COVID-19
ជាតិ
កូវីដ-១៩៖ បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងសៀមរាប សរុបជិត៦០០ករណី
30, Jul 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៧៦នាក់ ខណៈឧត្តរមានជ័យ មាន១២៥ករណី។ ខេត្តបាត់ដំបង និងសៀមរាប មានជិត១០០ករណីរៀងខ្លួន សរុបចំនួន៤ខេត្តនេះ មានជិត៦០០ករណី។ ក្រៅពីខេត្ត៤ខាងលើនេះ ព្រៃវែង ក៏មានអ្នកឆ្លងថ្មី ៩៣នាក់ទៀតដែរ នៅថ្ងៃទី២៩ ខែកក្កដា ខណៈខេត្តកំពង់ចាម និងត្បូងឃ្មុំសរុបជិត១០០នាក់។ ខេត្តកោះកុងមាន អ្នកវិជ្ជមាន២៣នាក់បន្ថែមដែរ។ 
 
បន្ទាយមានជ័យ៖ មាន២៧៦នាក់ ភាគច្រើនចូលពីថៃ
 
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៧៦នាក់នៅថ្ងៃទី២៩ ខែកក្កដា ដោយភាគច្រើននាំចូលពីប្រទេសថៃ ខណៈអ្នកសះស្បើយមានចំនួន ១៤៤នាក់ជាសះស្បើយ។ ដោយឡែកនៅថ្ងៃទី៣០ ខែកក្កដានេះ ក៏មានអ្នកជំងឺចំនួន ២០៨នាក់បន្ថែមទៀតបានជាសះស្បើយដែរ។ អ្នកវិជ្ជមានថ្មីទាំងនោះ មានពលរដ្ឋនៅខេត្តបន្ទាយមានជ័យ, បាត់ដំបង ,កំពង់ធំ, សៀមរាប, កំពង់ស្ពឺ, តាកែវ, កណ្តាល, ឧត្តរមានជ័យ,ស្វាយរៀង, ត្បូងឃ្មុំ, កំពង់ចាម, ព្រៃវែង និងខេត្តពោធិ៍សាត់។  

ឧត្តរមានជ័យ៖ ឆ្លងថ្មី ១២៥នាក់ភាគច្រើននាំចូលពីថៃ និងជាសះស្បើយ៤៩នាក់
 
ករណីឆ្លងថ្មីមាន ១២៥នាក់ទៀត ក្នុងនោះ ១១៣នាក់ជាករណីនាំចូល។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន ៤៩នាក់បន្ថែមបានជាសះស្បើយ។ ខេត្តឧត្តរមានជ័យរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៤.៦៩០នាក់ ក្នុងនោះ៧៧៣នាក់បានជាសះស្បើយ ស្លាប់៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៣.៩០៩នាក់។ 
 
បាត់ដំបង៖មាន៩៩នាក់ ជាសះស្បើយ៦២នាក់ និងស្លាប់៤នាក់
 
មនុស្សចំនួន៩៩នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះ៨នាក់នាំចូលពីប្រទេសថៃ។ ទន្ទឹមនឹងនេះ អ្នកជាសះស្បើយមានចំនួន៦២នាក់បន្ថែម ខណៈអ្នកស្លាប់មាន៤នាក់។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មានអ្នករស់នៅក្រុងបាត់ដំបង, ស្រុកបាណន់, បវេល, រតនមណ្ឌល, ថ្មគោល, សង្កែ, កំរៀង, មោងឫស្សី និងស្រុកឯកភ្នំ។ 
 
ចំពោះករណីស្លាប់គឺមានបុរសវ័យ៦៥ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ បុរសវ័យ៦១ឆ្នាំ រស់នៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់។ ស្ត្រីវ័យ ៦៤ឆ្នាំ រស់នៅភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល និងម្នាក់ទៀតជាបុរសវ័យ៧៨ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៣.០៤១នាក់ ក្នុងនោះ១.៨១៩នាក់ បានជាសះស្បើយ, ៣៧នាក់ស្លាប់ និង១.១៨៥នាក់ កំពុងសម្រាកព្យាបាល។ 
 
សៀមរាប៖ ករណីថ្មី៩៨នាក់ សះស្បើយ២៣នាក់ និងស្លាប់១នាក់
 
ពលរដ្ឋ ៩៨នាក់ទៀត ឆ្លងកូវីដ-១៩ ក្នុងនោះ ៦៣នាក់នាំចូលពីថៃ។ ជាមួយគ្នានេះ ក៏មានអ្នកជាសះស្បើយចំនួន ២៣នាក់ដែរ និងករណីស្លាប់ថ្មីម្នាក់។ ចំពោះអ្នកវិជ្ជមានដែលរកឃើញក្នុងសហគមន៍គឺជាពលរដ្ឋដែលរស់នៅក្រុងសៀមរាប និងស្រុកសូទ្រនិគម។ ចំណែកករណីនាំចូលពីថៃ គឺមានពលរដ្ឋនៅស្រុកស្រីស្នំ ជីក្រែង ពួក ក្រឡាញ់ ប្រាសាទបាគង អង្គរជុំ និងស្រុកសូទ្រនិគម។ ក្រៅពីនេះ ជាអ្នកខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ 
ចំណែកករណីស្លាប់ជាស្ត្រីវ័យ៥៣ រស់នៅភូមិគោកថ្មី ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤.២១៩នាក់ ក្នុងនោះ២.១៥៨ បានជាសះស្បើយ, ៤៦នាក់ស្លាប់ និង២.០១៥នាក់ កំពុងសម្រាកព្យាបាល។
 
ព្រៃវែង៖ មាន៩៣នាក់ ជា១២០នាក់ និងស្លាប់១នាក់
 
អ្នកជំងឺចំនួន ១២០នាក់បន្ថែមទៀតបានជាសះស្បើយ ហើយករណីឆ្លងថ្មីមានចំនួន ៩៣នាក់ និងស្លាប់ម្នាក់បន្ថែម។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មានអ្នករស់នៅក្រុងព្រៃវែង , ស្រុកកំពង់ត្របែក, ស្រុកពាមជរ, ស្រុកពាមរក៍, ស្រុកព្រះសេ្ដច, ស្រុកកំចាយមារ, ស្រុកស្វាយអន្ទរ, ស្រុកមេសាង, ស្រុកពារាំង, ស្រុកពោធិ៍រៀង និងអ្នកស្រុកកញ្ជ្រៀច។ ចំណែកករណីស្លាប់គឺជាស្ត្រីវ័យ ៦៦ឆ្នាំ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។  បច្ចុប្បន្ន ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដ-១៩ ចំនួន៤.០៤០នាក់ ក្នុងនោះ៣.០២៧នាក់ជាសះស្បើយ, ៦៨នាក់ស្លាប់ និង៩៤៥នាក់ទៀតកំពុងសម្រាកព្យាបាល។
 
កំពង់ចាម៖ មាន៥៥នាក់ ជា៧១នាក់ និង៣នាក់ស្លាប់
 
អ្នកជំងឺចំនួន ៧១នាក់បន្ថែមបានជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួន ៥៥នាក់។ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានច៣នាក់បន្ថែមទៀតដែរ។ ក្នុងចំណោមអ្នកដែលទើបរកឃើញ មានអ្នករស់នៅក្រុងកំពង់ចាម, ស្រុកកំពង់សៀម, កងមាស, ចំការលើ, ជើងព្រៃ, បាធាយ, ព្រៃឈរ, ស្ទឹងត្រង់ និងស្រុកស្រីសន្ធរ។ អ្នកវិជ្ជមាន២នាក់ជាអ្នកភ្នំពេញ និង ១នាក់ជាអ្នកខេត្តក្រចេះ។
 
ត្បូងឃ្មុំ៖ ឆ្លងថ្មី ៤១នាក់ ជា៤០នាក់ ស្លាប់១នាក់
 
ខេត្តត្បូងឃ្មុំ បន្តរកឃើញមនុស្សចំនួន ៤១នាក់ទៀត ឆ្លងកូវីដ-១៩ ក្នុងនោះ៩នាក់ជាកុមារ។ នៅថ្ងៃទី២៩ ខែកក្កដាដដែល ក៏មានអ្នកជំងឺ៤០នាក់បានជាសះស្បើយ និង១នាក់ទៀតស្លាប់ផងដែរ។ ក្នុងចំណោមអ្នកដែលវិជ្ជមានថ្មីនោះ មានអ្នករស់នៅក្រុងសួង, ស្រុកមេមត់, ពញាក្រែក, អូររាំងឪ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកអ្នកវិជ្ជមាន៥នាក់រស់នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ 
 
កោះកុង៖ ឆ្លងថ្មី២៣នាក់ និងជាសះស្បើយ៨១នាក់
 
អ្នកជំងឺចំនួន ៨១នាក់ បានជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួន ២៣នាក់។ ក្នុងចំណោមអ្នកដែលទើបវិជ្ជមាននោះ មានពលរដ្ឋដែលរស់នៅក្រុងខេមរភូមិន្ទ, ស្រុកមណ្ឌលសីមា,ស្រុកកោះកុង និងស្រុកគិរីសាគរ។ 
 
សរុបទូទាំងប្រទេស៖ ករណីថ្មី ៦៦៨នាក់ សះស្បើយ៨១២នាក់ និងស្លាប់២៥នាក់
 
ក្រសួងសុខាភិបាលបានប្រកាសថា អ្នកមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៩ ខែកក្កដា មានចំនួន៦៦៨នាក់ ក្នុងនោះ២៤០នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយសរុប មាន៨១២នាក់បន្ថែម និងអ្នកស្លាប់មាន២៥នាក់ទៀត។  មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៧៦.៥៨៥នាក់ ក្នុងនោះ ១០.២៨៩នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៦៩.១៩៨នាក់ និងស្លាប់សរុប ១.៣៧៥នាក់៕
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com