កីឡាអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីរុស្ស៊ី មិនអាចប្រើឈ្មោះប្រទេស និងទង់ជាតិខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ?
29, Jul 2021 , 8:29 am        
រូបភាព
ដោយ: រួបរួម
មិត្តអ្នកអានជាច្រើន បានផ្ញើមកកាន់សារព័ត៌មានថ្មីៗ ឲ្យបកស្រាយករណីក្រុមកីឡាជម្រើសជាតិរុស្ស៊ី ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020) ដែលបានត្រឹមតែប្រើឈ្មោះថា ROC និងទង់ផ្សេង។ នេះជាលើកទីពីរជាប់គ្នាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក (Olympic Games) ដែលរុស្ស៊ី ប្រើឈ្មោះផ្សេងសម្រាប់ការប្រកួតប្រជែងដណ្តើមយកមេដាយ។
 
កាលពីព្រឹត្តិការណ៍អូឡាំពិករដូវរងា Pyeongchang Winter Games ឆ្នាំ២០១៨ រុស្ស៊ី ប្រើឈ្មោះថា OAR (Olympic Athletes from Russia) ដោយន័យជាភាសាខ្មែរ គឺ «ក្រុមអត្តពលិកអូឡាំពិកពីរុស្ស៊ី»។ ដោយឡែកព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ តែត្រូវលើកមកធ្វើនៅឆ្នាំ២០២១ នេះ ដោយសារកូវីដ-១៩ រុស្ស៊ី ប្រើក្រោមស្លាកគណៈកម្មការអូឡាំពិករុស្ស៊ី ROC (Russian Olympic Committee) ហើយនឹងប្រើឈ្មោះ និងទង់ ROC ដដែលនេះ ក្នុងព្រឹត្តិការណ៍ Beijing Olympic ឆ្នាំ២០២២ ទៀត។
 
ហេតុអ្វីបានជាត្រូវប្រើឈ្មោះ ROC?
 
កាលពីចុងឆ្នាំ២០១៩ ទីភ្នាក់ងារប្រឆាំងសារធាតុប៉ូវកម្លាំងពិភពលោក (WADA) បានដាក់បម្រាមរយៈពេល៤ឆ្នាំលើប្រទេសរុស្ស៊ី ពីការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសកលធំៗ ដូចជា អូឡាំពិកនៅតូក្យូឆ្នាំ២០២០ និង FIFA World Cup ឆ្នាំ២០២២នៅកាតា។ ទីភ្នាក់ងារដែលមានមូលដ្ឋាននៅកាណាដាមួយនេះ បានចោទប្រកាន់ទីក្រុងមូស្គូថា ក្លែងបន្លំទិន្នន័យពី មន្ទីរពិសោធន៍ប្រឆាំងសារធាតុប៉ូវកម្លាំងមួយ។ 


ទណ្ឌកម្មធ្ងន់ធ្ងរដែលពុំធ្លាប់មានដែលដាក់លើរុស្ស៊ីនេះ នឹងហាមប្រាមមន្ត្រីរដ្ឋាភិបាលរុស្ស៊ីពីការចូលទស្សនាព្រឹត្តិការណ៍ធំៗទាំងអស់ ខណៈប្រទេសនេះ នឹងបាត់បង់សិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ ឬដេញថ្លៃសម្រាប់ការប្រកួតនានាផងដែរ។ 
 
ប្រធានទីភ្នាក់ងារ WADA លោក Craig Reedie បញ្ជាក់ថា ជាយូរមកហើយ ការប្រើសារធាតុប៉ូវកម្លាំងពីសំណាក់អត្តពលិករុស្ស៊ី បានឲ្យបាត់បង់តម្លៃវិស័យកីឡាស្អាតស្អំ។ ក្រោមទណ្ឌកម្មនេះ កីឡាករ និងកីឡាការនីរបស់រុស្ស៊ី នៅតែត្រូវអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែង ក្រោមស្លាកគណៈកម្មការអូឡាំពិករុស្ស៊ី ROC (Russian Olympic Committee)។
 
ទោះជាបែបនេះក្តី ការចូលរួមរបស់រុស្ស៊ីក្នុងព្រឹត្តិការណ៍ UEFA Euro ២០២០ និងការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាក្រុង Saint Petersburg  ដែលមានបួនប្រកួតកន្លងមកនោះ គឺមិនប៉ះពាល់ដោយការអនុវត្តបម្រាមនេះឡើយ ព្រោះថា ព្រឹត្តិការណ៍ទាំងនេះ ពុំត្រូវបានចាត់ថ្នាក់ជា «ព្រឹត្តិការណ៍ធំ» សម្រាប់គោលដៅប្រឆាំងសារធាតុប៉ូវកម្លាំងនោះឡើយ។ 
 
 រឿងរ៉ាវជុំវិញការផ្តល់សារធាតុប៉ូវកម្លាំងដល់អត្តពលិកដែលគាំទ្រដោយរដ្ឋ ក្នុងប្រទេសរុស្ស៊ី ចន្លោះពី២០១១ និង ២០១៥ ត្រូវបានទម្លាយក្នុងរបាយការណ៍ឯករាជ្យមួយ ដែលចុះផ្សាយក្នុងឆ្នាំ២០១៦ ដោយមេធាវីកីឡាម្នាក់ លោក Richar McLaren ។ វាបានធ្វើឲ្យទីភ្នាក់ងារប្រឆាំងសារធាតប៉ូវកម្លាំងរបស់រុស្ស៊ី (RUSADA) ត្រូវបានព្យួររយៈពេល៣ឆ្នាំ ជុំវិញកម្មវិធីសារធាតុប៉ូវកម្លាំងដែលគាំទ្រដោយរដ្ឋ។


កាលពី Rio Olympics ឆ្នាំ២០១៦ WADA ក៏ទាមទារឲ្យព្យួរសិទ្ធិរុស្ស៊ីដែរ ប៉ុន្តែគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) បានច្រានចោល។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអត្តពលិករុស្ស៊ី ត្រូវបានកាត់បន្ថយនាពេលនោះ។
 
ឈានដល់ព្រឹត្តិការណ៍ Pyeongchang Olympics ឆ្នាំ២០១៨ IOC បានតម្រូវឲ្យអត្តពលិករុស្ស៊ីចូលរួមជាអព្យាក្រឹត្យក្រោមឈ្មោះថា «អត្តពលិកអូឡាំពិកពីរុស្ស៊ី» (OAR)។
 
សម្រាប់ព្រឹត្តិការណ៍ Tokyo 2020 នេះ រុស្ស៊ីប្រើឈ្មោះ និងទង់ ROC ដែលមានន័យថា ពេលរុស្ស៊ីឈ្នះមេដាយ ជាពិសេសមេដាយមាស គឺមិនមានភ្លេង និងទង់រុស្ស៊ី នោះឡើយ ដោយវាត្រូវជំនួសដោយភ្លេង និងទង់របស់គណៈកម្មាធិការអូឡាំពិករុស្ស៊ីវិញ៕
 
ប្រភពរូបថត៖ Xinhua News Agency
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com