COVID-19
ជាតិ
ភ្នំពេញដាក់​ចេញ​វិធានការ​រដ្ឋបាល​១៤ថ្ងៃ​ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩
29, Jul 2021 , 1:18 pm        
រូបភាព
រដ្ឋបាល​រាជធានីភ្នំពេញ បានចេញ​សេចក្តី​សម្រេច​ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេល​១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង​២៣ និង៥៩នាទី យប់ថ្ងៃទី​២៩ ខែកក្កដា នេះ រហូត​ដល់​ថ្ងៃទី១២ ខែសីហា ក្នុងគោលដៅប្រយុទ្ធ​ និងទប់ស្កាត់ការរាលដាលកូវីដ-១៩។


ដូចជាការអនុវត្តកន្លងមក​ផងដែរ សេចក្តី​សម្រេចថ្មី​ដែល​ចុះហត្ថលេខាដោយ​លោកអភិបាលរាជធានី ឃួង ស្រេង បាន​រឹតត្បិតសកម្មភាពការងារ មុខរបរ និងអាជីវកម្ម​ដែលមានហានីភ័យខ្ពស់នៃការរាលដាលកូវីដ-១៩។ សកម្មភាពការងារ មុខរបរ និងអាជីវកម្ម​ដែល​ត្រូវបានហាមឃាត់មានដូចជា សាលារៀន (អាចបណ្តុះបណ្តាលតាមអនឡាញ) ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន កាស៊ីណូ រមណីយដ្ឋាន សារមន្ទី សួន​កុមារ សួនកម្សាន្ត ម៉ាស្សា ស្ទីម សូណា គ្រប់ប្រភេទ។

អត្ថបទទាក់ទង


ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ក៏ត្រូវ​បានហាមឃាត់ផងដែរ ហើយក្រៅពីនេះ មាន​រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លិបហាត់ប្រាណ និងមណ្ឌលកីឡាគ្រប់ប្រភេទ។

ការជួបជុំ​គ្នាលើស​ពី​១០នាក់ ត្រូវតម្រូវឲ្យផ្អាកជាបណ្តោះអាសន្ន លើកលែងជំនួបក្នុងគ្រួសារ ឬលក្ខខណ្ឌផ្សេងៗ ដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។

បម្រាមគោចរត្រូវអនុវត្ត​ចន្លោះពី​ម៉ោង​៩យប់ ដល់់ម៉ោង​៣អាធ្រាត្រ ដោយលើកលែង​ករណីមួយចំនួន​ដែលមាន​លិខិតបញ្ជាបេសកកម្ម​ត្រឹមត្រូវ និងហេតុផល​បន្ទាន់មួយចំនួន។ ចំពោះអ្នកកាសែត ត្រូវមាន​លិខិតអនុញ្ញាត​សម្រាប់​ការធ្វើដំណើរពីក្រសួងព័ត៌មាន។




គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារគ្រប់ប្រភេទ អាចដំណើរការជាប្រក្រតី ប៉ុន្តែ​ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំ និងវិធាន​សុខាភិបាល។ ចំពោះទីតាំងដែលមានករណីវិជ្ជមាន អាជ្ញាធរមូលដ្ឋាន ត្រូវ​ចាត់វិធានការបិទជាបន្ទាន់៕



© រក្សាសិទ្ធិដោយ thmeythmey.com