អន្តរជាតិ
ប្រមុខការពារជាតិអាមេរិក ទៅវៀតណាមដើម្បីពង្រឹងកិច្ចប្រតិបត្តិការសន្តិសុខ 29, Jul 2021 , 7:29 pm
លោក ឡយ អូស្ទីន ប្រមុខការពារជាតិអាមេរិក ជាមួយសមភាគីវៀតណាម លោក លោក Phan Van Giang (ខាងឆ្វេង)។ រូបភាព៖ AP
× រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកឡយ អូស្ទីន នៅថ្ងៃទី២៩ ខែកក្កដា បានស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមជាមួយវៀតណាម និងដោះស្រាយបញ្ហាជំងឺកូវីដ-១៩។ ទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក ធ្វើឡើងស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងមានទំនាស់ជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូង។
បន្ទាប់ពីចាកចេញពីសិង្ហបុរី លោក ឡយ អូស្ទីន ប្រមុខការពារជាតិអាមេរិក បានទៅដល់វៀតណាមហើយ។ ក្នុងជំនួបជាមួយសមភាគីវៀតណាម លោក Phan Van Giang លោក អូស្ទីន បានជជែកពីបញ្ហាជាច្រើនរួមមានការពិភាក្សាលើកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាដែលបន្សល់ទុកពីសង្រ្គាម ដែលបញ្ចប់នៅឆ្នាំ១៩៧៥, ការស្វែងរកសពទាហានអាមេរិក ដែលបាត់ខ្លួនក្នុងសម័យសង្រ្គាម និងការដោះមីនជាដើម។
តាមក្រសួងការពារជាតិវៀតណាម ភាគីទាំងពីរក៏បានជជែកពីកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខមិនមែនប្រពៃណី ដូចជាការជួយគ្នាក្នុងគ្រោះមហន្តរាយ និងជំនួយក្នុងការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
ទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកនៅវៀតណាមនេះ ធ្វើឡើងស្របពេលហាណូយ និងក្រុងប៉េកាំង កំពុងមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ ក្នុងទស្សនកិច្ចនៅសិង្ហបុរី ប្រមុខការពារជាតិអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ការទាមទាររបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង គឺគ្មានមូលដ្ឋានច្បាប់អន្តរជាតិឡើយ និងបំពានអធិបតេយ្យរបស់រដ្ឋដទៃនៅក្នុងតំបន់។ ជាការឆ្លើយតប ចិន បានចាត់ទុកការលើកឡើងរបស់លោករដ្ឋមន្រ្តីជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន។
ក្នុងដំណើរទស្សនកិច្ចនេះ លោក អូស្ទីន ក៏ប្រគល់នាវាល្បាតសមុទ្រមួយគ្រឿងប្រភេទ CSB 8021 ដែលអាមេរិកបរិច្ចាគនៅក្នុងឆ្នាំ២០២០ ឱ្យវៀតណាមផងដែរ។ នាវានេះ ត្រូវបានផ្តល់ឱ្យ ដើម្បីជួយវៀតណាមធានាសណ្តាប់ធ្នាប់នៅក្នុងសមុទ្រចិនខាងត្បូង។
នាកន្លងមក លោក Marc Knapper បេក្ខភាពជាអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម បានសន្យាថា ពង្រឹងទំនាក់ទំនងសន្តិសុខប្រទេសទាំងពីរ។ ប៉ុន្តែលោក Marc ក៏បញ្ជាក់ផងដែរថា ទំនាក់ទំនងប្រទេសទាំងពីរ អាចឈានដល់កម្រិតមួយខ្ពស់ ប្រសិនបើរដ្ឋាភិបាលក្រុងហាណូយគិតគូរ និងកែលម្អសិទ្ធិមនុស្សនៅក្នុងប្រទេស៕
Tag:
កូវីដ-១៩
វៀតណាម
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com