កីឡាជាតិ
ជាតិ
អូឡាំពិកតូក្យូ៖ អត្តពលិកកម្ពុជា២រូប នឹងត្រូវប្រកួតវិញ្ញាសាហែលទឹក នៅល្ងាចនេះ
30, Jul 2021 , 9:48 am        
រូបភាព
(ឆ្វេង)កីឡាការិនី ឃឿន ប៊ុនពេជ្រមរកត និងកីឡាករ ហែម ប៉ុច ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា នាមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅថ្ងៃទី៣០ កក្កដា ២០២១
(ឆ្វេង)កីឡាការិនី ឃឿន ប៊ុនពេជ្រមរកត និងកីឡាករ ហែម ប៉ុច ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា នាមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅថ្ងៃទី៣០ កក្កដា ២០២១
ភ្នំពេញ៖ អត្តពលិកកម្ពុជា២រូប នឹងត្រូវប្រកួតលើវិញ្ញាសាហែលទឹក នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅម៉ោង៥ល្ងាច (ម៉ោងនៅកម្ពុជា) នាថ្ងៃទី៣០ កក្កដានេះ។ ចំណែកអត្តពលិក១រូបទៀត នឹងត្រូវប្រកួតនៅថ្ងៃទី៣១ កក្កដា។
 
កីឡាហែលទឹកកម្ពុជា២រូប គឺកីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា នាមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre។ សម្រាប់កីឡាករ ហែម ប៊ុច ត្រូវប្រកួតសេរីទី៤ (Heat-4) និងខ្សែបន្ទាត់ទី៦(Lane-6)។ រីឯកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាត់ទី៥ (Lane-5)។
 
ការប្រកួតហែលទឹកនេះ គណៈកម្មការនឹងជ្រើសរើសកីឡាករ-កីឡាការិនី ដែលមានសិទ្ធិផលខ្ពស់ ឬប្រើថិរវេលាតិចជាងគេតាមសេរី និង Heat នីមួយៗ ចំនួន ១៨នាក់ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុននឹងឈានដល់កៅអីវគ្គផ្ដាច់ព្រ័ត្រ និងប្រជែងមេដាយ។
 
ដោយឡែក កីឡាករ ប៉ែន សុគង់ អត្តពលកម្មកម្ពុជា ក៏កំពុងប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមការប្រកួត លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ នាម៉ោង៩ព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣១ ខែកក្កដា ។
 
កម្ពុជាបានទទួលសិទ្ធិអនុគ្រោះបញ្ជូនអត្តពលិក ២ប្រភេទកីឡា គឺកីឡាករ-កីឡាការិនីហែលទឹក ២រូប និងកីឡាករអត្តពលកម្មម្នាក់ សម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍ Tokyo Olympic Games 2020 នៅប្រទេសជប៉ុន ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម ជាអ្នកដឹកនាំកីឡាករ-កីឡាការិនី៣រូប ចូលរួមប្រកួតព្រឹត្តិការណ៍នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com