ជាតិ
សុខភាព
កម្ពុជាបានជំនួយវ៉ាក់សាំងជាបន្តបន្ទាប់ពីចិន ជប៉ុន អាមេរិក រួមទាំងអង់គ្លេសដែលបានសន្យា
30, Jul 2021 , 11:09 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក ពីលោក Benjamin Wohlauer ឯកអគ្គរដ្ឋទូតអាមេរិកស្តីទីប្រចាំកម្ពុជា នាថ្ងៃទី៣០កក្កដា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក ពីលោក Benjamin Wohlauer ឯកអគ្គរដ្ឋទូតអាមេរិកស្តីទីប្រចាំកម្ពុជា នាថ្ងៃទី៣០កក្កដា។
ភ្នំពេញ៖ កម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីបណ្តាប្រទេសជាមិត្ត ជាបន្តបន្ទាប់ ដើម្បីផ្តល់ ឱ្យប្រជា ពលរដ្ឋ។ គិតត្រឹមថ្ងៃទី៣០កក្កដា មានប្រទេសជាមិត្តចំនួន៤ហើយ ដែលបានផ្តល់ និងប្រកាសផ្តល់ជំនួយ វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យកម្ពុជា ដោយក្នុងនោះ មានចិន ជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
 
 
«ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រោយពេលដែលកម្ពុជាទទួលបានវ៉ាក់សាំង Johnson & Johnson ជំហានដំបូងក្នុងចំណោម១លានដូសពីសហរដ្ឋអាមេរិក តាមយន្តការកូវ៉ាក់។
 
នៅមុនការមកដល់វ៉ាក់សាំងដែលជាជំនួយអាមេរិក កម្ពុជាបានទទួលជាង២លានដូសពីចិន និងទើបបាន AstraZeneca ៣៣ម៉ឺនដុសក្នុងចំណោម១លានដូសពីជប៉ុនតាមរយៈយន្តការកូវ៉ាក់។ បន្ទាប់មក កម្ពុជាក៏ត្រូវទទួលបាន AstraZeneca ៤១.៥ម៉ឺនដូសទៀតពីចក្រភពអង់គ្លេស តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីផងដែរ។


 
 
សម្រាប់ព្រឹកថ្ងៃទី៣០កក្កដានេះ កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ជិត៥០ម៉ឺនដូស ដែលស្ថិតនៅក្នុងចំណោម១លានដូស ពីរដ្ឋាភិបាលអាមេរិកនិងប្រជាជនអាមេរិក ផ្តល់ជូនកម្ពុជាតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ខណៈវ៉ាក់សាំងជាងពាក់កណ្តាលទៀតគ្រោងដឹកមកដល់នៅថ្ងៃទី២សីហា ឆ្នាំ២០២១។   
 
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា៖« អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ»។
 
បច្ចុប្បន្នកម្ពុជា បានទទួលវ៉ាក់សាំងជិត១៨លានដូសហើយ ដោយគិតទាំងវ៉ាក់សាំងជំនួយផ្ទាល់ ការបញ្ជាទិញ និងតាមយន្តការកូវ៉ាក់។  
របាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលបង្ហាញថា មនុស្សជាង៧លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ពោលគឺរដ្ឋាភិបាលសម្រេចបានជាង៧១ភាគរយនៃផែនការ១០លាននាក់របស់ខ្លួន។ បច្ចុប្បន្ន កម្ពុជាកំពុងបន្តយុទ្ធនាការចាក់ដល់កុមារ និងយុវជនពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ ផងដែរ៕
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com