អន្តរជាតិ
នាយករដ្ឋមន្រ្តីថ្មីសាម័រ ប្រកាសលុបចោលគម្រោងកំពង់ផែអភិវឌ្ឍដោយចិន
30, Jul 2021 , 10:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថ្មីសាម័រ លោកស្រី Fiame Naomi Mataafa។ រូបភាព៖ AP
នាយករដ្ឋមន្រ្តីថ្មីសាម័រ លោកស្រី Fiame Naomi Mataafa។ រូបភាព៖ AP
នាយករដ្ឋមន្រ្តីថ្មីសាម័រ លោកស្រី Fiame Naomi Mataafa បានប្រកាសលុបចោលគម្រោងកំពង់ផែទំហំ១០០លានដុល្លារដែលអភិវឌ្ឍដោយចិន។ ការប្រកាសរបស់លោកស្រី Mataafa បែបនេះ មានគោលដៅបន្ថយបំណុលចិន និងលុបចោលគម្រោងណាដែលមិនចាំបាច់។

នៅក្នុងកិច្ចសម្ភាសមួយតាមប្រព័ន្ធវីដេអូ Zoom ក្នុងថ្ងៃទី២៨ ខែកក្កដា លោកស្រី Fiame Naomi Mataafa នាយករដ្ឋមន្រ្តីថ្មីសាម័រ អះអាងថា លោកស្រី នឹងអនុម័តលើគម្រោងណា ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសប៉ុណ្ណោះ។ 
 
លោកស្រី Mataafa ដែលទើបឡើងកាន់តំណែងនៅថ្ងៃទី២៣ ខែកក្កដា បានប្រកាសលុបចោលគម្រោងសាងសង់កំពង់ផែដែលគាំទ្រដោយចិនទំហំ ១០០លានដុល្លារ ដើម្បីបន្ធូរបំណុលដែលសាម័របានជំពាក់ចិន ហើយម្យ៉ាងគម្រោងនេះមិនទាន់ចាំបាច់ផង។ តាមពិត លោកស្រី Mataafa ចង់លុបចោលគម្រោងធំៗដែលគាំទ្រដោយចិន តាំងពីនៅក្នុងខែឧសភាមកម្ល៉េះ។ 
 
បើទោះប្រកាសលុបចោលគម្រោងនេះមែន នាយករដ្ឋមន្រ្តីសាម័រ នៅតែបន្តបើកទ្វារចាំទទួលការអភិវឌ្ឍចិនលើវិស័យផ្សេងទៀត។ «យើងបានឃើញថា វាមិនចាំបាច់សម្រាប់យើងក្នុងពេលនេះ ហើយវាគួរតែមានវិស័យផ្សេងទៀត ដែលយើងអាចផ្តោតលើបាន»។ លោកស្រី Mataafa បានសង្កត់ធ្ងន់បែបនេះ។ 
 
គម្រោងកំពង់ផែខាងលើ ត្រូវបានគាំទ្រដោយអតីតមេដឹកនាំសាម័រ លោក Tuilaepa Sailele Malielegaoi។ កន្លងមក ធនាគាអភិវឌ្ឍអាស៊ី (ADB) បានអះអាងថា វាមិនអាចជួយអភិវឌ្ឍប្រទេសបានច្រើនឡើយ។ 
 
ចិន បានស្នើអភិវឌ្ឍកំពង់ផែនៅឆ្នេរ Vaiusu Bay ស្របពេលគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ជារឿងដ៏សំខាន់នៅក្នុងប្រទេសសាម័រ។ ចិន ក៏ជាម្ចាស់បំណុលដ៏ធំមួយរបស់សាម័រដែលមានទំហំ១៦០លានដុល្លារ ឬស្មើនឹង ៤០ភាគរយនៃបំណុលបរទេស។ 
 
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៣០ ខែកក្កដា ក្រសួងការបរទេសចិន បានអះអាងថា ចិននឹងមានការពិភាក្សាបឋមមួយជាមួយសាម័រលើការសាងសង់កំពង់ផែនេះ។ ក្នុងន័យនេះ ចិន នៅតែបន្តអនុវត្តគោលការណ៍គោរពគ្នាទៅវិញទៅមក និងរឹតចំណងជាមួយរដ្ឋាភិបាលសាម័រ ដើម្បីផលប្រយោជន៍រួម។  
 
ក្នុងកិច្ចសម្ភាសដដែល នាយករដ្ឋមន្រ្តីសាម័រ ក៏បានលើកឡើងពីការប្រជែងឥទ្ធិពលរបស់ចិន ក្នុងតំបន់សមុទ្របាស៊ីហ្វិកផងដែរ។ បើតាមលោកស្រី Mataafa ផលប្រយោជន៍ចិន ក្នុងតំបន់សមុទ្របាស៊ីហ្វិកបានកើនឡើងយ៉ាងខ្លាំង ស្របពេលអាមេរិក បានដើរចេញពីតំបន់សមុទ្រមួយនេះ៕
 
សូមបញ្ជាក់ថា សាម័រ គឺជាប្រទេសមួយមានប្រជាជនប្រមាណ ២០ម៉ឺននាក់ប៉ុណ្ណោះ។ ប្រជាជនភាគច្រើន ពឹងផ្អែកលើកសិកម្ម, នាំចេញផលិតផលដូង និងការផ្ទេរប្រាក់ទៅបរទេស៕
 

Tag:
 សាម័រ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com