អន្តរជាតិ
អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ទៅសិង្ហបុរីនិងវៀតណាមក្នុងខែសីហា
31, Jul 2021 , 7:59 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ។ រូបថត Xinhua
អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ។ រូបថត Xinhua
សេតវិមានបានប្រកាសនៅថ្ងៃទី៣០ ខែកក្កដាថា អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស នឹងធ្វើដំណើរទៅកាន់សិង្ហុបុរី និងវៀតណាមក្នុងខែសីហា។ ការពង្រឹងទំនាក់ទំនងជាមួយដៃគូដ៏សំខាន់ទាំងពីរក្នុងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក និងវិបត្តិជំងឺកូវីដ-១៩ ជារបៀបសំខាន់នៃដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍របស់លោកស្រី ហារីស ។
 
អាស៊ីអាគ្នេយ៍ ក្លាយជាគោលដៅទស្សនកិច្ចរបស់មន្រ្តីអាមេរិកជាបន្តបន្ទាប់។ នៅខែសីហា អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស​ នឹងធ្វើទស្សនកិច្ចសិង្ហបុរី និងវៀតណាម ដែលជាដំណើរមកកាន់អាស៊ីអាគ្នេយ៍លើកដំបូង។ នេះបើតាមសេចក្ដីប្រកាសរបស់សេតវិមាននៅថ្ងៃទី៣០ ខែកក្កដា តែមិនបញ្ជាក់កាលបរិច្ឆេទជាក់លាក់ឡើយ។  
 
សេចក្ដីប្រកាសសដដែលបន្តថា ដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស បង្ហាញពីគោលនយោបាយរបស់រដ្ឋបាលអាមេរិកក្នុងការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តជុំវិញពិភពលោក និងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក។ បញ្ហាវិបត្តិកូវីដ-១៩ ក៏នឹងត្រូវលើកឡើងក្នុងជំនួបជាមួយមេដឹកនាំប្រទេសទាំង២ អំឡុងពេលដំណើរទស្សនកិច្ចនេះ។ សេតវិមានហៅសិង្ហបុរី និងវៀតណាមជាដៃគូសំខាន់នៅឥណ្ឌូប៉ាស៊ីហ្វិក។
 
លោកស្រី ហារីស អនុប្រធានាធិបតីស្រ្តីដំបូងគេរបស់អាមេរិក នឹងទៅសិង្ហបុរីតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី លី សៀនឡុង ។ បើតាមលេខាធិការព័ត៌មានរបស់ខ្លួន លោក លី រំពឹងជជែកជាមួយលោកស្រី ហារីស ពីការធ្វើឱ្យរឹងមាំទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមសាកលនានា។
 
នៅវៀតណាម លោកស្រី ហារីស នឹងក្លាយជាអនុប្រធានាធិបតីអាមេរិកទី១ ជាន់ដីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ មិនសូវពីនៅសិង្ហបុរីឡើយ អនុប្រធានាធិបតីអាមេរិក នឹងជជែកពីបញ្ហានានាក្នុងទំនាក់ទំនងទ្វេភាគី សន្តិសុខតំបន់ ជំងឺកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុជាដើម។ ប្រធានបទចិន និងសមុទ្រចិនខាងត្បូង ក៏ទំនងជាបញ្ហាសំខាន់ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស នៅហាណូយផងដែរ។
 
ក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក ឡយ អូស្ទីន ក៏ទើបបញ្ចប់ទស្សនកិច្ចនៅសិង្ហបុរី វៀតណាម និងហ្វីលីពីនរួចដែរ៕ 

Tag:
 អាមេរិក
  កាម៉ាឡា ហារីស
© រក្សាសិទ្ធិដោយ thmeythmey.com