អន្តរជាតិ
អ៊ីស្រាអែល នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដល់ក្រុមមនុស្សអាយុ៦០ឆ្នាំឡើង
30, Jul 2021 , 8:29 pm        
រូបភាព
ដោយ៖ ឈួ ស៊ាវយីងជាវ

អ៊ីស្រាអែល នឹងចាក់វ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer-BioNTech ឱ្យប្រជាជនដែលមានវ័យចាប់ពី៦០ឆ្នាំឡើង ដើម្បីបង្កើនប្រព័ន្ធការពារទល់នឹងវីរុសបង្កជំងឺកូវីដ-១៩ ទម្រង់ដែលតា។ ការសិក្សាកន្លងមកបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងធ្លាក់ចុះទល់នឹងវីរុសបំប្លែងខ្លួនប្រភេទនេះ។

អ៊ីស្រាអែល ជាប្រទេសចាក់វ៉ាក់សាំងដល់ប្រជាជនបានច្រើនជាងមួយលើពិភពលោក ប៉ុន្តែកំពុងប្រឈមនឹងការធ្លាក់ចុះប្រសិទ្ធភាពវ៉ាក់សាំងដោយសារវត្តមានវីរុសបំប្លែងខ្លួនដែលតា។ ដើម្បីពង្រឹងកងការពារ ប្រទេសនេះ ចាប់ផ្ដើមយុទ្ធនាការចាក់ដូសទី៣ ដល់ប្រជាជនវ័យចំណាស់របស់ខ្លួន ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសបំប្លែងខ្លួនថ្មីដែលកំពុងវាយលុកប្រទេស និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងឆាប់រហ័ស។
 
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Naftali Bennett ដែលដឹកនាំយុទ្ធនាការនេះ និយាយនៅថ្ងៃទី៣០ ខែកក្កដា ថា ប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog នឹងក្លាយជាអ្នកដំបូងគេដែលទទួលការចាក់វ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer-BioNTech ។ នៅអ៊ីស្រាអែល ក្រុមមនុស្សវ័យ៦០ឆ្នាំឡើង ទទួលការចាក់វ៉ាក់សាំងនៅចន្លោះខែធ្នូ ដល់ខែកុម្ភៈដោយសារត្រូវចាត់ទុកជាក្រុមមនុស្សងាយរងគ្រោះបំផុត។ 
 
«ការរកឃើញបង្ហាញថា មានការធ្លាក់ចុះនៃប្រព័ន្ធសុំា។ ដូច្នេះគោលបំណងនៃការចាក់ដូសបន្ថែមនឹងជួយកាត់បន្ថយឱកាសការឆ្លង និងឈឺធ្ងន់ធ្ងរ »។ លោក Bennett បញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មានមួយ។
 
ក្រុមមនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ និងបានទទួលដូសទី២បានយ៉ាងហោច៥ខែ មានសិទ្ធិទទួលការចាក់វ៉ាក់សាំងដូសទី៣។
 
កាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលអ៊ីស្រាអែលប៉ាន់ស្មានថា ប្រសិទ្ធភាពវ៉ាក់សាំងមានត្រឹម៤១ភាគរយប៉ុណ្ណោះលើការកាត់បន្ថយការឆ្លងវីរុសដែលតា។ ចំណែកការការពារមិនឱ្យមានជំងឺធ្ងន់ធ្ងរនៅតែមានប្រសិទ្ធភាពខ្លាំងរហូតដល់៩១ភាគរយ។
 
យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា អ្នកជំនាញមួយចំនួនបានរិះគន់លើទិន្នន័យវិភាគរបស់ក្រសួង ឯខ្លះទៀតលើកឡើងថា អ៊ីស្រាអែលគួរតែរង់ចាំពេលបន្តិចទៀតដើម្បីទទួលព័ត៌មានបន្ថែមអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃដូសទី៣។
 
គួរបញ្ជាក់ថា ប្រមាណ៥៧ភាគរយនៃប្រជាជនសរុប៩,៣លាននាក់នៅអ៊ីស្រាអែលបានទទួលការចាក់វ៉ាក់សាំងរួចហើយ។ គិតត្រឹមថ្ងៃទី៣០ខែកក្កដា អ៊ីស្រាអែលមានករណីឆ្លងសរុប ៨៦៩,០៦៣នាក់ និងស្លាប់៦៤៦៦នាក់៕
 
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com