COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
​បេក្ខបណ្ឌិតគណិតវិទ្យា តោ គឹមស៊ី លើកទឹកចិត្ត​ស្ត្រីរៀនឲ្យ​បានខ្ពស់ ដើម្បីដើរតាមក្តីស្រ​​មៃ​​​ខ្លួន​
31, Jul 2021 , 1:59 pm        
រូបភាព
កញ្ញា តោ គឹមស៊ី ជាយុវតីខ្មែរដ៏ល្បីល្បាញមួយរូបកាលពីអំឡុងឆ្នាំ២០១០ ក្នុងនាមជាសិស្សនិទ្ទេស​ A តែម្នាក់គត់ ពី​ការ​ប្រឡងសញ្ញា​បត្រមធ្យមសិក្សាទុតិយ​ភូមិ។ ត្រឹមវ័យ២៩ឆ្នាំ​ កញ្ញា គឹមស៊ី គឺជាបេក្ខបណ្ឌិតផ្នែកស្ថិតិគណនា ពីTelecom Paris ដែលជាសាលាលំដាប់កំពូលមួយនៅ​ប្រទេសបារាំង ហើយ​ក៏​ជាសាស្រ្តាចារ្យគណិតវិទ្យា​​នៅសកលវិទ្យាមួយនៅភ្នំពេញផងដែរ។ បេក្ខបណ្ឌិតវ័យក្មេងរូបនេះ មានមហិច្ឆតាចង់ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំស្ត្រីដំបូងគេនៅកម្ពុជា រួមទាំង​លើកទឹកចិត្តឱ្យស្រ្តីដទៃទៀតពង្រីកចំណេះដឹង ហ៊ានជ្រើសរើសជំនាញដែលពួកគេស្រលាញ់ និងដើរតាមក្ដីស្រមៃរបស់ខ្លួន។
 
កញ្ញា គឹមស៊ី ស្ថិតក្នុងចំណោមស្រ្តីតិចតួចបំផុត ដែលបានសិក្សារហូតដល់ថ្នាក់បណ្ឌិត។ ជាកូនទី៤ ក្នុងចំណោមបងប្អូន៦នាក់ ដែលមានឪពុកម្ដាយជាអ្នកលក់ដូរនៅខេត្តសៀមរាប កញ្ញា គឹមស៊ី មានចំណង់ចំណូលចិត្តលើការសិក្សាពិសេសផ្នែកគណិតវិទ្យា និងជាសិស្សពូកែតាំងពីក្មេងមកម្ល៉េះ។
 
កាលពីឆ្នាំ២០១០ អ្នកសៀមរាបរូបនេះ ជាបេក្ខជនម្នាក់គត់ ដែលជាប់និទ្ទេសA ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ក្រោយបញ្ចប់វិទ្យាល័យ កញ្ញាគឹមស៊ី បានសិក្សាផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្តកំព្យូទ័រ នៅសាកលវិទ្យាល័យ Manhattan ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយកាលណោះនាងនៅតែរក្សាកំណត់ត្រាជា​សិស្សពូកែរបស់ខ្លួន ដោយទទួលបានចំណាត់ថ្នាក់កំពូលប្រចាំសាលា នៅពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ នាពិធីប្រគល់សញ្ញាបត្រឆ្នាំ២០១៥ គឹមស៊ី ត្រូវបាន​ជ្រើស​រើសឲ្យជាតំណាង​និស្សិត​ដើម្បីថ្លែងសុន្ទរកថា ថែមទៀត​ផង។


 
ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ គឹមស៊ី នៅតែ​បន្ត​ការសិក្សាជាបន្តបន្ទាប់ទៀតនៅប្រទេសបារាំងដោយនាងបានបញ្ចប់​ថ្នាក់អនុបណ្ឌិតជំនាញ​ស្ថិតិ ពីសាកលវិទ្យាល័យ Sorbonne University ​​និង​​​ជាបេក្ខបណ្ឌិតផ្នែកស្ថិតិគណនាពីTelecom Paris ដែលជាសាលាលំដាប់កំពូលមួយនៅបារាំ​ង​​​​។ កញ្ញា គឹមស៊ី បានការពារនិក្ខេបបទរបស់ខ្លួនរួចហើយនាចុងឆ្នាំ២០២០ នៅឡើយតែការកែសម្រួល និងបោះពុម្ព​​ប៉ុណ្ណោះ។  
 
 
មិនមែនជារឿងចៃដន្យឡើយ ដែលយុវតីរូបនេះ តែងតែជោគជ័យលើការសិក្សាជាបន្តបន្ទាប់នោះ ហើយជោគជ័យដែលនាងទទួលបាននេះ គឺបានមកពីការខំប្រឹងព្យាយាម និងឆន្ទៈតស៊ូ។ កញ្ញា គឹមស៊ី បានរៀបរាប់ដូច្នេះ៖ «ខ្ញុំខិតខំប្រឹងប្រែង បើគេដើរយើងរត់។ នៅពេលឃើញគេរៀនពួកែ ហើយចង់ពូកែដូចគេ អត់មានការបាក់ទឹកចិត្តទេ វាកាន់តែជំរុញទឹកចិត្តឱ្យយើងរៀនកាន់តែខ្លាំងឡើង ទោះបីមិនមែនជាភាសាកំណើតយើងក្ដី។ យើងប្រឹងប្រែងរកវិធីយ៉ាងណាឱ្យរៀនពូកែដូចគេដែរ»។​
 
កញ្ញា គឹមស៊ី៖ ខ្ញុំប្រឹងប្រែង ដើម្បីជាគំរូភាពដល់ស្រ្តីដទៃ
 
កញ្ញា គឹមស៊ី បានស្ពាយការប្រឹងប្រែងដ៏ខ្លាំងក្លា ដើម្បីជម្នះឧបសគ្គស្រវាយកការអប់រំខ្ពង់ខ្ពស់ នៅបរទេស​រយៈពេលជាង១០ឆ្នាំមកនេះ។ ការសិក្សាដល់ថ្នាក់បណ្ឌិត គឺជាបំណងប្រាថ្នារបស់នាង តាំងពីមុនឈានជើងទៅសិក្សានៅបរទេស។ ស្រ្តីវ័យ២៩ឆ្នាំរូបនេះ បានឱ្យដឹងថា កត្តាដែលនាំឱ្យនាងសិក្សាដល់ថ្នាក់បណ្ឌិត ដោយសារការមើលឃើញស្រ្តីដែលរៀនបានខ្ពស់នៅកម្ពុជាមានកម្រិត ជាពិសេសនាងចង់ធ្វើជាគំរូភាពដល់ស្រ្តី និងយុវជនជំនាន់ក្រោយផងដែរ។ ជាមនុស្សដែលចូលចិត្តការសិក្សា និងមានក្ដីស្រមៃច្បាស់លាស់ គឹមស៊ី ជឿជាក់ថា ស្រ្តីក៏មានសមត្ថភាព អាចធ្វើគ្រប់យ៉ាងបានដូចបុរសដែរ ទាំងការសិក្សា និងការងារ សំខាន់គឺស្ថិតនៅលើឆន្ទៈ និងការព្យាយាម។  «កត្តាដែលមិនសូវមានមនុស្សស្រីរៀន ទើបជំរុញឱ្យខ្ញុំរៀនផ្នែកហ្នឹង។ សិស្សស្រី សិស្សប្រុសមានសមត្ថភាពស្នើគ្នា ហើយរៀនពូកែដូចគ្នាទៀត។ ខ្ញុំតាំងចិត្តថា យើងជាអ្នកបង្ហាញគេវិញ»។ នេះជាការអះអាងរបស់កញ្ញា គឹមស៊ី។ 


 
រយៈពេលជាច្រើនឆ្នាំ រស់នៅឆ្ងាយពីមាតុភូមិ​ និងផ្លាស់ពីប្រទេសមួយទៅប្រទេសមួយ គឹមស៊ី បានឆ្លងកាត់បទពិសោធន៍ជីវិតជាច្រើន មានទាំងការលំបាក និងជោគជ័យ។ ដ្បិតជោគជ័យពីមួយកម្រិតទៅមួយកម្រិត បេក្ខបណ្ឌិតផ្នែកគណិតវិទ្យារូបនេះ មិនមានមោទកភាពលើចំណេះវិជ្ជាខ្លួនពេកឡើយ ដោយនាងយល់ថា​ ការអភិវឌ្ឍន៍ចំណេះគឺគ្មានទីបញ្ចប់ទេ ទោះរៀនដល់កម្រិតណាក៏ដោយ។  កញ្ញា គឹមស៊ី បញ្ជាក់ដូច្នេះ៖«អត់អាចថាខ្លួនចេះ អាងខ្លួនរៀនដល់បណ្ឌិតធ្វើខ្លួន អ៊ីចេះ អ៊ីចុះ គឺអត់ល្អទេ។ ចំពោះខ្ញុំគឺមានភាពឱនលំទោនខ្លាំង ហើយគិតថាខ្លួនឯងមានការខ្វះចន្លោះច្រើន គឺត្រូវបណ្ដុះបណ្ដាលខ្លួនឯងតទៅមុខទៀត ដើម្បីឱ្យមានអនាគតល្អ»។
បញ្ហាកូវីដ-១៩ គឹមស៊ី បានត្រឡប់មកកម្ពុជាវិញ ។ ក្រៅពីកំពុងស្រាវជ្រាវនិក្ខេបបទសម្រាប់បញ្ចប់ការសិក្សា  គឹមស៊ី ក៏ជាសាស្រ្តាចារ្យគណិតវិទ្យាមួយរូប នៅសកលវិទ្យាល័យ AUPP ផងដែរ​។ បើតាមស្រ្តីរូបនេះ លើសពីការផ្ទេរចំណេះដឹងក្នុងអាជីពជាគ្រូបង្រៀន នាងក៏បានចែករំលែកបទពិសោធន៍នៃការសិក្សា និងជីវិត ជាពិសេសការសិក្សានៅបរទេសរបស់ខ្លួន ដើម្បីជាឧទាហរណ៍មួយ ជួយជំរុញឱ្យយុវជនជំនាន់ក្រោយ ពិសេសស្រ្តី ខំប្រឹង​ជម្នះ​ឧបសគ្គ​នៅក្នុង​ជីវិត​ ដើម្បី​ឈោង​ចាប់​ក្តី​ស្រមៃ​របស់ខ្លួន ឬ​ខំ​ប្រឹងរៀន​ឲ្យ​កាន់តែខ្ពង់ខ្ពស់​។ 
 

 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញា គឹមស៊ី បានឱ្យដឹងថា សកម្មភាពជំរុញការអប់រំនៅកម្ពុជា នាងមិនឈប់ត្រឹមនេះឡើយ គឺនាងចង់ក្លាយជាចំណែកធំជាងនេះ ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ។ ទៅថ្ងៃខាងមុខ កញ្ញា​ គឹមស៊ី ចង់ក្លាយជារដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីជាគំរូភាពដល់ស្រ្តី និងអភិវឌ្ឍន៍វិស័យអប់រំឱ្យកាន់តែរីកចម្រើន។
 
ទោះក្ដីសុបិនហាក់នៅឆ្ងាយ តែគឹមស៊ី កំពុងដើរឆ្ពោះទៅរកទិសដៅខ្លួន និងកំពុងដុសខាត់សមត្ថភាពតាមរយៈការសិក្សា និងការងារ។ «ការអប់រំជាចំណង់ចំណូលចិត្តខ្លាំងរបស់ខ្ញុំ។ខ្ញុំគិតថាប្រទេសនីមួយៗ  ដើម្បីមានការអភិវឌ្ឍន៍ ត្រូវមានវិស័យអបរំសំខាន់ណាស់ ហើយខ្ញុំចង់ចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង ដើម្បីឱ្យក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសរីកចម្រើន។ ខ្ញុំសង្កេតឃើញថា ទោះបីយើងជាប្រទេសតូចមែន ប៉ុន្តែសមត្ថភាពកូនខ្មែរយើងប្រៀបធៀបនឹងគេ យើងអាចរៀនទាន់គេ។ ​អ៊ីចឹងបើ ២០ទៅ៥០ឆ្នាំទៀត ខ្ញុំជឿថាប្រទេសយើងនឹងរីកចម្រើនដូចស្រុកគេ បើសិនយើងពង្រឹងលើផ្នែកអប់រំ»។ 

 
កញ្ញា​គឹមស៊ី ចាត់ទុកការអប់រំ ជាកិច្ចការអាទិភាពចម្បង។ ស្រ្តីឆ្នើមរូបនេះ បានលើកទឹកចិត្តដល់យុវជន ពិសេសស្រ្តី ត្រូវកុំងាយបាក់ទឹកចិត្ត ខិតខំពង្រីកចំណេះដឹងលើការសិក្សា ដើម្បីចូលរួមជួយសង្គម៕ 
 

Tag:
 អប់រំ
  ស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com