អន្តរជាតិ
វៀតណាម នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង៦៥ម៉ឺនដូសពីអង់គ្លេសនិងឆែក
29, Jul 2021 , 4:29 pm        
រូបភាព
ប្រជាជនវៀតណាម នៅក្នុងក្រុងហូជីមិញ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រូបភាព៖ Vietnam Express
ប្រជាជនវៀតណាម នៅក្នុងក្រុងហូជីមិញ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រូបភាព៖ Vietnam Express
អង់គ្លេស និងឆែក បានសន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជាង៦៥ម៉ឺនដូសដល់ វៀតណាមដើម្បីទប់ស្កាត់ជំងឺឆ្លងនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី២៩ ខែកក្កដា។

តាមសេចក្តីប្រកាសរបស់ស្ថានទូតអង់គ្លេសនៅវៀតណាម រដ្ឋាភិបាលក្រុងឡុងដ៍ បានសម្រេចផ្តល់វ៉ាក់សាំងចំនួន៤១៥០០០ដូស ដល់ក្រុងហាណូយ។ ជំនួយនេះ ជាផ្នែកមួយគម្រោងចែកចាយជំហានដំបូង៩លានដូសនៃគម្រោងផ្ដល់វ៉ាក់សាំង១០០លានដូសដែលលោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសបរិច្ចាគទៅបណ្តាប្រទេសផ្សេងៗក្នុងអំឡុងកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧។
 
«យើងកំពុងជួយប្រជាជនរងគ្រោះ ដោយសារតែយើងនឹងមិនមានសុវត្ថិភាពឡើយ ប្រសិនបើប្រជាជនផ្សេងទៀតមិនទទួលបានសុវត្ថិភាព»។ ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម បានស្រង់សម្តីលោករដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab បែបនេះ។ ប្រទេសអាស៊ីគ្នេយ៍ផ្សេងទៀតមានឡាវ ឥណ្ឌូណេស៊ី និងថៃ ក៏មានឈ្មោះទទួលបានវ៉ាក់សាំងពីអង់គ្លេសដែរ។
ស្របគ្នាដែរ សាធារណរដ្ឋឆែក បានសន្យាផ្តល់វ៉ាក់សាំងដល់វៀតណាមចំនួន២៥ម៉ឺនដូស។ យ៉ាងណាមិញ វ៉ាក់សាំងទាំងនោះ មិនត្រូវបានបញ្ជាក់ពីវ៉ាក់សាំងប្រភេទណាឡើយ។
កន្លងមកវៀតណាម ក៏បានទទួលវ៉ាក់សាំងចំនួន៥លានដូសពីអាមេរិកផងដែរ។ 
 
កន្លងមក វៀតណាម បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន ១៣០លានដូសហើយ សម្រាប់ផ្តល់ឱ្យប្រជាជនខ្លួន ខណៈពេលប្រទេសមួយនេះ ក៏កំពុងចរចាជាមួយក្រុមហ៊ុនផលិតឱសថផ្សេងទៀត ដើម្បីទិញវ៉ាក់សាំងចំនួន ៤០លានដូសបន្ថែមផងដែរ។ ការបញ្ជាទិញវ៉ាក់សាំងដ៏ច្រើនបែបនេះ ដោយសារវៀតណាមចង់ផ្តល់វ៉ាក់សាំងដល់ប្រជាជនចំនួន៧០ភាគរយនៃប្រជាជនទាំង ៩៦លាននាក់របស់ខ្លួន។
 
មកទល់ពេលនេះ វៀតណាម បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥,២លានដូស ដោយប្រជាជនជាង ៤៩ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ ស្របគ្នានេះ ករណីឆ្លងជំងឺកូវីដ-១៩ នៅវៀតណាម ក៏កំពុងតែធ្ងន់ធ្ងរផងដែរ ដោយករណីឆ្លងប្រចាំថ្ងៃមានជាច្រើនពាន់ករណី។ ករណីឆ្លងសរុបនៅវៀតណាម បានហក់ឡើងដល់ជាង ១២ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ៦៣០នាក់៕ 
 

Tag:
 វៀតណាម
  ឆែក
© រក្សាសិទ្ធិដោយ thmeythmey.com