែនាំមួយដោយតម្រូវឱ្យប្រជាជនពាក់ម៉ាស់ឡើងវិញ នៅក្នុងតំបន់មានហានិភ័យឆ្លងជំងឺកូវីដ-១៩ ខ្ពស់។ ការជំរុញពីសំណាក់អាជ្ញាធរអាមេរិកនេះ ធ្វើឡើងស្របពេលវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា កំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេស។
 
 
ក្នុងរយៈពេលចុងក្រោយនេះ ករណីឆ្លងជំងឺកូវីដ-១៩ នៅអាមេរិក បានហក់ឡើងវិញ ស្របពេលវីរុសទម្រង់ដែលតា កំពុងតែឆ្លងនៅក្នុងប្រទេស។ អាមេរិក នៅថ្ងៃទី២៧ ខែកក្កដា បានរាយការណ៍ករណីឆ្លងចំនួន ៥៩៥៩១ករណី និងអ្នកស្លាប់មានចំនួន ៣២៨នាក់។ តាមការបញ្ជាក់របស់មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក តំបន់ចំនួន ៦៣ភាគរយរបស់អាមេរិក មានអត្រាឆ្លងជំងឺកូវីដ-១៩ កម្រិតខ្ពស់ ដែលតម្រូវឱ្យពាក់ម៉ាស់។ 
 
«ក្នុងតំបន់មានអត្រាឆ្លងកម្រិតខ្ពស់ CDC ស្នើឱ្យប្រជាជនពាក់ម៉ាស់នៅទីសាធារណៈ ដែលបិទជិត»។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរអាមេរិក ដោយបន្ថែមថា ការពាក់ម៉ាស់ឡើងវិញនេះ គឺដើម្បីទប់ស្កាត់ការរីកសាយវីរុសទម្រង់ដែលតា និងការពារអ្នកដទៃ។ 
 
ទន្ទឹមនេះ មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក ក៏បានស្នើឱ្យគ្រូបង្រៀន និងសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ទី១២ ពាក់ម៉ាស់ផងដែរ ដោយមិនគិតពីការទទួលបានវ៉ាក់សាំងពេញលេញឡើយ។ 
 
ស្របគ្នាដែរ សេតវិមានអាមេរិក ក៏កំពុងពិចារណាក្នុងការតម្រូវឱ្យបុគ្គលិកសហព័ន្ធ ចាំបាច់ត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬធ្វើតេស្តជំងឺកូវីដ-១៩ ញឹកញាប់ និងពាក់ម៉ាស់ជាប្រចាំ ដោយសារបារម្ភពីវីរុសទម្រង់ដែលតា។ 
 
ចាប់តាំងពីខែឧសភាមក អាមេរិក បានលើកចោលបម្រាមពាក់ម៉ាស់នៅទីសាធារណៈ សម្រាប់ប្រជាជនទទួលបានវ៉ាក់សាំងរួច។ មិនតែប៉ុណ្ណោះ ប្រជាជនអាមេរិក ក៏អាចមិនពាក់ម៉ាស់នៅក្នុងកន្លែងបិទជិតផងដែរ ប៉ុន្តែត្រូវគោរពតាមការណែនាំរបស់ CDC ។ 
 
ទាក់ទិននឹងការជំរុញឱ្យពាក់ម៉ាស់ឡើងវិញនេះ នាយកសហព័ន្ធគ្រូបង្រៀនអាមេរិក លោកស្រី Randi Weingarten បានសរសើរការណែនាំរបស់ CDC ដោយលោកស្រីបានចាត់ទុកវិធានការនោះ ជាការផ្លាស់ប្តូរនៃករណីឆ្លងវីរុស។ មិនតែប៉ុណ្ណោះ លោកស្រី Randi Weingarten ជាការប្រុងប្រយ័ត្នមួយ មុនពេលសិស្សសាលាទទួលបានវ៉ាក់សាំងទាំងអស់គ្នា។ 
 
មកទល់ពេលនេះ អាមេរិក បានផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់៣៤២លានដូស ដល់ប្រជាជនខ្លួន ដោយប្រជាជនចំនួន១៦៣លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 កូវីដ-១៩
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com