អន្តរជាតិ
អាមេរិក​បារម្ភ​អំពី​កំណើន​នុយក្លេអ៊ែរ​បន្ទាប់​ពី​មាន​របាយការណ៍​ថ្មី​អំពី​ធុង ​Silos​
30, Jul 2021 , 11:59 pm        
រូបភាព
រូប​ឯកសារ៖ ទាហាន​កងទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA)​ ឈរ​នៅ​ពី​មុខ​​គ្រាប់​​ម៊ីស៊ីល​​ដែល​អាច​​​ដឹក​ក្បាល​នុយក្លេអ៊ែរ​​បាន​ក្នុង​អំឡុង​ព្យុហយាត្រា​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​។
រូប​ឯកសារ៖ ទាហាន​កងទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA)​ ឈរ​នៅ​ពី​មុខ​​គ្រាប់​​ម៊ីស៊ីល​​ដែល​អាច​​​ដឹក​ក្បាល​នុយក្លេអ៊ែរ​​បាន​ក្នុង​អំឡុង​ព្យុហយាត្រា​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​។
ដោយ: VOA
មន្ទីរ​បញ្ចកោណ​អាមេរិក​និង​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃ​អង្គារ​បាន​សម្តែង​ក្តី​បារម្ភ​ថ្មី​មួយ​អំពី​ប្រទេស​ចិន​ពង្រីក​កម្លាំង​នុយក្លេអ៊ែរក្រោយ​ពី​មាន​របាយ​ការណ៍​ថ្មី​មួយ​ដែល​ថារដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ស្ថាបនា​ធុង​នុយក្លេអ៊ែរ​សម្រាប់​មីស៊ីល​ជាង​១១០​កន្លែង។​ របាយ​ការណ៍​របស់​សហព័ន្ធ​វិទ្យាសាស្ត្រ​អាមេរិក ​(AFS) បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ថារូបភាព​ពី​ផ្កាយ​វិទ្យាសាស្ត្របង្ហាញ​ថា​ប្រទេស​ចិន​កំពុង​ស្ថាបនា​ធុង​នុយក្លេអ៊ែរនៅ​ជិត​ទី​ក្រុង​ Hami​ ភាគ​ខាង​កើត​តំបន់​ស៊ីនជាំង។​នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​
 
របាយការណ៍​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​របាយ​កាណ៍​មួយ​ទៀត​និយាយ​អំពី​ការ​សាង​សង់​ធុង​នុយក្លេអ៊ែរ​សម្រាប់មីស៊ីល​ប្រមាណ​១២០​ក្នុង​ទីក្រុង​ Yumen​ ដែល​ជា​តំបន់​ដាច់​ស្រយាល​ចម្ងាយ​ប្រមាណ​៣៨០​គីឡូម៉ែត្រ​ផ្នែក​អាគ្នេយ៍​ប្រទេស​ចិន។​
 
បញ្ជាការ​យុទ្ធសាស្ត្រ​ស.រ.អា.​បាន​បង្ហោះ​សារ​តាម​ធ្វីតធឺ ​(Twitter) ដោយ​ភ្ជាប់​នឹង​អត្ថបទ​របស់​កាសែត​ New York Times​ ស្តី​ពី​របាយ​ការណ៍​នោះថា៖​ «នេះ​ជាលើក​ទី​២​ក្នុង​រយៈ​ពេល​២​ខែ​ដែល​សាធារណជន​បាន​ដឹង​ពី​អ្វី​ដែល​យើង​បាន​និយាយ​ជា​យូរ​មក​ហើយ​នូវ​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើងៗ​ចំពោះ​ពិភពលោក​និង​រឿង​សម្ងាត់​របស់​វា»។
 
ក្រសួង​ការ​បរទេស​អាមេរិក​កាល​ពី​ដើម​ខែ​កក្កដា​បាន​ហៅ​ការ​ស្ថាបនា​នុយក្លេអ៊ែរ​របស់​ចិន​ថា​ជា​ក្តី​បារម្ភ​មួយនិង​ថា​ រដ្ឋាភិបាល​ប៉េកាំង​ទំនង​ជា​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​ច្រើន​ទសវត្សរ៍​ដែល​កំហិត​ការ​កម្លា​អប្បបរមា។​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​ចូល​រួម​ជាមួយ​ខ្លួន​ចាត់​វិធានការ​ជាក់​ស្តែង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ប្រណាំង​ប្រជែង​សព្វាវុធ។​
 
របាយការណ៍​របស់​មន្ទីរ​បញ្ចកោណ​កាល​ពី​ឆ្នាំ​២០២០​ប៉ាន់​ប្រមាណ​ថា​ប្រទេស​ចិន​មាន​ស្តុក​ក្បាល​នុយក្លេអ៊ែរ​ប្រមាណ​២០០​ហើយ​ថា​ចំនួន​នេះ​បាន​កើន​ឡើង​យ៉ាង​ហោច​២​ដង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ពង្រីក​និង​ធ្វើ​ទំនើបកម្ម​កម្លាំង​របស់​ខ្លួន​នោះ។អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​សហរដ្ឋ​អាមេរិក​មាន​ក្បាល​អាវុធ​នុយក្លេអ៊ែរ​ប្រមាណ​៣.៨០០​គ្រាប់ដោយ​ក្នុង​ចំនួន​នោះ​ក្បាល​១.៣៥៧​គ្រាប់​កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ​រហូត​មក​ដល់​ថ្ងៃ​ទី​១​ខែ​មីនា​កន្លង​ទៅ​នេះ។​
 
រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​ប្រទេស​ចិន​ចូល​រួម​ជាមួយ​ខ្លួន​និង​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​សន្ធិសញ្ញា​គ្រប់គ្រង​សព្វាអាវុធ​ថ្មី​មួយ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com