COVID-19
ជាតិ
កម្ពុជាបានទទួលវ៉ាក់សាំង Johnson & Johnson ជំនួយអាមេរិក ជំហានទីមួយហើយ
30, Jul 2021 , 8:16 am        
រូបភាព
រូប capture ចេញពីទូរទស្សន៍ជាតិកម្ពុជា
រូប capture ចេញពីទូរទស្សន៍ជាតិកម្ពុជា
វ៉ាក់សាំងបង្ការកូវីដ-១៩ Johnson & Johnson ដែលចាក់តែមួយដូស បានមកដល់កម្ពុជាហើយនាព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា នេះ។ ជិត៥០ម៉ឺនដូសជាចំនួនពាក់កណ្តាលក្នុងចំណោម១លានដូស ដែលរដ្ឋាភិបាលអាមេរិក និងប្រជាជនអាមេរិក ផ្តល់ជូនកម្ពុជា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ខណៈពាក់កណ្តាលទៀត គ្រោងដឹកមកដល់នៅថ្ងៃចន្ទ ខាងមុខ។
 
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក Benjamin Wohlauer ឯកអគ្គរដ្ឋទូតអាមេរិកស្តីទី រួមទាំងតំណាងអង្គការយូនីសេហ្វ មានវត្តមានក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងនេះ។ ស្ថានទូតអាមេរិក ទូរទស្សន៍ជាតិកម្ពុជា រួមទាំងទំព័រហ្វេសប៊ុកផ្លួវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្សាយផ្ទាល់ពីការដឹកមកដល់វ៉ាក់សាំងនាព្រឹកថ្ងៃសុក្រនេះផងដែរ។
 
លោក Benjamin Wohlauer បានលើកឡើងថា សមភាពនៃការទទួលវ៉ាក់សាំងជាការចាំបាច់ ដូចជាការអះអាងរបស់លោកប្រធានាធិបតី ចូ បៃឌិន ពីផ្តល់បន្ទាន់ដល់គ្រប់ប្រទេសទាំងអស់។ «នេះជាអំណោយរបស់ប្រជាជនអាមេរិក ដែលនឹងការពារប្រជាជនកម្ពុជា១លាននាក់»។ លោកបានលើកឡើងដូច្នេះ ដោយអះអាង វ៉ាក់សាំងជំនួយនេះ មិនមានភ្ជាប់លក្ខខណ្ឌណាមួយឡើយ។
 
Jonhson & Jonhson បានក្លាយជាវ៉ាក់សាំងទី៤ ដែលត្រូវប្រើប្រាស់នៅកម្ពុជា បន្ទាប់ស៊ីណូវ៉ាក់ ស៊ីណូវ៉ាក់ និង AstraZeneca ដោយវ៉ាក់សាំងទាំងអស់សុទ្ធតែមានការទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក។
 
បច្ចុប្បន្នកម្ពុជា បានទទួលវ៉ាក់សាំងជិត១៨លានដូសហើយដោយគិតទាំងវ៉ាក់សាំងជំនួយផ្ទាល់ ការបញ្ជាទិញ និងតាមយន្តការកូវ៉ាក់។ កាលពីសប្តាហ៍មុន កម្ពុជាទើបទទួលបាន AstraZeneca ចំនួន៣៣ម៉ឺនដូសក្នុងចំណោម១លានដូសពីជប៉ុន។
 
របាយការណ៍ចុងក្រោយបង្ហាញថា មនុស្សជាង៧លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ពោលគឺរដ្ឋាភិបាលសម្រេចបានជាង៧១ភាគរយនៃផែនការ១០លាននាក់របស់ខ្លួន។ បច្ចុប្បន្ន កម្ពុជាកំពុងបន្តយុទ្ធនាការចាក់ដល់កុមារ និងយុវជនពីអាយុ១២ ដល់ក្រោម១៨ឆ្នាំផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com