ជាតិ
វ៉ាក់សាំងជំនួយអាមេរិក ជាង១លានដូស មកដល់ភ្នំពេញនៅថ្ងៃទី៣០ ខែកក្កដា និងទី២ ខែសីហា
28, Jul 2021 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ជាង១លានដូសដែលជាជំនួយសហរដ្ឋអាមេរិក តាមយន្តការ COVAX នឹងដឹកមកដល់រាជធានីភ្នំពេញ ដោយចែកជាពីរជើង។ នេះបើតាមលិខិតរបស់ លោក Benjamin Wohlauer គឺជាអនុប្រធានបេសកកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ផ្ញើទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែកក្កដា។
 
បើតាមលោក Benjamin វ៉ាក់សាំងដែលជាជំនួយរបស់ពលរដ្ឋអាមេរិកចំនួន ១ ០៦០ ១០០ដូសនេះ នឹងមកដល់រាជធានីភ្នំពេញ តាមជើងហោះហើរពីរផ្សេងគ្នា គឺនៅថ្ងៃសុក្រ ទី៣០ ខែកក្កដា និងថ្ងៃចន្ទ ទី២ ខែសីហា។
 
«រដ្ឋាភិបាលអាមេរិក នៅតែជាដៃគូដែលមានការប្តេជ្ញាខ្ពស់មួយ ក្នុងការលើកកម្ពស់សុខភាពពលរដ្ឋកម្ពុជា។ យើងនឹងបន្តកិច្ចប្រឹងប្រែងរបស់យើង ដើម្បីគាំទ្រការងាររដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងរួមចំណែកដោះស្រាយ ផលប៉ះពាល់លើសុខភាពសាធារណៈ និងសេដ្ឋកិច្ច»។ នេះជាការលើកឡើងរបស់អនុប្រធានបេសកកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
 
ក្នុងសារឆ្លើយតបតាមអ៊ីម៉ែល លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិក បានអះអាងថា ស្ថានទូតអាមេរិក កំពុងរៀបចំអញ្ជើញអ្នកសារព័ត៌មាន ចូលរួមកម្មវិធីទទួលវ៉ាក់សាំង នៅថ្ងៃសុក្រខាងមុខនេះ។
 
Johnson & Johnson នឹងក្លាយជាប្រភេទវ៉ាក់សាំងបង្ការកូវីដ-១៩ ទីបួន ដែលប្រើប្រាស់នៅកម្ពុជា បន្ទាប់ពីស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងAstraZeneca។ នៅកម្ពុជា សរុបទាំងវ៉ាក់សាំងជំនួយ ការបញ្ជាទិញ និងតាមយន្តការកូវ៉ាក់ មានជាង១៧លានដូសហើយ។ 
 
កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងមក កម្ពុជាទើបទទួលបានវ៉ាក់សាំង AstraZeneca ពីរដ្ឋាភិបាលជប៉ុន ចំនួនជាង៣.៣សែនដូស ដែលជាការមកដល់ជើងទីមួយ ក្នុងចំណោម១លានដូស ដោយវ៉ាក់សាំងដែលនៅសល់ នឹងត្រូវបញ្ជូនមកកម្ពុជានៅជើងក្រោយទៀត៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com