កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីសិង្ហបុរី ប្រាប់ឱ្យពលរដ្ឋឈប់រិះគន់ ម្ចាស់ការពារជើងឯក Schooling ដែលធ្លាក់វគ្គជម្រុះអូឡាំពិក
30, Jul 2021 , 1:59 pm        
រូបភាព
ប្រធានាធិបតី Halimah Yacob បានអំពាវនាវដល់ប្រជាជនសិង្ហបុរី ឱ្យគាំទ្រអត្តពលិកជាតិខ្លួន និងបញ្ឈប់ការរិះគន់លើពួកគេ។ សារអំពាវនាវរបស់ប្រធានាធិបតីសិង្ហបុរីនេះ បន្ទាប់ពីមានមតិរិះគន់ លើម្ចាស់ការពារតំណែងជើងឯក Joseph Schooling ដែលបានធ្លាក់វគ្គជម្រុះលើវិញ្ញាសាហែលទឹក ក្បាច់មេអំបៅ ផ្នែកបុរសចម្ងាយ១០០ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ កាលពីថ្ងៃទី២៩កក្កដា ២០២១។


ការប្រកួតលើវិញ្ញាសាហែលមេអំបៅ នាមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre ប្រទេសជប៉ុននេះ Schooling ធ្វើមិនបានល្អឡើយ ដោយប្រើថេរវេលា៥៣.១២ វិនាទី។ ចំពោះលទ្ធផលមិនល្អនេះ បានធ្វើឱ្យ Schooling ជាប់ចំណាត់ថ្នាក់ទី៤៤ ក្នុងចំណោមកីឡាករ៥៥នាក់។ សម្រាប់វគ្គជម្រុះនេះ គឺគណៈកម្មការជ្រើសរើសកីឡាករ ដែលមានលទ្ធផលខ្ពស់ ឬប្រើថិរវេលាតិចជាងគេ ចំនួន១៦នាក់ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុននឹងឈានដល់កៅអីវគ្គផ្ដាច់ព្រ័ត្រ និងប្រជែងមេដាយមាស។ ជាមួយគ្នានេះ Schooling ក៏ធ្លាក់ចេញវគ្គជម្រុះ លើវិញ្ញាហែលសេរី ចម្ងាយ១០០ម៉ែត្រដែរ ដោយរូបគេបានប្រើពេលវេលា ៤៩.៨៤វិនាទី ដោយជាប់លេខ៦ ក្នុងចំណោម៨នាក់។
 
ដោយសារលទ្ធផលនេះហើយ បានធ្វើឱ្យប្រជាជនសិង្ហបុរី មិនសប្បាយចិត្តចំពោះ Schooling។ ពួកគេបានសរសេរសាររិះគន់ និងវាយប្រហារ លើម្ចាស់ការពារតំណែងជើងឯករូបនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់។
 
សារបញ្ចេញមតិបែបអវិជ្ជមាន លើអត្តពលិកសិង្ហបុរីនេះ ត្រូវបានប្រធានាធិបតី Halimah Yacob មើលឃើញ។ លោកស្រី Halimah Yacob ក៏បានអំពាវនាវឱ្យប្រជាជនសិង្ហបុរី បញ្ឈប់ការរិះគន់លើ Schooling ជាបន្ទាន់ ព្រោះវាបានផ្ដល់ការឈឺចាប់ដល់រូបគេ។ 
 
Chanel News Asia បានស្រង់សម្តីប្រធានាធិបតីសិង្ហបុរី ដូច្នេះថា៖« Joseph Schooling គឺជាម្ចាស់មេដាយមាសអូឡាំពិក២០១៦ ហើយគាត់ធ្វើមិនបានល្អនៅក្នុងការប្រកួតវគ្គជម្រុះវិញ្ញាសាហែលទឹក ចម្ងាយ១០០ម៉ែត្រ នៃព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ។ លទ្ធផលនេះ បានធ្វើឱ្យមានមតិអវិជ្ជមាន និងផ្ដល់ការឈឺចាប់ចំពោះរូបគាត់។ ប៉ុន្តែយើងភ្លេចហើយថា គាត់បានជួយពួកយើងឱ្យឈ្នះមេដាយមាស និងនាំយកភាពល្បីល្បាញជាប្រវត្តិសាស្ត្រ នៃកីឡាជាតិយើង»។
 
លោកស្រី Halimah Yacob ក៏បានពន្យល់ប្រជាជនខ្លួនថា ការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍អូឡាំពិក មិនមែនជារឿងងាយស្រួលឡើយ ដូច្នេះអត្តពលិកទាំងអស់ គួរតែត្រូវបានលើកទឹកចិត្ត។ «ពួកយើងត្រូវអបអរសាទរ និងលើកទឹកចិត្ត ចំពោះការលះបង់ដ៏អស្ចារ្យរបស់អត្តលិកយើង ដែលវាបញ្ជាក់ថា ពួកគេបានឆ្លងកាត់ការប្រកួតដល់លំបាក។ ហើយព្រឹត្តិការណ៍អូឡាំពិកនេះ មិនមែនជាការដើរលេងកម្សាន្តតាមសួននោះទេ»។ នេះបើតាមប្រធានាធិបតីសិង្ហបុរី។
 
កំណត់ត្រាថេរវេលាជាង៥៣វិនាទី នៃការប្រកួតវិញ្ញាសាហែលទឹកក្បាច់មេអំបៅនេះ គឺលើសពីកំណត់ត្រាចាស់របស់ Schooling កាលពី៤ឆ្នាំមុន។ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទី​ក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦នោះ កីឡាករសិង្ហបុរីរូបនេះ បានប្រើពេលវេលាត្រឹមតែ៥០.៣៩វិនាទីប៉ុណ្ណោះ លើប្រភេទវិញ្ញាសាដូចគ្នានេះ។ ដោយសារប្រើថេរវេលាល្អនេះហើយ ទើប Schooling ក្លាយជាម្ចាស់មេដាយមាស លើវិញ្ញាសាហែលទឹក ក្បាច់មេអំបៅ ផ្នែកបុរសចម្ងាយ១០០ម៉ែត្រ។
 
ចំពោះកំណត់ត្រាមិនល្អនៅឆ្នាំនេះ ក៏ធ្វើឱ្យ Schooling មិនសប្បាយចិត្តឡើយ។ Chanel News Asia បានស្រង់សម្តីកីឡាករវ័យ២៦ឆ្នាំរូបនេះ ដូច្នេះថា៖«ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ចំពោះការប្រកួតនេះ ប៉ុន្តែនៅមានការប្រកួតលើកក្រោយទៀត ដែលខ្ញុំត្រូវធ្វើឱ្យបានល្អជាងនេះ ដោយមិនបញ្ចប់ត្រឹមលទ្ធផលបែបនេះឡើយ»។
 
ក្រៅពី Schooling ក៏មានមិត្តរួមជាតិសិង្ហបុរីគេម្នាក់ទៀត គឺកីឡាករ Quah Zheng Wen ធ្លាក់ចេញពីការប្រកួតនៅត្រឹមវគ្គជម្រុះនេះដូចគ្នា។ សម្រាប់ការប្រកួតនេះ Quah Zheng Wen ប្រើពេលវេលា ៥២.៣៩វិនាទី៕
 

Tag:
 Olympics Tokyo
  Joseph Schooling
© រក្សាសិទ្ធិដោយ thmeythmey.com