«កងទ័ពយោធាចិន នឹងបន្តធ្វើជាកម្លាំង គាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់កម្ពុជា និងសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមចំណែកកាន់តែធំធេងក្នុងការជំរុញកិច្ចកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា និងការពារសន្តិភាពក្នុងតំបន់ ក៏ដូចជាលើពិភពលោក»។ នេះជាប្រសាសន៍របស់លោក លី ជីងហ្វឹង (Li Jingfeng) អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា ក្នុងពិធីអបអរសាទរខួប៩៤ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។
កងទ័ពរំដោះប្រជាជនចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩២៧។ ស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំពិធីអបអរសាទរនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ គឺមុន៥ថ្ងៃនៃការមកដល់ខួប៩៤ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ ប្រសាសន៍របស់លោក លី ជីងហ្វឹង នៅក្នុងពិធីនោះ ត្រូវបានដកស្រង់យកទៅចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា។
លោក លី ជីងហ្វឹង គូសបញ្ជាក់ថា ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩មក កងទ័ពចិន បានផ្តល់ជំនួយយ៉ាងច្រើនដល់ប្រទេសជិតខាង ក៏ដូចជាកងទ័ពនៃប្រទេសកំពុងអភិវឌ្ឍន៍នានា។ លោក ថ្លែងថា៖«កិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពយោធាចិននិងកម្ពុជា បានបោះជំហានដល់កម្រិតថ្មីមួយទៀត ក្នុងស្ថានភាពដែលទទួលរងការញាំញីពីជំងឺកូវីដ-១៩»។
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងយោធាជាន់ខ្ពស់កម្ពុជាជាច្រើនទៀត បានចូលរួមតាមអនឡាញ ក្នុងពិធីអបអរសាទរខួប៩៤ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ដែលរៀបចំដោយស្ថានទូតចិន។
ក្នុងពិធីខាងលើ លោក ផាត វិបុលសុភ័ក្ត្រ យោធាជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនិងកងទ័ពកម្ពុជា-ចិន។ លោក បានអរគុណភាគីចិន ចំពោះការគាំទ្រនិងការផ្តល់ជំនួយដល់កម្ពុជាក្នុងរយៈពេលវែង។
ចិន មិនមែនរម្លឹកតែខួបនៃការបង្កើតកងទ័ពរំដោះប្រជាជនចិនទេ តែក៏បានរម្លឹកខួបនៃការបង្កើតបក្សកុម្មុយនីស្តចិនផងដែរ។ បក្សកុម្មុយនីស្តចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ ហើយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ គឺជាខួប១០០ឆ្នាំ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារជូនទៅលោក ស៊ី ជីនភីង ប្រធានាធិបតីចិននិងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដើម្បីចូលរួមអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន។ សម្តេច ទៀ បាញ់ បានផ្ញើលិខិតជូនទៅលោក វី ហ្វឹងហេ (Wei Fenghe) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការពារជាតិចិន ដើម្បីអបអរសាទរខួប៩៤ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។
លោក វង្ស ពិសេន ពុំបានផ្ញើលិខិតអបអរសាទរទៅកាន់មេដឹកនាំចិនណាម្នាក់ឡើយ តែលោក បានសរសេរអត្ថបទមួយ ដើម្បីអបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន និងខួប៩៤ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ហើយអត្ថបទនោះ ត្រូវបានផ្សាយជាសាធារណៈ។ លោក រំលេចក្នុងអត្ថបទរបស់លោកថា៖«គណបក្ស ប្រទេស និង កងទ័ពទាំងពីរ [កម្ពុជា-ចិន] គាំទ្រនិងជួយគ្នាទៅវិញទៅមកលើផលប្រយោជន៍ស្នូលនិងបញ្ហាចម្បង បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ ប្រទេស និង កងទ័ពនៅលើពិភពលោក»៕